ភ្នំពេញ ៖ យុវជនម្នាក់ជិះម៉ូតូម៉ាកហុងដាធូដេ មកឈប់ក្បែរចិញ្ចើមផ្លូវ រួចកេះដែកកេះដុតម៉ូតូ និងខ្លួនឯង បណ្តាលឲ្យឆាបឆេះសន្ធោសន្ធៅ តែត្រូវបានអ្នកឃើញហេតុការណ៍ ជួយពន្លត់និងដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗ។


ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង ១ និង៤៥នាទីរសៀល ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ នៅម្ដុំគល់ស្ពានកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
យុវជនរងគ្រោះឈ្មោះភឿក ទូច អាយុ២៥ឆ្នាំ រស់នៅភូមិកុមារមាស ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។


ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជនរូបនេះបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាធូដេ ពណ៌ត្រួយចេក ស្លាកលេខ 1AB-7712 មកអង្គុយសំកុក ក្រោមដើមគគីរ១ដើមយ៉ាងយូរ រួចងើបទៅយកឯកសារដែលនៅក្នុងកាបូបស្ពាយរបស់ខ្លួនមកដុតបំផ្លាញចោលអស់ ទើបឈានទៅដុតខ្លួនឯង និងម៉ូតូ បន្តតាមក្រោយទៀត បង្កឲ្យមានការភ្ញាក់ផ្អើលប្រជាពលរដ្ឋវបោមរោមមើលកកកុញពេញលើស្ពានកោះពេជ្រ ដោយពួកគេបាននាំគ្នារត់ចុះទៅជួយពន្លត់ភ្លើង ខ្លះបានទាក់ទងទៅរថយន្តសារមុយដឹកយកទៅមន្ទីរពេទ្យសង្គ្រោះជីវិតភ្លាមៗ។


ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកយកម៉ូតូ និងសម្ភារៈផ្សេងៗរបស់ជនរងគ្រោះមករក្សាទុកនៅអធិការនគរបាលខណ្ឌចំការមន រង់ចាំក្រុមគ្រួសារយកឯកសារមកផ្ទៀងផ្ទាត់ នឹងប្រគល់ឲ្យទៅវិញ។


ចំពោះមូលហេតុបណ្ដាលឲ្យ យុវជនរងគ្រោះប៉ុនប៉ងធ្វើអត្តឃាតកណ្ដាលថ្ងៃបែបនេះ សមត្ថកិច្ចនៅមិនទាន់បញ្ជាក់បានទេ ព្រោះជនរងគ្រោះស្ថិតក្នុងការសង្គ្រោះបន្ទាន់នៅឡើយ ៕