ខេត្តកណ្តាល ៖ បុរសម្នាក់ ទើបចេញពីពន្ធនាគារត្រឡប់មកផ្ទះមានសេរីភាពមិនបានប៉ុន្មានថ្ងៃផង បែរជានៅមិនស្រណុក យកស្បែកជើងគប់លើរថយន្តអ្នកដំណើរលេងទុកជាការកម្សាន្ត ក៏ត្រូវកម្លាំងសមត្ថកិច្ច ចាប់ខ្លួននាំមកចាត់ការតាមផ្លូវច្បាប់ វេលាម៉ោង២០ និង១០នាទី ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ចំណុចភូមិស្តៅកន្លែង៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ។


ជនសង្ស័យមានឈ្មោះសៀង វិច្ឆ័យណា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ-ឃុំកើតហេតុ មុខរបរមិនពិតប្រាកដ (ធ្លាប់ជាប់ពន្ធនាគារម្តង)។


ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យកំពុងឈរទិញទឹកសុទ្ធនៅអែបចិញ្ចើមផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ២៦-២៧ភ្នំពេញ-អ្នកលឿង ក្នុងភូមិឃុំកើតហេតុ។ ពេលនោះមានរថយន្តធុនធំ ១គ្រឿង បើកបរទិសដៅភ្នំពេញ-អ្នកលឿង មកដល់ចំណុចកើតហេតុ។ ជនសង្ស័យបានយកស្បែងជើងគប់ទៅលើរថយន្តនោះរួចរត់គេចខ្លួនបាត់។

ប្រភពបន្តថា ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋល្អថា មានសកម្មភាពគប់រថយន្តនៅចំណុចកើតហេតុខាងលើ ភ្លាមនោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋបានចុះដល់ចំណុចកើតហេតុស្រាវជ្រាវយកព័ត៌មានកំណត់មុខសញ្ញា និងឃាត់ខ្លួនជនសង្ស័យខាងលើ យកមកសួរនាំនៅប៉ុស្តិ៍ ។

នៅចំពោះមុខសមត្តកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានយកស្បែកជើងគប់ទៅលើរថយន្តប្រាកដមែន ដោយមូលហេតុខឹងនឹងរថយន្តធំៗតែងតែបង្កគ្រោះថ្នាក់ចរាចរណ៍ ហើយជនសង្ស័យក៏បានសារភាពទៀតថា កន្លងមក ខ្លួនធ្លាប់បានប្រើប្រាស់គ្រឿងញៀននិងធ្លាប់ជាប់ពន្ធនាគារម្តងពីបទធ្វើឲ្យខូចខាតដោយចេតនា។
ជនសង្ស័យរួមនិងវត្ថុតាងបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បី ចាត់ការតាមនីតិវិធី៕