ពិតជា​ដំណឹង​ល្អ​នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ​តែ​ម្តង ៖ សារ​ព៏​ត៌​មាន​ធំ​ៗ​លើ​សកលលោក​បាន​ចុះ​ផ្សាយ​ព្រម​គ្នា កាលពី​ថ្ងៃ​ពុធ​នេះ​អោយ​ដឹង​ថា ក្រុម​អ្នក​វិទ្យាសាស្ត្រ ទើបតែ​បង្ហាញ​ពី​របកគំហើញ​ដ៏​សំខាន់​មួយ ក្នុង​ការ​ស្វែងរក​ភព ដែល​អាច​រស់នៅ​បាន ក្រៅពី​ភព​ផែនដី​របស់​យើង ។

ក្រុម​តារាវិទូ បាន​រក​ឃើញ​ចំហាយ​ទឹក​នៅ​ក្នុង​បរិយាកាស នៃ​ភព​មួយ​ឈ្មោះ​ថា K2-18b ដែល​អាច​មាន​កម្រិត​សីតុណ្ហភាព​ប្រហាក់ប្រហែល នឹង​ផែនដី ពោល​គឺ​អាច​ទ្រទ្រង់​ជីវិត​បាន ស្ថិត​នៅ​ក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ​របស់​យើង ។

ការ​រក​ឃើញ​នេះ តាម​រយៈ​ការ​ប្រើប្រាស់​កែវ​យឺត​អវកាស Hubble របស់​ទីភ្នាក់ងារ​អវកាស​អា​មេ​រិ​ក NASA ។

បណ្ឌិត Angelos Tsiaras ជា​អ្នកដឹកនាំ​ការ​ស្រាវជ្រាវ និង​ជា​អ្នក​ស្រាវជ្រាវ ផ្នែក​ផ្នែក​រូបវិទ្យា និង​តារាសាស្ត្រ នៃ​មហាវិទ្យាល័យ​ទីក្រុង​ឡុ​ង​ដ៍ បាន​សង្កត់ធ្ងន់​ថា អ្វី​ដែល​ជា​ការ​រក​ឃើញ​ដ៏​ធំ​មួយ​នេះ គឺ​ក្នុង​កំឡុង​ពេលធ្វើការ​ស្រាវជ្រាវ កាលពី​ឆ្នាំ​២០១៥ ។

លោក Tsiaras បាន​មាន​ប្រសាសន៍​ថា “​នេះ​គឺជា​ភព​តែ​មួយ ដែល​យើង​ដឹង វា​នៅ​ក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ ដែល​មាន​សីតុណ្ហភាព ត្រឹមត្រូវ​ក្នុង​ការ​ទ្រទ្រង់​ជីវិត​” ។ វា​មាន​បរិយាកាស ហើយ​មានទឹក​នៅ​ក្នុង​នោះ ធ្វើ​ឱ្យ​វា​ក្លាយជា​ភព​ផែនដី​ថ្មី​ដ៏​ល្អ​បំផុត​សម្រាប់​មនុស្ស​នា​ពេល​បច្ចុប្បន្ន​នេះ​” ។

ភព K2-18b ដែល​ត្រូវ​បាន​គេ​កំណត់​ដោយ​ឈ្មោះ​ថា ភព​អេ​លៀន វា​មាន​ទំហំ​ធំ​ជាង​ផែនដី និង​ម៉ាស​របស់​វា​ធំ​ជាង​ផែនដី​ដល់​ទៅ​៨​ដង ។ ហើយ​គន្លង​គោ​ចរណ៍​វិញ គឺ​ស្ថិត​នៅ​ក្នុង​តំបន់ Habitable Zone នៃ​ផ្កាយ​របស់​វា គឺ​មិន​ឆ្ងាយ​ពេក​និង​មិន​កៀក​ពេក​ឡើយ ។ ដោយសារ​តែ​វា ស្ថិត​នៅ​ក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ ទើប​វា​វិល​ជុំវិញ​ក្នុង​តំបន់​នៃ​ផ្កាយ​ក្រហម​ដែល​មាន​ទំហំ​តិច​ជាង​ពាក់កណ្តាល​នៃ​ព្រះអាទិត្យ ។ ភព K2-18b វា​ស្ថិត​នៅ​ចម្ងាយ​១១០​ឆ្នាំ​ពន្លឺ ពី​ភព​ផែនដី​យើង ។ រីឯ​ផ្កាយ​ក្រហម ស្ថិត​នៅ​ក្នុង​ក្រុម​តារានិករ​ឡេ​អូ ។

K2-18b វា​គឺជា​ប្រភេទ​ភព​ស្ថិត​នៅ​ក្នុង​ចំណោម​ភព​អេ​លៀន Super Earth ជាង ៤,០០០ ទៀត ដែល​អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ គឺ​ពពួក​ភព​ស្រ​ដៀង​ផែនដី មក​ទល់​សព្វ​ថ្ងៃនេះ ។

ភព K2-18b គឺជា​ភព​ដំបូង​គេ ដែល​មាន​ផ្ទៃ​ជា​លក្ខណៈ​ថ្ម​រឹង ហើយ​មាន​បរិយាកាស​ដែល​ផ្ទុក​ទឹក ដោយ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​ប្រើប្រាស់​ទិន្នន័យ​បណ្ណសារ ដែល​ទទួល​បាន​ដោយ​តេ​ឡេ​ស្កុប អវកាស Hubble ដើម្បី​សង្កេត​មើល​ការ​ឆ្លងកាត់​របស់​វា រវាង​ផ្កាយ​ក្រហម និង​ផែនដី ។ នៅ​ពេល​ដែល​ភព​ផែនដី ធ្វើ​ដំណើរ​នៅ​ពីមុខ​ផ្កាយ បរិយាកាស​របស់​វា​បន្សល់​ទុក​ស្នាម​នៅ​លើ​ពន្លឺ​ផ្កាយ ។ ដំណើរ​ឆ្លងកាត់​នេះ បាន​អនុញ្ញាត​ឲ្យ ក្រុម​តារាវិទូ ប្រើ​បច្ចេកទេស​មួយ​ហៅ​ថា ការ​បញ្ជូន​អេកូ​ស័​រ ដើម្បី​វិភាគ​ស្នាម​នោះ ។ ដំណើរការ​នេះ​បង្ហាញ​ពី​របកគំហើញ នៃ​ម៉ូលេគុល​ចំហាយ​ទឹក ក៏​ដូច​ជា​វត្តមាន​អ៊ីដ្រូសែន និង​អេ​លី​យ៉ូ​ម ។

ថ្វីបើ ភព​អេ​លៀន អាច​មានទឹក​នៅ​ក្នុង​បរិយាកាស និង​សីតុណ្ហភាព​ប្រហាក់ប្រហែល​នឹង​ផែនដី ប៉ុន្តែ​មិន​មាន​ន័យ​ថា​មនុស្ស​គួរតែ​ចាប់ផ្តើម​ឆ្ពោះទៅ​កាន់​ភព​អេ​លៀន​នោះ​ទេ ។ អ្នក​វិទ្យាសាស្ត្រ​នៅ​តែ​ត្រូវការ​ស្រាវជ្រាវ​បន្ថែម
ដើម្បី​បញ្ជាក់​អំពី K2-18b អោយ​បាន​ច្បាស់ មុន​ពេល​មនុស្សជាតិ​ចាប់ផ្តើម​ចូល​ទៅ ។

ឧទាហរណ៍ ការ​វាស់​ទឹក នៅ​ក្នុង​បរិយាកាស នៃ​ភព​ផែនដី លម្អៀង​គ្នា​ពី​០.០១​ភាគរយ ទៅ​៥០​ភាគរយ មាន​ន័យ​ថា វា​អាច​សើម ឬ​ស្ងួត ទៅ​តាម​បរិយាកាស​នៃ​ភព​នោះ ។ លើស​ពី​នេះ​ទៀត ដោយសារ​ម៉ាស់​របស់​វា ខ្ពស់​ជាង​ផែនដី ដល់​ទៅ​៨​ដងនោះ អាច​ធ្វើ​អោយ​មនុស្ស​ពិបាក​ដើរ​លើ​ភព​អេ​លៀនជាង​ផែនដី ព្រោះ​វា​នឹង​ធ្វើ​អោយ​មាន​ទំនាញផែនដី​កាន់តែ​ខ្លាំង រួម​ផ្សំ​ភព​អេ​លៀន​នោះ វា​ធ្វើ​ដំណើរ​គោ​ចរណ៍​ទៅ​កាន់តែ​កៀក​នឹង​ផ្កាយ​ក្រហម​របស់​វា​ទៀត មាន​ន័យ​ថា កាំរស្មី​យូ​វី ខ្ពស់​ជាង​មុន ៕