ស្រាវជ្រាវដោយ ឈឹម សេរីភួន ៖ 

អ្វីដែលសំខាន់ជាងគេនោះ គឺលោកធីបូដូ (Thibaudeau) ទេសាភិបាលជាន់ខ្ពស់ប្រចាំនៅកម្ពុជា បានសរសេរលិខិតស្នើសុំទៅលោកអគ្គទេសាភិបាលប្រចាំឥណ្ឌូចិន ហ្សង់ ដឺគូ (Jean Decoux) ឲ្យដកបេក្ខភាពទ្រង់មុនីរ៉េត ចេញ ហើយដាក់បេក្ខភាពយុវព្រះអង្គម្ចាស់នរោត្តម សីហនុ ឲ្យឡើងគ្រងរាជ្យបន្តពីព្រះបរមសពមុនីវង្ស វិញ។ 

លោកអគ្គទេសាភិបាលប្រចាំឥណ្ឌូចិន ហ្សង់ ដឺគូ (Jean Decoux)

ទាក់ទងដល់ការជ្រើសរើសយុវព្រះអង្គម្ចាស់ សីហនុ ឲ្យឡើងគ្រងរាជ្យនោះដែរ ក៏ដោយសារសហការីភាគច្រើនរបស់ឧត្តមនាវី ហ្សង់ ដឺគូ ភាគច្រើនជាមិត្តភក្តិរបស់ទ្រង់សុរាម្រឹត ជាបិតា ដូចជាលោកទេសាភិបាល ហូលហ្វែល (Hoeffel) ព្រមទាំងលោកសាស្រ្តាចារ្យវ៉ាស្នឺ(Vasner ) ស៊ីសេរ៉ុង ( Ceiceron ) និងដេម៉ូស្ទីន (Demostine) ជាដើម សុទ្ធតែជាមិត្តភក្តិជិតស្និទ្ធបំផុតរបស់ទ្រង់សុរាម្រឹត ផងដែរ។

ចំណែកម្ចាស់ក្សត្រីកុសុមៈ នារីរ័ត្ន និងព្រះអង្គម្ចាស់សុរាម្រឹត ជាមាតាបិតា មានព្រះទ័យត្រេកអររកអ្វីប្រៀបផ្ទឹមពុំបានឡើយ ក្រោយពេលទទួលដំណឹងថា ក្រុមប្រឹក្សារាជបល្ល័ង្កបានជ្រើសតាំងបុត្រាព្រះអង្គឲ្យឡើងសោយរាជ្យ។ ប៉ុន្តែ យុវព្រះអង្គម្ចាស់ សីហនុ បានបដិសេធ ដោយមានបន្ទូលទៅកាន់ព្រះមាតាបិតាទាំងបង្ហូរទឹកនេត្រាថា មិនគួរណាឲ្យព្រះអង្គទទួលបន្ទុកដ៏សែនធ្ងន់ធ្ងរបែបនេះទាល់តែសោះ ព្រោះព្រះអង្គនៅក្មេងខ្ចីណាស់។

សម្ដេចព្រះសីហនុ និងព្រះមេតា បិតា

ឮបែបនេះម្ចាស់ក្សត្រីកុសុមៈ នារីរ័ត្ន ជាមាតាប្រែព្រះភ័ក្រ្តស្រពោន ហើយបង្ហូរទឹកនេត្រា អង្វរបុត្រាថា ឈប់ព្រះកន្សែងបែបនេះទៀតទៅ ព្រោះនឹងនាំឲ្យកើតអពមង្គលដល់ក្រុមគ្រួសារដល់សន្តិវង្ស និងប្រទេសជាតិ និងបានលូងលោមឲ្យបុត្រាយល់ព្រមឡើងគ្រងរាជ្យតាមការចង់បានរបស់បារាំង បើពុំនោះទេ បារាំងអាចនឹងចាត់ទុកថា នេះជាការប្រមាថមើលងាយយ៉ាងធ្ងន់ធ្ងរចំពោះពូកគេមិនខាន ហើយថា បុត្រាក៏ដឹងហើយដែរថា រាជ្យវង្សទាំងឡាយណា ដែលប្រឆាំងនឹងបារាំង តើវានឹងមានអ្វីកើតឡើង?

ដោយការអង្វរលួងលោមដ៏ទន់ភ្លន់ និងដើម្បីកុំឲ្យព្រះមាតាបង្ហូរទឹកនេត្រា ពិបាកព្រះទ័យតទៅទៀត យុវព្រះអង្គម្ចាស់ សីហនុ ក៏ទទួលយល់ព្រមឡើងសោយរាជ្យទាំងសោះកក្រោះ។ គ្រាន់តែឮថាបុត្រាទទួលយល់ព្រមឡើងសោយរាជ្យភ្លាម ព្រះអង្គម្ចាស់សុរាម្រឹត ជាព្រះបិតា ក៏ស្ទុះចេញមកឱបរឹតបុត្រាដោយព្រះទ័យរំភើបត្រេកអរក្រៃលែង។ ចំណែកព្រះអង្គម្ចាស់នរោត្តម សុធារស ជាព្រះអយ្យិកោ វិញ ទ្រង់រំភើបរហូតផ្ទុះព្រះឱង្កាខ្លាំងៗថា ពេលនេះ ទោះបីទ្រង់់ត្រូវសោយទិវង្គត់ ក៏ទ្រង់សព្វព្រះទ័យដែរ ព្រោះសែ នរោត្តម ទទួលបានជ័យជម្នះលើភាពយុត្តិធម៌ដែលមានជាយូរមកហើយ។

ព្រះមហាក្សត្រ នរោត្តម សីហនុ កាលទើបឡើងសោយរាជ្យ

ក្រោយពីក្រុមប្រឹក្សារាជបល្ល័ង្កជ្រើសតាំងឲ្យឡើងសោយរាជ្យ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ១៨៤១ ព្រះមហាក្សត្រ នរោត្តម សីហនុ ត្រូវយាងចាកចេញពីដំណាក់ប្រចាំគ្រួសារដែលនៅក្បែរវិមានឯករាជ្យ (ដំណាក់នេះ សព្វថ្ងៃ ជាស្ថានទូតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ) ហើយទៅគង់នៅក្នុងប្រាសាទខេមរិន្ទ ក្នុងព្រះបរមរាជវាំងវិញ និងចាប់ផ្តើមយាងជាព្រះរាជធិបតី ទាំងក្នុងផ្លូវសាសនា និងក្រៅសាសនា ព្រមទាំងនៅក្នុងព្រះរាជពិធីបុណ្យឧទ្ទិសកុសល ដល់ព្រះវិញ្ញាណក្ខន្ធព្រះបរមសពមុនីវង្ស ជាព្រះអយ្យិកោ ផងដែរ។

ពេលឡើងគ្រងរាជ្យដំបូងនោះព្រះអង្គត្រូវរៀបចំព្រះកាយឲ្យបានសមរម្យតាមអាសនានុក្រម (លំដាប់ទីតាំងដែលត្រូវគង់) និងព្យាយាមផ្លាស់ប្តូរឥរិយាបថគ្រប់បែបយ៉ាង ឲ្យបានស័ក្តិសមជាព្រះមហាក្សត្រ។ ទន្ទឹមនឹងនេះ ព្រះអង្គត្រូវកែប្រែរបៀបរបបព្រះមហាក្សត្រពីមុនមកខ្លះៗ ដើម្បីចៀសវាងការសៅហ្មងនៅក្នុងជួរព្រះញាតិវង្ស ដោយព្រះអង្គមិនអនុញ្ញាតឲ្យព្រះអយ្យិកោ ព្រះអយ្យិកោ ព្រះមាតាព្រះបិតា ព្រះមាតុច្ឆា ពិសេសព្រះបិតុលា(ឪពុកមា) មុនីរ៉េត ដែលជារាជទាយាទខកចិត្តនោះ ក្រាបថ្វាយបង្គំព្រះអង្គឡើយ។ តែទោះជាបីជាមិនបានឡើងគ្រងរាជ្យដូចការគ្រោងទុកក៏ដោយ ក៏ទ្រង់មុនីរ៉េត នៅតែរក្សាព្រះភ័ក្រ្តរីករាយស្រស់ស្រាយធម្មតា ដោយទ្រង់តែងតែឱនព្រះកាយគោរពរាជវង្សានុវង្សទាំងអស់ដូចមុនៗដដែល។

ព្រះមហាក្សត្រ នរោត្តម សីហនុ ពេលឡើងសោយរាជ្យ

ចំពោះបងប្អូនជីដូនមួយផ្សេងទៀត ដូចជាទ្រង់នរោត្តម កន្តុល និងទ្រង់នរោត្តម ចន្ទរង្សី ពេលទ្រង់ទាំង២អង្គនេះសម្តែងការគោរពចំពោះព្រះអង្គម្តងៗ ព្រះអង្គតែងសម្តែងការគោរពទៅទ្រង់ទាំង២អង្គនោះវិញភ្លាម ដោយមិនគិតថា ព្រះអង្គជាព្រះមហាក្សត្រនោះឡើយ។ ប៉ុន្តែសម្រាប់រាជវង្សានុវង្សណាជាប្អូនជីដូនមួយដែលមានព្រះជន្មក្មេងជាងព្រះអង្គច្រើនវស្សា ព្រមទាំងបុត្រាបុត្រី និងស្នំទាំងអស់របស់ព្រះបរមសពមុនីវង្ស ដែលនាំគ្នាចូលមកថ្វាយបង្គំព្រះអង្គគ្រប់ៗគ្នានោះ ទើបព្រះអង្គឲ្យពួកគេក្រាបថ្វាយបង្គំធម្មតា ហើយពួកគេក៏យល់ថា នេះជាប្រពៃណីធម្មតាចំពោះការគោរពព្រះមហាក្សត្រដែរ៕