រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែកញ្ញា​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ សម្រេច​ផ្អាក​ចរាចរណ៍​លើ​ស្ពានដែក​បា​ឡេ​ឫស្សី​កែវ ជា​បណ្តោះអាសន្ន ដោយសារ​សា​ឡង់​ដឹក​ប្រេង​ក្រុមហ៊ុន សា​វី​មិច របស់​លោក​ជំទាវ ជឹ​ង សុភាព ហៅ​យាយ​ភូ បុក​កាលពី​រសៀល​ថ្ងៃ​ម្សិលមិញ ។

បើ​យោង​តាម​សេចក្តីរាយការណ៍​ពី​អ្នក​សារព័ត៌​មានបាន​ឲ្យ​ដឹង​ថា សា​ឡង់​ដឹក​ប្រេង​របស់​ក្រុមហ៊ុន​សា​គី​មិច បាន​បើក​កៀរ នឹង​ស្ពាន កាលពី​វេលា​ម៉ោង​៣​និង​៥​នាទី​រសៀល​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៩ ម្សិលមិញ​នេះ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​មិត្តភាព សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ ត​ភ្ជាប់​មក ភូមិ​ដើម​គរ សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វារ ។

លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន រាជធានី​ភ្នំពេញ បាន​ប្រាប់​អ្នក​សារព័ត៌មាន​អោយ​ដឹង​ថា នៅ​ព្រឹក​នេះ អាជ្ញាធរ​បាន​សម្រេច​ផ្អាក​ចរាចរណ៍ ស្ពានដែក​បា​ឡេ ឫស្សី​កែវ ជា​បណ្តោះអាសន្ន​សិន ដោយសារ​តែ​មាន​សា​ឡង់​ដឹក​ប្រេង​បាន​បុក និង​កៀរ​ចំ​ជើង​ជ្រែង​ចុង​ខាងកើត​ស្ពាន បណ្តាល​អោយជើង​សសរស្ពាន​បា​ឡេ គឺ​ជើង​សសរ​ទី​៨ ដែល​រាប់​ពី​មក​ពី​ទិស​ខាងលិច ហើយ​បណ្តាល​ឱ្យ​រង​ការ​ខូចខាត ក្រពឹត បាក់​ជើងកាង​ផង​ដែរ ។

លោក សាំ ពិសិដ្ឋ បាន​បន្ថែម​ថា បច្ចុប្បន្ន មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ពាក់ព័ន្ធ​កំពុង​តែ​ពិនិត្យ​ទីតាំង​កើតហេតុ ដើម្បី​រក​ឲ្យ​ឃើញ​នូវ​ការ​ខូចខាត និង​ផល​ប៉ះពាល់ ហើយ​នៅ​ពេល​ពិនិត្យ​ចប់ អាជ្ញាធរ​នឹង​ចេញ​សេចក្តីជូនដំណឹង​ជា​ផ្លូវការ ជម្រាប​ដល់​សាធារណជន ជា​បន្ត ។

សូម​រំលឹក​ដែរ​ថា កាលពី​ជាង​១​ឆ្នាំ​មុន ស្ពាន​បា​ឡេ​ដដែល​នេះ ត្រូវ​បាន​សា​ឡង់​ដឹក​ប្រេង​មួយ បាន​បើក​កៀរ​ម្តង​មក ដោយ​បាន​ធ្វើការ​ដោះស្រាយ​ជា​សំណង​ប្រមាណ​ជាង​១០​ម៉ឺន​ដុល្លារ រហូត​មក​ដល់​ពេល​នេះ ត្រូវ​បាន​សា​ឡង់​ដឹក​ប្រេង​បាន​ប៉ះ​ម្តងទៀត ប៉ុន្តែ​គេ​មិន​ទាន់​ដឹង​ថា ដំណោះស្រាយ​យ៉ាងណា​នោះ​ទេ ៕