ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់បើករថយន្តBMW មួយគ្រឿង ជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿង មិនឈប់ដោះស្រាយ បែរជាព្យាយាមបើករត់ តែត្រូវសមត្ថកិច្ចជិះម៉ូតូដេញតាម ធ្វើឲ្យជនជាតិចិននោះភ័យស្លន់ស្លោ បើកទៅបុករថយន្តមួយម៉ាកRANGEROVERចតស្ងៀម ចំពីក្រោយពេញទំហឹង ឯសមត្ថកិច្ចជិះដេញមកក្រោយចាប់ហ្វ្រាំង ក៍ជ្រុលទៅបុករថយន្តបង្កនោះពីក្រោយ បណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់។


ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១ និង៥០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះ ស្ថិតនៅចំណុចមុខក្រសួងមហាផ្ទៃ តាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿង មិនចាំម៉ាក តាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីត្បូងទៅជើង ។ ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកBMWពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AK-9993ធ្វើដំណើរមកពីក្រោយជ្រុលចង្កូតទៅម៉ូតូបណ្តាលឲ្យដួល អ្នកបើកបររងរបួសស្រាល តែរថយន្តបង្កមិនឈប់ដោះស្រាយ បែរជាព្យាយាមបើករត់។ ភ្លាមៗនោះ កម្លាំងសម្ថកិច្ចកំពុងល្បាតប្រទះឃើញ ក៏បើកម៉ូតូប្រដេញរហូតមកដល់មុខក្រសួងមហាផ្ទៃ ស្រាប់តែរថយន្តបង្កជ្រុលទៅបុកគូទរថយន្តRANGE ROVER ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2M 9577 ដែលចតនៅលើចិញ្ចើមផ្លូវពេញទំហឹង។ ភ្លាមៗនោះកម្លាំងសមត្ថកិច្ចដែលប្រដេញពីក្រោយចាប់ហ្វ្រាំងមិនទាន់ក៏បុកគូទរថយន្តបង្កទៀតបណ្តាលឲ្យបាក់ជើងម្ខាង ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែកបុរសជនជាតិចិនម្នាក់បើករថយន្តBMW ត្រូវបានឃាត់ខ្លួន។


ចំណែករថយន្តបង្ក ត្រូវបានសមត្ថកិច្ចធ្វើការវាស់វែង រួចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់។ ដោយឡែកម្ចាស់ម៉ូតូដែលរងរបួសស្រាល ដោយសាររថយន្តBMWបុកនោះ បានលើកម៉ូតូជិះបន្តដំណើរទៅមុខទៀតបាត់៕