ខេត្តព្រះវិហារ៖ បុរសជនជាតិចិនម្នាក់ បានបើករថយន្តស៊េរីទំនើប១គ្រឿង បោះពួយយ៉ាងលឿន ខ្វះការប្រុងប្រយ័ត្នបានកៀរម៉ូតូ១គ្រឿងដួល បណ្តាលឲ្យយុវតី២នាក់រងរបួស ហើយរថយន្តបង្ក ជ្រុលទៅបុកជាមួយរថយន្ត១គ្រឿងទៀត យ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តទាំង២គ្រឿង រងការខូចខាតយ៉ាងដំណំ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅភូមិគូលេនត្បូង ឃុំគូលេនត្បូង ស្រុកគូលេន។


សមត្ថកិច្ច បានឲ្យដឹងថា រថយន្តម៉ាក Ford Ranger ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AI-៣៦៥១ បើកបរដោយឈ្មោះ វ៉ាង ហ្វុង ភេទប្រុស ជនជាតិចិន អាយុ៣១ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនរ៉ូយហ្វេង ។ មុនពេលកើតហេតុ រថយន្តខាងលើបានបើកបរ បោះពួយយ៉ាងលឿនតាមបណ្តោយផ្លូវខាងលើ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់កន្លែងកើតហេតុ ខ្វះការប្រុងប្រយ័ត្នបានកៀរម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពាក់ស្លាកលេខ ព្រះវិហារ ១C-០៣៥៧ បើកបរដោយឈ្មោះ រ៉ុន ស្រីពៅ ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិក្បាលខ្លា ឃុំត្បែងមួយ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ រងរបួសធ្ងន់ និងអ្នករួមដំណើរឈ្មោះ វ៉ន ស្រីធាត់ ភេទស្រី អាយុ១៦ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា រងរបួសស្រាល។


ប្រភពបន្តថា បន្ទាប់មក រថយន្តបង្កបានជ្រុលទៅបុក រថយន្ត១គ្រឿងទៀតម៉ាក Nisan navara ពាក់ស្លាកលេខ ភ្នំពេញ ២AA -១៨៣០ ដែលឈប់ចាក់សាំង បើកបរដោយឈ្មោះ ស៊ុត សំ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរជាអ្នកលក់ដូរ រស់នៅភូមិធ្នង់ ឃុំដារុន ស្រុកសូទ្រនិគម ខេត្តសៀមរាប បណ្តាលឲ្យរថយន្តទាំង២គ្រឿង រងការខូចខាតយ៉ាងដំណំដូចគ្នា។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ជួយចាត់ចែងបញ្ជូនក្មេងស្រីរងគ្រោះទៅមន្ទីរពេទ្យ ដើម្បីព្យាបាលរបួសសង្គ្រោះជីវិត។ បន្ទាប់មក ធ្វើការវាស់វែង និងកំណត់ហេតុ យកយានយន្តពាក់ព័ន្ធ និងអ្នកបើកបររថយន្តបង្ក មកកាន់អធិការដ្ឋាននគរបាលស្រុកគូលេន ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាតាមនិតិវិធីច្បាប់ ដែលភាគីបង្កប្រឈមនឹងប្រាក់សំណងមិនតិចឡើយ៕