ភ្នំពេញ៖ បេក្ខជនប្រឡងជាប់និទ្ទេស A ចំនួន ៤៤៣ នាក់ក្នុងឆ្នាំ២០១៩នេះ នឹងទទួលបានIPadម្នាក់មួយគ្រឿងពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានលើកឡើងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនៅថ្ងៃទី១១កញ្ញា”បញ្ជាអោយទិញ IPad សំរាប់ពួកសិស្សជាប់និទ្ទេស A ម្នាក់មួយ”។

សូមរំលឹកថា បេក្ខជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) មានចំនួន៧៩០៥២នាក់ ត្រូវជា៦៨.៦២ភាគរយ បើប្រៀបធៀបឆ្នាំ២០១៨ មានការកើនឡើង ។ ក្នុងនោះបេក្ខជនជាប់និទ្ទេស A មានចំនួន ៤៤៣ នាក់ ។ បេក្ខជនប្រឡងឆ្នាំ២០១៩មានចំនួន ១១៧ ០៤៣ នាក់ ស្រី ៦០៤២៧ នាក់ មាន ២០២មណ្ឌល ចែកជាថ្នាក់វិទ្យាសាស្ត្រមានបេក្ខជនចំនួន៤៤៦៩០នាក់ មាន៧៥មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គមមានបេក្ខជនចំនួន ៧២៣៥៣នាក់ មាន ១២៧ មណ្ឌល។ បេក្ខជនអវត្តមាន ពេលប្រឡងមាន១៨១៨ នាក់ ស្រី ៦៩៦នាក់ ជាភាគរយ ១.៥៥% ។ ខណៈកាលពីឆ្នាំ២០១៨មានបេក្ខជនប្រឡងជាប់បាក់ឌុបមានចំនួន ៧៦,០៣៤នាក់ ត្រូវជា ៦៧.០៧ភាគរយ នៃបេក្ខជនចូលរួមប្រឡងសរុប ១១៧,០៦១នាក់។ បេក្ខជនជាប់និទ្ទេស A មានចំនួន ៤០៨នាក់។ និទ្ទេស B ចំនួន ២,២២២នាក់ និទ្ទេស C ចំនួន ៦,០៤១នាក់ និទ្ទេស D ចំនួន ១៥,១៨០នាក់ និងនិទ្ទេស E ចំនួន ៥,២១៨៣នាក់៕