ភ្នំពេញ៖ក្រោយរកឃើញថា ម្ចាស់អចលនទ្រព្យ មួយចំនួន គេចវេសមិនព្រមបង់ពន្ធផងដែរ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានព្រមានចំពោះម្ចាស់អចលទ្រព្យជួល (ផ្ទះនិងដី) ដែលគេចវេសមិនព្រមបំពេញកាតព្វកិច្ចសារពើពន្ធឲ្យបានត្រឹមត្រូវតាមច្បាប់នឹងត្រូវទទូលរងនូវទោសទណ្ឌដែលមានចែងក្នុងច្បាប់ស្ដីពីពន្ធដារ និងវិធានការនានាតាមច្បាប់ជាធរមាន។
យោងតាមសេចក្ដីប្រកាសជូនដំណឹងស្ដីអំពីការប្រមូលពន្ធឈ្នូលផ្ទះនិងដី របស់រដ្ឋបាលខេត្តព្រះសីហនុ ចុះនៅថ្ងៃទី៣ ខែកញ្ញា ឲ្យដឹងថា “មកដល់ពេលនេះ មានម្ចាស់អចលទ្រព្យមួយចំនួន បានស្ម័គ្រចិត្តចូលរួម បំពេញកាតព្វកិច្ចសារពើពន្ធបានត្រឹមត្រូវតាមច្បាប់កំណត់ ប៉ុន្តែក៏នៅមានម្ចាស់អចលទ្រព្យមួយចំនួន បានគេចវេសមិនព្រមបំពេញ កាតព្វកិច្ចឲ្យបានត្រឹមត្រូវតាមច្បាប់កំណត់នៅឡើយ”។


រដ្ឋបាលខេត្តក៏បានព្រមាន ចំពោះម្ចាស់អចលទ្រព្យជួល (ផ្ទះនិងដី) ដែលគេចវេសមិនព្រមបំពេញកាតព្វកិច្ចសារពើពន្ធឲ្យបានត្រឹមត្រូវតាមច្បាប់នឹងត្រូវទទូលរងនូវទោសទណ្ឌដែលមានចែងក្នុងច្បាប់ស្ដីពីពន្ធដារ និងវិធានការនានាតាមច្បាប់ជាធរមាន។
យោងតាមច្បាប់ស្ដីអំពីហិរញ្ញវត្ថុសម្រាប់ឆ្នាំ១៩៩៨ ដែលបានប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ ០២ នស ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ១៩៩៣ និងប្រកាសលេខ ០២១ ប្រក.សហវ ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ១៩៩៤ ស្ដីពីការគ្រប់គ្រងប្រមូលពន្ធលើឈ្នូលផ្ទះ និងដី បានតម្រូវឲ្យ ប្រជាពលរដ្ឋដែលជាម្ចាស់កម្មសិទ្ធិ ត្រូវបង់ពន្ធអាករលើការជួលអចលនទ្រព្យ (ផ្ទះនិងដី) តាមច្បាប់និងបទប្បញ្ញត្តិរបស់ពន្ធដារ៕