ខេត្តកណ្តាល៖ ជំនួយការមេធាវីម្នាក់ បានទិញរថយន្តបង់រំលស់មិនរួចផង ហើយខណៈដែលចតរថយន្តទុកនៅមុខផ្ទះ ស្រាប់តែមានល្បងចោរមកធ្វើសកម្មភាពលួច រួចបើករត់គេចខ្លួនបាត់ដោយសុវត្ថិភាព។ ករណីចោរកម្មលួចរថយន្តនេះ បានកើតឡើង កាលពីវេលាម៉ោង១ និង១៣នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចមុខផ្ទះជនរងគ្រោះជាប់ផ្លូវលេខ២១ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។
ជនរងគ្រោះមានឈ្មោះសុខ វីរៈ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ ជំនួយការមេធាវី មានទីលំនៅភូមិសង្កាត់កើតហេតុ។ ជាម្ចាស់រថយន្ត១គ្រឿងម៉ាកToyota Prus ពណ៌ក្រហម ស៊េរី២០០៧ ស្លាកលេខ ភ្នំពេញ ២BA-៧៨៩៦ (ជនសង្ស័យលួចយកទៅ) ចំណែក ជននសង្ស័យ
មិនស្គាល់អត្តសញ្ញាណ ភេទប្រុស មានចំនួន៤នាក់ ជិះម៉ូតូ២គ្រឿងមិនស្គាល់ម៉ាក (គេចខ្លួន)។


ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះចតរថយន្តទុកនៅមុខផ្ទះ ជាប់នឹងផ្លូវជាតិលេខ២១ តែមុខផ្ទះគ្មានរបងការពារឡើយ ជាង២ខែមកហើយ និងមិនបានភ្ជាប់ប្រព័ន្ធGPS នោះឡើយ។ លុះមកដល់វេលាម៉ោង១១យប់ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ ជនរងគ្រោះបានទុករថយន្តរបស់ខ្លួននៅខាងមុខផ្ទះដូចសព្វដង ហើយចូលសម្រានបាត់ទៅ ។ រហូតដល់វេលាម៉ោង៦ព្រឹក ទើបជនរងគ្រោះភ្ញាក់ដឹងខ្លួនឡើង បានដឹងថាបាត់រថយន្ត ហើយរាយការណ៍ជូនសមត្ថកិច្ចឲ្យចុះមកពិនិត្យដល់កន្លែងកើតហេតុតែម្តង។
ប្រភពបន្តថា តាមរយៈឆែកកាមេរ៉ាសុវត្ថិភាពតាមដងផ្លូវ ឃើញមានជនសង្ស័យ៤នាក់ជិះម៉ូតូ២គ្រឿងមិនស្គាល់ម៉ាក បានទម្លាក់គ្នាវាម្នាក់ឲ្យដើរចុះដើរឡើងកាត់មុខផ្ទះជនរងគ្រោះ ហើយធ្វើសកម្មភាពលួចរថយន្តយកទៅបាត់ ។


សូមបញ្ជាក់ថា តាមរយៈក្រដាសទិញ-លក់រថយន្ត ជនរងគ្រោះបានទិញរថយន្តខាងលើ ក្នុងតម្លៃ១៣ ៧០០ដុល្លារ ប៉ុន្តែជនរងគ្រោះបានបង់មុនត្រឹមតែ៦ ៧០០ដុល្លារប៉ុណ្ណោះ នៅសល់ប៉ុន្មានត្រូវបង់រំលស់ ក្នុង១ខែ ចំនួន១ ០៧០ដុល្លារ តែដឹងអី! មិនទាន់នឹងរួចផង ស្រាប់តែមានជនសង្ស័យមកលួចរថយន្តជនរងគ្រោះបាត់តែម្តង។
តែយ៉ាងណា ពេលនេះកម្លាំងសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវយ៉ាងដុតដៃដុតជើង តាមចាប់ឃាត់ខ្លួនជនសង្ស័យនាំមកផ្តន្ទាទោសតាមផ្លូវច្បាប់៕