ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ ក្រោយចេញពីពិធីខួបកំណើតមិត្តភក្តិ បានបើករថយន្តទាំងអាការស្រវឹងជោកជាំ បោះពួយយ៉ាងលឿន ហើយរេចង្កូតពេញផ្លូវ លុះប្រជាពលរដ្ឋខ្លាចបើកបុកគេ ក៏ឃាត់សួរនាំ ស្រាប់តែនារីរូបនោះ បានខឹងច្រឡោត រហូតកើតមានអំពើហិង្សាវាយគេ គ្មានខ្លាចញញើតអ្នកណាឡើយ។
ករណីហិង្សានេះ បានកើតឡើង កាលពីវេលាម៉ោង៧ និង០៧នាទីយប់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅភូមិ៤ តាមបណ្តោយផ្លូវបេតុងលេខ៣៤៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ។


ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញនារីវ័យម្នាក់ បានបើករថយន្ត១គ្រឿងម៉ាកព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2O-9104 ទាំងសភាពស្រវឹងស្រាជោកជាំ ហើយរេចង្កូតពេញផ្លូវមិនខ្លាចបុកអ្នកណា ទើបប្រជាពលរដ្ឋនៅទីនោះ ហៅឃាត់សួរនាំ កុំឲ្យបើករថយន្តលឿនពេក ស្រាប់តែនារីរូបនោះខឹងច្រឡោតជេរប្រមាថ និងប្រើអំពើហិង្សាដាក់ប្រជាពលរដ្ឋថែមទៀត។ ពេលកំពុងប្រតាយប្រតប់គ្នានោះ នារីខាងលើ បានអះអាងថា ខ្លួនជាកូនមេធាវីម្នាក់ ដោយមិនខ្លាចញញើតច្បាប់ទេ ថែមទាំងគំរាមប្តឹងពលរដ្ឋដាក់គុកទៀតផង។


ប្រភពបន្តថា លុះមួយសម្ទុះក្រោយមក គេឃើញបុរសជាឪពុករបស់នារីរូបនោះ បានមកដល់កន្លែងកើតហេតុ ហើយបានត្អូញត្អែរថា កូនស្រីគាត់ម្នាក់នេះ មានចរិតរឹងរូសខ្លាំងណាស់ បើទោះជារូបគាត់ជាឪពុក មិនឲ្យយករថយន្តជិះយ៉ាងណា ក៏នាងមិនស្តាប់ដែរ។ បុរសជាឪពុក សុំទទួលកំហុសដែលកូនបានប្រព្រឹត្តអំពើឆ្គាំឆ្គង និងធ្វើការសម្របសម្រួលសងប្រាក់ជំងឺចិត្តដល់ជនរងគ្រោះជាប្រាក់ចំនួន៣០០ដុល្លារ ដើម្បីបញ្ចប់រឿង ហើយក៏នាំកូនស្រី ត្រឡប់ទៅផ្ទះវិញ៕