ភ្នំពេញ៖ បុរសម្នាក់ ក្រោយពីដឹងថាលទ្ធផលកូនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ឆ្នាំនេះ បានធ្វើដំណើរមកទិញម៉ូតូដ៏សន្លាង១គ្រឿង ពីហាងលក់ម៉ូតូយកទៅឲ្យកូនជិះបានសមរម្យនឹងគេ ជាការលើកទឹកចិត្តកូន ខណៈដែលខ្លួនឯងជាឪពុកជិះម៉ូតូកញ្ចាស។


យោងតាមគណនីហ្វេសប៊ុកផេក Honda Sok Kea Page បានបង្ហោះកាលពីរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ថា «នេះជាទឹកចិត្តឪពុក គាត់ខំស្កាត់មកទិញម៉ូតូ ដើម្បី Surprise កូនរបស់គាត់ដែលប្រលងជាប់បាក់ឌុប ។ អរគុណធំធេង នេះហើយទឹកចិត្តឪពុក សុខចិត្តប្រើរបស់ចាស់ មិនហ៊ានប្រើរបស់ថ្មីទេ តែដើម្បីលើកទឹកចិត្តកូន ។


សូមបញ្ជាក់ថា លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង១៩ សីហា ឆ្នាំ២០១៩ បានប្រកាសទូទាំងរាជធានី-ខេត្ត នៅថ្ងៃនេះ។ មានបេក្ខជនប្រឡងជាប់ចំនួន ៧៩,០៥២នាក់ ស្មើនឹង៦៨.៦២ភាគរយ ក្នុងនោះសិស្សជាប់និទ្ទេស A ចំនួន ៤៤៣នាក់, ជាប់និទ្ទេស B ចំនួន២៤៣០នាក់, ជាប់និទ្ទេស C ចំនួន៥៨៤៧នាក់, ជាប់និទ្ទេស D ចំនួន ១៤១០០នាក់ និងនិទ្ទេស E ចំនួន៥៦២៣២នាក់៕