ស្រាវជ្រាវដោយ ឈឹម សេរីភួន ៖ ពេលនោះដែរ កាសែតនគរវត្ត របស់លោកសឺង ង៉ុកថាញ់ ស៊ឹមវ៉ា និងប៉ាច ឈឺន ជាក្រុមជាតិនិយម ប្រឆាំងនឹងបារាំង បានចុះផ្សាយដោយចេតនាលើទំព័រកាសែតនគរវត្ដ ថា រាជបល្ល័ង្ករបស់ប្រទេសកម្ពុជា មិនត្រូវស្ថិតនៅជាកម្មសិទ្ធិផ្ដាច់មុខរបស់រាជវង្សសែស៊ីសុវត្ថិ ដែលបារាំងងាយស្រួលដឹកមុខតទៅទៀតទេ គឺត្រូវត្រឡប់មកខាងសែនរោត្ដម វិញ។

សម្តេចសីហនុ កាលនៅវ័យកុមារ


ការពិតទៅ អ្វីដែលថាល្បី សែស៊ីសុវិត្ថ បារាំងងាយស្រួលដឹកមុខជាងសែននរោត្តម នោះ វាមិនមែនជាការបំភ្លើសឡើយ ព្រោះសែនរោត្តម មិនសូវក្រែងរអែងក្នុងការទិតៀននយោបាយផ្ដាច់ការរបស់បារាំងនៅឥណ្ឌូចិនឡើយ។ប៉ុន្តែ បើទោះបីជាពុំមានការទាមទារ និងគាំទ្រពីសំណាក់ក្រុមជាតិនិយមសឹង ង៉ុកថាញ់ ស៊ឹម វ៉ា ប៉ាច ឈឺន ក៏ដោយ ក៏ពួកបារាំងមើលឃើញយុវព្រះអង្គម្ចាស់សីហនុ តាំងពីមុនព្រះអាយ្យិកោព្រះបាទមុនីវង្ស សោយទិវង្គតទៅទៀត ព្រោះព្រះអង្គម្ចាស់នរោត្តម សុធារស ជាព្រះអយ្យិកោ និងអ្នកម្នាងផះង៉ាង៉ាម ជាព្រះអយ្យិកា ដូចជាព្រះបិតានរោត្ដម សុរាម្រិត និងព្រះមាតាស៊ីសុវត្ថិ កុសុមៈ នារីរ័ត្ន ដែរ គឺសុទ្ធតែជាមិត្តភក្តិដ៏ល្អរបស់បារាំង ។

សម្តេចសីហនុ កាលនៅយុវវ័យ

ពិសេសនៅពេលយុវព្រះអង្គម្ចាស់សីហនុ ទៅសិក្សានៅវិទ្យាល័យសាស្សឺលូ ឡូបា នៅទីក្រុងព្រៃនគរនោះ ភរិយារបស់អគ្គទេសាភិបាលបារាំង ប្រចាំឥណ្ឌូចិនទាំងមូលដែលស្នាក់នៅនិវេសនដ្ឋាន ក្នុងទីក្រុងព្រៃនគរនោះ មានការចាប់អារម្មណ៍ និងស្រលាញ់រាប់អានយុវព្រះអង្គម្ចាស់សីហនុ យ៉ាងខ្លាំង និងបានណែនាំឱ្យលោកអគ្គទេសាភិបាលជាស្វាមី ឲ្យស្គាល់ព្រះអង្គទៀតផង ហើយធ្លាប់យាងព្រះអង្គទៅសោយព្រះស្ងោយនៅគេហដ្ឋានរបស់អគ្គទេសាភិបាលនោះ មួយពេលទៀតផង ។

ព្រះអង្គម្ចាស់ស៊ីសុវត្ថិ មុនីរ៉េត

ជាមួយគ្នានោះ យុវព្រះអង្គម្ចាស់សីហនុ ក៏បានទទួលការអប់រំដ៏ល្អពីបារាំងដែរ។ ប៉ុន្តែមានអ្នកខ្លះគិតថា មូលហេតុ ដែលបារាំងឲ្យព្រះអង្គឡើងសោយរាជ្យទាំងព្រះជន្មវ័យក្មេងនោះ គឺដើម្បីងាយស្រួលក្នុងការឲ្យព្រះអង្គ ធ្វើអ្វីៗតាមបង្គាប់បញ្ជារបស់បារាំង តែប៉ុណ្ណោះ។
ការពិតនៅរាជទាយាទ ដែលត្រូវឡើងសោយរាជ្យបន្ត គឺព្រះអង្គម្ចាស់ស៊ីសុវត្ថិ មុនីរ៉េត ដែលជាព្រះរាជបុត្រាច្បងរបស់ព្រះបរមសព មុនីវង្ស ឯណោះទេ។ ប៉ុន្តែ ក៍ដោយសារទ្រង់មុនីរ៉េត ចូលចិត្តប្រើពាក្យសម្ដីស្រែកគំហកតាមចរិកជាមេទ័ពសុទ្ធសាធ ជាហេតុធ្វើឲ្យឥស្សរជនបារាំងជាច្រើនមិនពេញចិត្ត ហើយរាយការណ៍ទៅថ្នាក់លើរបស់ពួកគេថា ទ្រង់មុនីរ៉េត ជាស្តេចមិនងាយស្តាប់បង្គាប់បារាំងឡើយ។

ព្រះអង្គម្ចាស់ស៊ីសុវត្ថិ មុនីរ៉េត


ព្រះអង្គម្ចាស់ស៊ីសុវត្ថិ មុនីរ៉េត ប្រសូតនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ១៩០៩ ក្នុងរាជធានីភ្នំពេញ។ ទ្រង់បានទៅសិក្សានៅវិទ្យាស្ថាន ម៉ុងតាញ អាវ៉ង់ នៅប្រទេសបារាំង មុនពេលចូលរៀនសាលាយោធា សាំងស៊ា ។ ឆ្នាំ១៩៣៤ ទ្រង់បានបង្កើតអង្គការកាយរិទ្ធិមួយ ឈ្មោះថា អង្គការខេមរៈកាយរិទ្ធិជាលើកដំបូង នៅក្នុងខេត្តមួយចំនួន ដែលមានសមាជិកប្រមាណ ១០០នាក់។
ចាប់ពីឆ្នាំ១៩៣៤ ដល់១៩៣៧ ទ្រង់កាន់តំណែងជាលេខាធិការរបស់ព្រះមហាក្សត្រស៊ីសុវត្ថិ មុនីវង្ស ជាព្រះបិតា ហើយចាប់ពីឆ្នាំ១៩៣៧ ដល់ឆ្នាំ១៩៣៩ ទ្រង់បានចូលរួមក្នុងកិច្ចការសង្គម សុខាភិបាល និងកីឡា ។ នៅថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ១៩៣៩ ពេលសង្រ្គាមលោកលើកទី២ផ្ទុះឡើង ទ្រង់បានចូលទៅបម្រើទៅក្នុងជួរកងទ័ពបារាំង ម្តងទៀត ដោយមានឋានន្តរស័ក្តិជាអនុសេនីយ៍ ទោ(ស័ក្តិ២) និងបានចេញទៅជួយធ្វើសង្រ្គាមបារាំង ដើម្បីប្រយុទ្ធជាមួយកងទ័ពណាហ្ស៊ីអាល្លឺម៉ង់ ដែលឈ្លានពានប្រទេសបារាំង បានមួយរយៈខ្លីដែរ។

ព្រះអង្គម្ចាស់នរោត្តម សុធារស ជាព្រះអយ្យិកោ និងអ្នកម្នាងផះង៉ាង៉ាម ជាព្រះអយ្យិកា


ទ្រង់មុនីរ៉េត ក៏មិនខុសគ្នាពីយុវព្រះមហាក្សត្រព្រះសីហនុ ដែរ គឺសុទ្ធតែជាប់សែស៊ីសុវត្ថិ និងនរោត្តម ពាក់កណ្តាលដូចគ្នា ដូច្នេះហើយទើបធ្វើឲ្យមានភាពច្របូកច្របល់ ជួនកាលជិតស្និទ្ធ និងគាំទ្របារាំង ជួនកាលទិតៀនបារាំង គ្មានសំចៃ។ តែការពិត ទាំងសែនរោត្តម ទាំងសែស៊ីសុវត្ថិ ពុំមានគំនិតស្អប់ខ្ពើមបារាំងទាំងស្រុងឡើយ គឺគ្រាន់តែមិនពេញចិត្តនឹងបារាំង លើចំណុចមួយចំនួនប៉ុណ្ណោះ។

ព្រះបិតានរោត្ដម សុរាម្រិត និងព្រះមាតាស៊ីសុវត្ថិ កុសុមៈ នារីរ័ត្ន


នៅក្រុងភ្នំពេញ ក៏ដូចជានៅក្រុងហាណូយ និងនៅក្រុងព្រៃនគរដែរ ក្នុងចំណោមមន្ត្រីនៅជុំវិញ លោកឧត្តមនាវីហ្សង់ ដឺគូ (Jean Decoux) អគ្គទេសាភិបាលបារាំង ប្រចាំឥណ្ឌូចិន ពួកគេបានយកចិត្តទុកដាក់មកលើព្រះអង្គម្ចាស់ សុរាម្រិត និងម្ចាស់ក្សត្រីយ៍ស៊ីសុវត្ថិ កុសុមៈ នារីរ័ត្ន ជាងរាជវង្សផ្សេងៗទៀត។ ចំណែកលោក ឡេអុង អែមម៉ានុយអែល ធីបូដូ (Leon Emmanuel thibaudeau) ទេសាភិបាលជាន់ខ្ពស់បារាំង (Resident Superieur) ប្រចាំប្រទេសកម្ពុជា ជាមនុស្សសម្តីគំរោះគំរើយ តែចិត្តល្អនោះ គឺជាអ្នកប្រឆាំងដាច់ខាតចំពោះ បេក្ខភាពឡើងគ្រងរាជ្យសម្បត្តិរបស់ទ្រង់ស៊ីសុវត្ថិ មុនីរ៉េត ដោយចាត់ទ្រង់ជាមនុស្ស មានៈ រឹងរួស និងធ្លាប់រិះគន់ក្រុមប្រឹក្សារដ្ឋមន្ត្រីថា គ្មានបានការអ្វី ចាំតែឆ្លើយ “បាទ” ជាមួយបារាំង ប៉ុណ្ណោះ។

លោកឧត្តមនាវីហ្សង់ ដឺគូ (Jean Decoux) អគ្គទេសាភិបាលបារាំង ប្រចាំឥណ្ឌូចិន

ម៉្យាងទៀត លោកធីបូដូ (Thibaudeau) មិនពេញចិត្តចំពោះមហេសីរបស់ទ្រង់មុនីរ៉េត គឺអ្នកម្នាងវ៉ាន់ណេ មុនីរ៉េត ដែលត្រូវជាចៅរបស់ឧកញ៉ាចៅហ្វាវាំង ជួន ដែលបានធ្វើព្យុះធ្វើភ្លៀងនៅក្នុងព្រះបរមរាជវាំង អស់៣រជ្ជកាលព្រះមហាក្សត្រមកហើយ គឺរជ្ជកាលព្រះនរោត្តម , រជ្ជកាលព្រះស៊ីសុវត្ថិ និងរជ្ជកាលព្រះមុនីវង្ស ហើយលោកទេសាភិបាលជាន់ខ្ពស់ ធីបូដូ មានគម្រោងជាស្រេចហើយថា ថ្ងៃណាមួយលោកនឹងដាក់ឲ្យឧកញ៉ាចៅហ្វាវាំងជួន ចូលនិវត្តន៍ ព្រោះគាត់ជាមនុស្ស ពុករលួយ និងមានមុខពីរ គឹក្បត់ ព្រះមហាក្សត្រខ្លួនឯងផង និងក្បត់បារាំងផង៕