ព្រៃវែង៖ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា  ឆ្នាំ២០១៩ រដ្ឋបាលខេត្តព្រៃវែង កិច្ចប្រជុំបូកសរុបការវាយតម្លៃលទ្ធផលការងារអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការរយៈពេល ១ឆ្នាំ រវាងរដ្ឋបាលខេត្តព្រៃវែង នៃព្រះរាជាណាចក្រកម្ពុជា និងគណៈកម្មាធិការប្រជាជនខេត្តតៃនិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលមានការអញ្ជើញចូលរួម ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង ព្រមជាមួយថ្នាក់ដឹកនាំ បណ្តា មន្ទីរអង្គភាពជំនាញពាក់ព័ន្ធ ឯកឧត្តម ផាម វ៉ាន់តិន ប្រធានគណៈកម្មាធិការប្រជាជនខេត្តតៃនិញ ព្រមជាមួយថ្នាក់ដឹកនាំបណ្តាមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ។

ឯកឧត្តម ជា សុមេធី អភិបាលខេត្តក៏បានលើកឡើងនូវលទ្ធផលនៃកិច្ចសហប្រតិបត្តិការរយៈពេល ១ ឆ្នាំរវាងរដ្ឋបាលខេត្តព្រៃវែងនិងគណៈកម្មាធិការប្រជាជនខេត្តតៃនិញ ដោយលើកឡើងថា នៅក្នុងឆ្នាំ ២០១៧ រដ្ឋបាលវៀតណាមបានឯកភាពដំឡើងកម្រិតច្រកទ្វារតំបន់ព្រំដែន តឹងណាម- ម៉ឺនជ័យ ឡើងជាច្រកទ្វារព្រំដែនអន្តរជាតិ។  ក្នុងក្របខណ្ឌទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យជាមួយនឹងពាក្យស្លោក ភូមិផងល្អប្រសើរ មិត្តភាពជាប្រពៃណីកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រឹងមាំយូរអង្វែង។  នឹងភាគីទាំងពីរក៏បានចាប់អនុវត្ត យ៉ាងសកម្មនូវខ្លឹមសារកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យជាច្រើនមាន វិស័យពាណិជ្ជកម្ម និងការវិនិយោគ ដោយភាគីទាំងពីរបានសហការយ៉ាងសកម្មបង្កលក្ខណៈងាយស្រួលដល់បណ្តាសហគ្រាស អាជីវករ ពាណិជ្ជករ សហគ្រាសផលិតកម្ម ការដឹកជញ្ជូន ការដោះដូរផលិតផល ពាណិជ្ជកម្មឆ្លងព្រំដែនរវាងខេត្តទាំងពីរ។  ភាគីទាំងពីរបានខិតខំយកចិត្តទុកដាក់សហការរៀបចំដំឡើងកម្រិតច្រកទ្វារតំបន់ព្រំដែនម៉ឺនជ័យ តឹងណាម ឡើងជាច្រកទ្វារព្រំដែនអន្តរជាតិ ដើម្បីចូលរួមបង្កើតការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរវាងខេត្តទាំងពីរខេត្តព្រៃវែង និងខេត្តតៃនិញ។ 

ក្នុងឆ្នាំ ២០១៨ ភាគីទាំងពីរ បានបង្កើតកិច្ចសហប្រតិបត្តិការលើវិស័យ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈការផ្លាស់ប្ដូរបទពិសោធន៍ បច្ចេកទេស ចំណេះដឹងថ្មីៗ ដើម្បីអភិវឌ្ឍវិស័យ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រៅពីនេះកម្លាំងសមត្ថកិច្ចដែលជាប់ពាក់ព័ន្ធរបស់ភាគីទាំងពីរបានអនុវត្តយ៉ាងម៉ឺងម៉ាត់ការពារសត្វព្រៃ រក្សាការពារព្រៃឈើ ធនធានធម្មជាតិ  ផ្លាស់ប្ដូរព័ត៌មានអំពីស្ថានភាពជំងឺឆ្លងបណ្ដាលមកពីសត្វនិងរុក្ខជាតិ ហើយបានសហការបង្ការ ប្រយុទ្ធប្រឆាំងរាល់ជំងឺឆ្លងលើដំណាំ និងសត្វចិញ្ចឹមផ្សេងៗ។

កងកម្លាំងសមត្ថកិច្ចភាគីទាំងពីរ មានចំណងទំនាក់ទំនងស្អិតរមួតជាមួយគ្នា តែងតែណែនាំដល់បណ្ដាអង្គភាពក្រោមឱវាទជាប្រចាំឲ្យបង្កើនការផ្លាស់ប្ដូរព័ត៌មានស្ថានភាពសកម្មភាពរាល់បទល្មើសគ្រប់ប្រភេទសហការរៀបចំការល្បាតព្រំដែន ម្ចាស់ការទប់ស្កាត់ទាន់ពេលវេលា និងដោះស្រាយយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាព នូវរាល់ករណីដែលកើតមានឡើងនៅលើខ្សែបន្ទាត់ព្រំដែនដោយឈរលើស្មារតីសាមគ្គីភាពមិត្តភាព និងកិច្ចសហប្រតិបត្តិការមិនទុកឱ្យកើតនៅមានរាល់សកម្មភាពឃោសនាបង្កចលាចលដែលនាំឲ្យអស្ថិរភាពសន្តិសុខសណ្ដាប់ធ្នាប់លើតំបន់ព្រំដែនរវាងខេត្តព្រៃវែងកម្ពុជា និងខេត្តតែនិញវៀតណាម។

នៅក្នុងដែលភាគីទាំងពីរឯកភាពដាក់ចេញនូវទិសដៅសហប្រតិបត្តិការ ដូចខាងក្រោម

– ភាគីទាំងពីរបន្តអនុវត្តឱ្យមានប្រសិទ្ធភាព និងទទួលខុសត្រូវខ្ពស់រាល់ខ្លឹមសារដែលបានចែងនៅក្នុងកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋបាលខេត្តព្រៃវែង និងគណៈកម្មាធិការប្រជាជនខេត្តតៃនិញ។  ទន្ទឹមនឹងនោះបន្តសហការយ៉ាងសកម្ម និងជាប្រចាំផ្លាស់ប្ដូរព័ត៌មានរវាងភាគីទាំងពីរ អំពីខ្លឹមសារកិច្ចព្រមព្រៀងសហប្រតិបត្តិការ ដើម្បីកែសម្រួលបំពេញបន្ថែមរាល់ខ្លឹមសារដែលមិនទាន់សមស្របទៅតាមស្ថានភាពជាក់ស្ដែងនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

– ភាគីទាំងពីរបន្តយកចិត្តទុកដាក់ ណែនាំដល់បណ្តាជំនាញពាក់ព័ន្ធ អាជ្ញាធរបណ្តាស្រុកជាប់ព្រំដែនចាប់អនុវត្តខ្លឹមសារកិច្ចព្រមព្រៀងសហប្រតិបត្តិការឲ្យបានស៊ីជម្រៅ  កាន់តែមានប្រសិទ្ធភាពក្នុងរយៈពេលខាងមុខ ក្នុងនោះជាពិសេសយកចិត្តទុកដាក់ ជំរុញកិច្ចព្រមព្រៀងសហប្រតិបត្តិការបណ្ដាជំនាញវិស័យដែលភាគីទាំងពីរ មិនទាន់បានអនុវត្តទាំងស្រុងដូចជាកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វប្បធម៌ កីឡា  ទេសចរណ៍ គមនាគមន៍ ដឹកជញ្ជូន ការពារបរិស្ថាន សុខាភិបាល និងអប់រំ។

– ភាគីទាំងពីរបន្តសហការម៉ឺងម៉ាត់ដោះស្រាយទាន់ពេលវេលារាប់បទល្មើសសន្តិសុខសណ្ដាប់ធ្នាប់ បង្ការប្រឆាំងបទល្មើសតាមតំបន់ព្រំដែន និងការពារបង្គោលសីមាដែល និងខ្សែបន្ទាត់ព្រំដែន។

– ភាគីទាំងពីរបន្តការយកចិត្តទុកដាក់ជំរុញពន្លឿនការសាងសង់អគារត្រួតពិនិត្យតាមច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ តឹងណាម ដើម្បីបង្កលក្ខណៈងាយស្រួលដល់កម្លាំងសមត្ថកិច្ចបំពេញភារកិច្ច  និងសហគ្រាសខេត្តទាំងពីរឆ្លងទៅឆ្លងមកវិនិយោគ ផលិតកម្ម ដោះដូរពាណិជ្ជកម្ម ទំនិញ  សំដៅជំរុញការអភិវឌ្ឍពាណិជ្ជកម្មតំបន់ព្រំដែនរបស់ខេត្តទាំងពីរ៕