ភ្នំពេញ៖ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា លទ្ធផលនៃការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) មិនមែនជាការកំណត់វាសនារបស់បេក្ខជននោះទេ ពោលគ្រាន់តែជាការវាស់ស្ទង់សមត្ថភាពតែប៉ុណ្ណោះ។

យោងតាមសារលិខិតផ្ញើទៅកាន់អ្នកពាក់ព័ន្ធ និងអាណាព្យាបាលសិស្ស នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩នេះ លោក ហង់ជួន ណារ៉ុន បានបញ្ជាក់យ៉ាងដូច្នេះថា” លទ្ធផលនៃការប្រឡង ពុំមែនជាការកំណត់វាសនារបស់បេក្ខជនទេ ប៉ុន្តែគឺជាការវាស់ស្ទង់សមត្ថភាព និងជំរុញឲ្យមានការខំប្រឹងប្រែងបន្តទៅមុខទៀត”។

លោករដ្ឋមន្ដ្រីបានអះអាងទៀតថា លទ្ធផលនៃការប្រឡងនេះ ឆ្លុះបញ្ចាំងនូវសារៈសំខាន់អ្នកចេះ គឺជាប់ និងការប្រឡងបានប្រព្រឹត្តទៅដោយយុត្តិធម៌ តម្លាភាព គោលការណ៍ច្បាប់ និងលទ្ធផលទទួលយកបាន។

គូជម្រាបជូនថា ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង១៩ សីហា ឆ្នាំ២០១៩ មានបេក្ខជនប្រឡងជាប់ចំនួន ៧៩,០៥២នាក់ ស្មើនឹង៦៨.៦២ភាគរយ ក្នុងនោះសិស្សជាប់និទ្ទេស A ចំនួន ៤៤៣នាក់, ជាប់និទ្ទេស B ចំនួន២៤៣០នាក់, ជាប់និទ្ទេស C ចំនួន៥៨៤៧នាក់, ជាប់និទ្ទេស D ចំនួន ១៤១០០នាក់ និងនិទ្ទេស E ចំនួន៥៦២៣២នាក់៕

សូមបងប្អូនទាំងអស់មើលវីដេអូដូចខាងក្រោម៖