ភ្នំពេញ៖ សម្ដេចតេជោហ៊ុនសែនប្រមុខរាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ បានចេញសារាចរណែនាំមួយបញ្ជាទៅដល់ក្រសួង ស្ថាប័នពាក់ព័ន្ធនិងអាជ្ញាធរដែនដី ទាំងអស់ ត្រូវបន្តបង្កើនស្មារតីប្រុងប្រយ័ត្ន និងមានវិធានការចាំបាច់នានា ត្រៀមលក្ខណៈទប់ទល់នឹងគ្រោះទឹកជំនន់ ដែលអាចនឹងកើនឡើងជាថ្មី ក្នុងពេលដ៏ខ្លីខាងមុខ។

ការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលបែបនេះបន្ទាប់ពី ក្រសួងធនធានទឹក និងឧតុនិយម បានធ្វើការព្យាករណ៍ លើស្ថានភាពអាកាសធាតុ ដោយបានបង្ហាញឲ្យឃើញ
ថា ចាប់ពីថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០១៨តទៅ នឹងមានប្រព័ន្ធសម្ពាធទាប (ITCZ) ថ្មីមួយកើតឡើង ហើយប្រព័ន្ធសម្ពាធទាបនេះ នឹងរំកិលខ្លួនចុះមកក្រោម (ចន្លោះស្ទឹងត្រែង-ប៉ាក់ សេ)។ប្រព័ន្ធសម្ពាធទាបថ្មីនេះនឹងបង្កឲ្យមានភ្លៀងធ្លាក់ពីបង្គួរ ទៅច្រើន ជំរុញឲ្យទឹកទន្លេមេគង្គហក់ឡើងជាថ្មី ដែលធ្វើឲ្យជំនន់ឆ្នាំ ២០១៩ នេះ ចាត់ទុកចំណាត់ថ្នាក់ជាជំនន់ធំ។

សូមបញ្ជាក់ថា ក្នុងរយៈពេលជិតមួយសប្តាហ៍កន្លងមកហើយ ដែលជំនន់ទន្លេមេគង្គ បានបង្កឲ្យមានការលិចលង់យ៉ាងធ្ងន់ធ្ងរ នៅបណ្តាខេត្តស្ថិតនៅតាមដងទន្លេមេគង្គផ្នែកខាងលើ ។បើទោះបីជាទឹកបានចាប់ផ្តើមស្រកចុះ ប៉ុន្តែការស្រកចុះនេះមានសភាពយឺត ជាក់ស្ដែងខេត្តស្ទឹងត្រែង ដែលចាប់តាំងពីពេលស្រកចុះនៅយប់ថ្ងៃទី ៦ មកដល់ព្រឹកថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០១៩មានរយៈពេល ៤ ថ្ងៃកន្លះ ស្មើនឹង ១០៨ ម៉ោង ទឹកស្រកចុះបានត្រឹមតែ ០,៦០ ម៉ែត្រ ប៉ុណ្ណោះ ។

ការស្រកចុះយឺតនេះ គឺដោយសារបរិមាណទឹក ដែលកើតឡើងដោយសារជំនន់នាពេលកន្លងមកមានបរិមាណទឹកដ៏ច្រើនលើសលប់ ទន្ទឹមនឹងភ្លៀងនៅបន្តធ្លាក់ពីតិចទៅបង្គួរ ក្នុងតំបន់ផ្ទៃរងទឹកភ្លៀងរបស់ទន្លេមេគង្គបន្ថែមទៀត ៕