ខេត្តកណ្តាល ៖ សា​ឡង់​ដឹក​ខ្សាច់​១​គ្រឿង ចំណុះ​ប្រមាណ​ ៨០០​តោន បាន​បុក​គាប​ជាប់​នឹង​សសរស្ពាន​ព្រែក​តា​មា​ក់ នៅ​ទន្លេមេគង្គ ក្នុង​ខេត្តកណ្តាល រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​១០ កញ្ញា ២០១៩​នេះ ការ​ទាញ​យកសា​ឡង់​ដឹក​ខ្សាច់​ចេញពី​ជើង​ស្ពាន​ព្រែក​តា​មា​ក់ ដោយ​ប្រើ​វិធី​ការ​បូម​ខ្សាច់​ចេញ​ជា​មុន​សិន ទើប​ធ្វើការ​ទាញ​សា​ឡង់​ជា​ក្រោយ ។

ប្រតិបត្តិការ​នេះ​ដោយ​ប្រើ​នាវា​សណ្តោង​៣​គ្រឿង ក្នុង​នោះ​នាវា​កំពង់​ផែ​ស្វយ័ត​ភ្នំពេញ ចំនួន​២​គ្រឿង និង​នាវា​ក្រុមហ៊ុន Sovereign ចំនួន​មួយ​គ្រឿង រួម​ជាមួយ​នាវា​បូម​ខ្សាច់ មួយ​គ្រឿង​ទៀត ដើម្បី​សម្រាល​បន្ទុករបស់​សា​ឡង់​ ប៉ុន្តែ​ដោយសារ​សា​ឡង់​ដឹក​ខ្សាច់​នោះ មាន​ទម្ងន់​ធ្ងន់​ពេក រួម​ជាមួយនឹង​កម្លាំង​ទឹក​ហូរ​គួ​ច​ខ្លាំង​ផង ទើប​មិន​អាច​ទាញ​ចេញពី​សសរស្ពាន​បាន​ភ្លាម​ៗ​ឡើយ ។

ឧប្បត្តិ​ហេតុនេះបាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​០៨ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិសាស្ត្រ ស្រុក​មុខកំពូល ខេត្តកណ្តាល ស្ពាន​ព្រែក​តា​មា​ក់ ។ ស្ពាន​នេះ ​ជា​ជំនួយ​របស់​ចិន ចំណាយ​ថវិកា​ប្រមាណ​៤៣,៥​លាន​ដុល្លារ​សហរដ្ឋអាមេរិក ត្រូវ​បាន​ដាក់​អោយ​ប្រើប្រាស់​នៅ​ឆ្នាំ​២០១០ ។ ស្ពាន​ព្រែក​តា​មា​ក់ ឆ្លងកាត់​ទន្លេមេគង្គ នៅ​ស្រុក​បី គឺ​ស្រុក​ពញាឮ ស្រុក​មុខកំពូល និង​ស្រុក​ខ្សាច់កណ្តាល ។

ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ប្រកាស​ថា សា​ឡង់​ដឹក​ខ្សាច់​មួយ​គ្រឿង​នេះ បើកបរ​ដោយ​ឈ្មោះ ភា រម្យ ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ រួម​ដំណើរ​ដោយ​ប្រពន្ធ និង​កូន ធ្វើ​ដំណើរ​តាម​បណ្តោយ​ខ្សែទឹក​ពី​ត្បូង​ទៅ​ជើង បាន​បើក​បុក​សសរស្ពាន​ទី​៨ នៃ​ស្ពាន​ព្រែក​តា​មា​ក់ ទើរ​ជាប់​នឹង​សរសេរ (​ស្ថិត​នៅ​ចន្លោះ​សសរស្ពាន​សម្រាប់​ធ្វើ​នាវាចរណ៍​) ដោយសារ​បើក​គេច​ពី​នាវា​ទេសចរណ៍​មួយ​គ្រឿង​ទៀត មាន​ផ្ទុក​មនុស្ស​ច្រើន បើកប​ញ្ជ្រា​សទិស​គ្នា​ពី​ត្បូង​ទៅ​ជើង ហើយ​ត្រូវ​បាន​ជួយ​សង្គ្រោះ ដោយ​ទូក​នេសាទ​របស់​បងប្អូន​ខ្មែរឥស្លាម ។

សា​ឡង់​ដឹក​ខ្សាច់​នោះ ពាក់​ផ្លា​ក​លេខ ភព​៦. ៨២៦៣ សំបក​ដែក ម៉ាស៊ីន​ម៉ាក Mitsubishi មាន​បណ្តោយ ប្រវែង ៤៣.៣០​ម៉ែត្រ ទទឹង​៨.០៥ ម៉ែត្រ ជម្រៅ​ផ្ទុក​ខ្សាច់​ពេញ ២.៥០​ម៉ែត្រ តាម​ការ​ប៉ាន់ស្មាន​មាន​ទម្ងន់ សរុប​ប្រហែល ៨០០​តោន ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន ង៉ូ​វ ចាន់​ណា បាន​ចុះបញ្ជី​ការ នៅ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​នៅ ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១០​។