ភ្នំពេញ៖ បុរសជាអ្នកដឹកអីវ៉ាន់លក់តាមអនឡាញម្នាក់ ត្រូវជនមិនស្គាល់មុខចិត្តខ្មៅដេញចាក់ប្រហារជាច្រើនកាំបិត បណ្តាលឲ្យស្លាប់ចោលប្រពន្ធកូនយ៉ាងអាណោចអាធ័ម ។ ករណីឃាតកម្មដ៏សាហាវនេះ បានកើតឡើង និងបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩ និង៣០នាទី ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។


បុរសរងគ្រោះដែលត្រូវឃាតករចាក់សម្លាប់មានឈ្មោះ ជីន សុភា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ ជាអ្នកដឹកអីវ៉ាន់តាមអនឡាញ ស្នាក់នៅផ្ទះជួល ក្នុងភូមិត្រពាំងល្វា សង្កាត់អូបែកក្អម ខណ្ឌសែនសុខ និងមានស្រុកកំណើតនៅភូមិខ្សាច់ឆេះក្រោម ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ ជនរងគ្រោះជិះម៉ូតូ ហុងដាឌ្រីម សេ125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៧ ពាក់ស្លាកលេខ ភ្នំពេញ 1R-8743។


ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសរងគ្រោះ បានរត់ចេញពីកន្លែងសំណង់ផ្ទះល្វែងដែលគេទុកចោល ហើយបានស្រែកហៅឲ្យគេជួយផង!ៗថា មានគេប្លន់គាត់ រួចរត់មកដួលក្នុងថ្លុកទឹក។ ភ្លាមនោះ ប្រជាពលរដ្ឋ បានទូរស័ព្ទហៅរថយន្តសង្រ្គោះបន្ទាន់ ដើម្បីដឹកបញ្ជូនទៅសង្គ្រោះ តែដោយសារជនរងគ្រោះ ហូរឈាមច្រើនពេក ក៏ស្លាប់បាត់បង់ជីវិត យ៉ាងអាណោចអាធ័ម។


ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចធ្វើការទាក់ទងទៅសមត្ថកិច្ចជំនាញកោសល្យវិច័យ មកពិនិត្យសពជនរងគ្រោះរួចរាល់ ក៏ប្រគល់ជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី។
ពេលនេះ សមត្ថកិច្ចជំនាញកំពុងតែធ្វើការស្រាវជ្រាវ តាមចាប់ខ្លួនជនសង្ស័យជាឃាតករ នាំមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕