ភ្នំពេញ ៖ ជនសង្ស័យចំនួន៣នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ ធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង១៦ និង១០នាទី ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ នាំមកចាត់ការតាមច្បាប់ ពាក់ព័ន្ធនឹងបទល្មើសយកលុយក្រុមហ៊ុនជិត១០ម៉ឺនដុល្លារ។
ជនសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួន ទី១-ឈ្មោះ ហុង ឡៃហេង ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិបឹងសាឡាង សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ មុខរបរបុគ្គលិកផ្នែកលក់ក្រុមហ៊ុនឆ្នោតខ្មែរ ។ ទី២-ឈ្មោះ ជា ស៊ុនឡុង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ១៥០A ផ្លូវលំ សង្កាត់ ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ មុខរបរបុគ្គលិកផ្នែកលក់ក្រុមហ៊ុនឆ្នោតខ្មែរ និងទី៣-ឈ្មោះ អ៊ូ លឹមហេង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ មុខរបរបុគ្គលិកផ្នែកលក់ក្រុមហ៊ុនឆ្នោតខ្មែរ) ។

ចំណែក ដើមបណ្តឹង មានឈ្មោះ ឯម ចាន់ណារិទ្ធ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ១៩២១ ផ្លូវមុន្នីរ៉េត ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរប្រធានផ្នែកលក់ក្រុមហ៊ុនឆ្នោតខ្មែរ (តំណាងឲ្យនាយកក្រុមហ៊ុន) ។
សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យទាំង៣នាក់បានបន្លំយកលុយក្រុមហ៊ុនឆ្នោតខ្មែរចំនួន៨០ ៨១៣ដុល្លារ នៅចំណុចក្រុមហ៊ុនឆ្នោតខ្មែរស្ថិតនៅផ្លូវព្រះមុន្នីរ៉េត ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧។
បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕