ភ្នំពេញ ៖ បុរសម្នាក់ ខណៈកំពុងជិះម៉ូតូធ្វើដំណើរតាមផ្លូវមិនចាប់អារម្មណ៍រឿងគ្រោះថ្នាក់ ស្រាប់តែមានរថយន្ត១គ្រឿងមកពីក្រោយបានបុកយ៉ាងពេញទំហឹង បណ្តាលឲ្យដួលម៉ូតូបោកក្បាលជាមួយថ្នល់ស្លាប់មួយរំពេចយ៉ាងអាណោចអាធ័ម ។
ករណីគ្រោះថ្នាក់ចរាចរណ៍ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ ត្រង់ចំណុចមុខសាលាកសិកម្ម តាមបណ្តោយផ្លូវជាតិលេខ6A ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា ជនរងគ្រោះដែលត្រូវរថយន្តបុកស្លាប់ មានឈ្មោះអុល ចន្ថា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរបើករថយន្តដឹកឥដ្ឋ ស្នាក់នៅកន្លែងធ្វើការ មានស្រុកកំណើត ឃុំមេសព្រះច័ន្ទ ស្រុកពារាំង ខេត្តព្រៃវែង។


ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះ ជិះម៉ូតូហុងដាឌ្រីម ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CM-6505 ជិះតែម្នាក់ឯងតាមបណ្តោយផ្លូវជាតិលេខ6A ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ មិនចាប់អារម្មណ៍គ្រឿងគ្រោះថ្នាក់ ស្រាប់តែមានរថយន្ត១គ្រឿងមិនចាំម៉ាក បានបើកយ៉ាងលឿនមកបុកពីក្រោយពេញទំហឹង បណ្តាលឲ្យជនរងគ្រោះ បោកក្បាលជាមួយនឹងថ្នល់ស្លាប់មួយរំពេច យ៉ាងអាណោចអាធ័ម ។ ចំណែករថយន្តមិនឈប់ទទួលខុសត្រូវទេ ដោយបានបន្ថែមល្បឿន បើករត់បាត់ស្រមោល។


ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះធ្វើការវាស់វែង យកម៉ូតូទៅរក្សាទុកជាបណ្តោះអាសន្ន និងប្រគល់សពឲ្យទៅសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត។ ចំណែករថយន្តបង្ក សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមចាប់ទាំងអ្នកបើកបរមកធ្វើការដោះស្រាយជាមួយក្រុមគ្រួសារជនរងគ្រោះតាមផ្លូវច្បាប់នៅពេលក្រោយ៕