ខេត្តស្វាយរៀង ៖ នារីជាកម្មការិនីកាត់ដេរម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែង និងម្នាក់ទៀត រងរបួសស្រាល ខណៈដែលពួកនាងបើកម៉ូតូឌុបគ្នាទៅធ្វើការនៅក្រុងបាវិត តែខ្វះការប្រុងប្រយ័ត្ន បានទាក់ដៃចង្កូតគ្នាដួលខ្ទាតចូលកង់ក្រោយរថយន្ត បណ្តាលឲ្យរថយន្តកិនស្លាប់ និងរបួស។ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង៦ និង២៣នាទីព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ។

នារីរងគ្រោះដែលត្រូវរថយន្តកិនស្លាប់ឈ្មោះព្រុំ គីម ភេទស្រី អាយុ២៤ឆ្នាំ មុខរបរោងចក្រ រស់នៅភូមិ អង្គស្វាយ ឃុំប្រសូតិ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ អ្នករូមដំណើរឈ្មោះ សន សារឿន ភេទស្រី អាយុ១៩ឆ្នាំ មុខរបរកម្មការិនីរោងចក្រ រងរបួសស្រាល រស់នៅភូមិជាមួយគ្នា។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញនារីរងគ្រោះទាំង២នាក់ បើកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ កោះកុង 1A- 7720 ឌុបគ្នាធ្វើដំណើរតាមបណ្តោយផ្លូវខាងលើក្នុងពីទិសដៅពីលិចទៅកើត ដើម្បីទៅធ្វើការ។ លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែទាក់ដៃចង្កូតជាមួយរថយន្តប្រភេទទេសចរណ៍ ពណ៌ផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ 3A-8268 បើកបរដោយឈ្មោះ សូ គឹមណាន ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិ អណ្តូងតាសី សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង បណ្តាលឲ្យដួលម៉ូតូខ្ទាតមនុស្សចូលក្រោមរថយន្តកិនបែកក្បាលស្លាប់តែម្តង។


ក្រោយកើតហេតុ រថយន្តបើករត់គេចខ្លួនយកមកលាក់ទុកនៅតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន តែត្រូវសមត្ថកិច្ចចាប់យកមកធ្វើការដោះស្រាយតាមផ្លូវច្បាប់។ ចំណែក សពនារីរងគ្រោះត្រូវបានសមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ទាំងក្តីសោកសៅ៕