ភ្នំពេញ៖ កាលពីយប់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ កម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិចុះបង្ក្រាបទីតាំងល្បែងស៊ីសងតាមអនឡាញ ខុសច្បាប់មួយកន្លែង ឃាត់ខ្លួនបានជនជាតិចិន ១០៥នាក់ (ស្រីចំនួន ១០នាក់)។


ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងនៅចំណុចសាកលវិទ្យាល័យ Excelpolitan University អគារកម្ពស់៩ជាន់ នៅតាមបណ្ដោយផ្លូវទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ដោយចាប់ខ្លួនជនសង្ស័យជាជនជាតិចិនប្រុសស្រី១០៥នាក់ និងដកហូតម៉ាស៊ីនកុំព្យូទ័រលើតុ (DeskTop) ចំនួន ៨០គ្រឿង។


ជនសង្ស័យ និងវត្ថុតាង ត្រូវកម្លាំងនគរបាលជំនាញ បានបញ្ជូនទៅនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ក្រសួងមហាផ្ទៃ ដើម្បីធ្វើការសាកសួរ និងចាត់ការតាមផ្លូវច្បាប់៕