ស្ពៃខៀវ ជាប្រភេទបន្លែមួយក្នុងចំណោមបន្លែស្ពៃជាច្រើនមុខដែលកសិករយើងធ្លាប់ស្គាល់ និងបរិភោគ ។ គេអាចហៅឈ្មោះបានច្រើនយ៉ាង ដូចជាស្ពៃខ្មៅ ស្ពៃហាង ស្ពៃឬស ប៉ុន្ដែឈ្មោះដែលប្រើទូលំទូលាយគឺស្ពៃខៀវ។ ស្ពៃនេះមានឈ្មោះវិទ្យាសាស្រ្ដហៅថា Brassica Juncea-L ហើយវាមានប្រភពនៅតំបន់អាស៊ីកណ្ដាល ជាពិសេសនៅភាគខាងកើតនៅប្រទេសចិន និងប្រទេសឥណ្ឌា ។ ដំណាំស្ពៃខៀវ យើងអាចដាំបានស្ទើរគ្រប់រដូវ តែរដូវដែលល្អបំផុតក្នុងការដាំដុះ គឺនៅរដូវរំហើយ ពីខែតុលា វិច្ឆិកា និងធ្នូ។ កសិករភាគច្រើននិយមដាំដុះស្រួលដាំស្រួលថែ ហើយនិយមហូបព្រោះឆ្ងាញ់ និងសំបូរជីវជាតិអា។
*ការរៀបចំដាំដុះ
-ជ្រើសរើសពូជដែលមានសុខភាពល្អ ពុំមានជំងឺ
គ្រាប់ថ្លោសល្អមិនស្វិត មិនមានសត្វល្អិត បំផ្លាញ
រយៈពេលលូតលាស់ខ្លីស្របនឹងតំបន់ដាំដុះ
-ភ្ជួរឬកាប់២-៣ដង ជម្រៅ ២-២,៥តឹក សំណើមល្មម ហាលដី ៧-១០ថ្ងៃរដូវប្រាំង និង១០-១៣ថ្ងៃ រដូវវស្សាមុនធ្វើការដាំដុះ
ឬអាចឆាប់ជាងនេះ ក្នុងករណីសំបូរពន្លឺថ្ងៃ។ទទឹងរង១ ម៉ែត្រ
បណ្ដោយ៨-១០ម៉ែត្រ ឬតាមលទ្ធភាពដីដែលមាន។រដូវប្រាំង គេច្រើនធ្វើរងស្មើដី
ឬទាបជាងនៅរដូវវស្សាកម្ពស់ ២-២,៥តឹក
ចន្លោះពីរងមួយទៅរងមួយពី២,៥ ទៅ ៣តឹក។
*ការសាបកូន
-មុនពេលសាប
ត្រូវរៀបចំថ្នាល ជ្រុំជ្រួយដី រាស់កៀឲ្យស្មើលើរងលាយលាយមសត្វម៉ដ្ឋ
ឬជីកំប៉ុស្ត ៤-៥បង្គីក្នុងដី១០ម៉ែត្រការ៉េ ស្រោចទឹកនៅលើថ្នាល
(អាចសាបលើឡាំង ឬកេសឈើ ក៏បាន) មុនពេលសាបគ្រាប់
ត្រូវសាបស្ដើងៗហើយកាត់ចំបើងខ្លីៗ គ្របពីលើរង រួចស្រោចទឹកម្ដងទៀត
-ស្រោចទឹកឲ្យបាន ២-៣ដងក្នុងមួយថ្ងៃ ពេលគ្រាប់មិនទាន់ដុះ។
*ការដាំដុះ
-កូនអាចដាំនៅពេលមានអាយុ១០-១៥ថ្ងៃ
មុនដកត្រូវបន្ថយការស្រោចទឹក២-៣ថ្ងៃ ធ្វើឲ្យដើម
រឹងងាយស្ទុះក្រោយពីដាំ
-ត្រូវស្រោចទឹកកូនស្ពៃមុនដកទៅដាំ
ស្រោចទឹកថ្នាលបម្រុងដាំឲ្យសើមជោគល្អ ដកកូនដើមធំល្អ
-ដាំដាក់ឫសឲ្យត្រង់ចុះក្រោម កុំឲ្យលិចបណ្ដូល ចន្លោះជួរពី២-២,៥ តឹក និងចន្លោះគុម្ព ២តឹក ដាំហើយត្រូវកាត់ចំបើងខ្លីៗគ្របតាមគុម្ពដែលដាំរួច។ត្រូវស្រោចទឹកមួយថ្ងៃ ៣ដង ករណីគ្មានអ្វីគ្រប ។ ស្រោចទឹកឲ្យជោគ ក្រោយពេលដាំរួច គ្រប់កូនពី២-៣ថ្ងៃ ដើម្បីការពារកម្ដៅថ្ងៃខ្លាំង ។
*ការថែទាំ
-ស្រោចទឹក ៣-៤ដង នៅរដូវប្រាំង ក្រោយពីដាំ ៣-៤ថ្ងៃ
-នៅរដូវវស្សា ស្រោចទឹកព្រឹកល្ងាច ប្រសិនបើមានភ្លៀង
ត្រូវស្រោចទឹកលាង
-ប្រើជីលាមកសត្វម៉ដ្ឋ ឬជីកំប៉ុស្ត ៥គីឡូក្រាម
លើផ្ទៃដីមួយម៉ែត្របួនជ្រុង រយៈពេល៧ថ្ងៃ បន្ទាប់ពីដាំ
-ស្រោចជីអ៊ុយរ៉េមួយស្លាបព្រាបាយ លាយជាមួយទឹកមួយប៉ោត
លើផ្ទៃដីមួយម៉ែត្របួនជ្រុង រៀងរាល់៣ថ្ងៃម្ដង
បន្ទាប់មកស្រោចទឹកធម្មតាលាងជាក្រោយ ។
*ការប្រមូលផល
-សាបផ្ទាល់ អាចប្រមូលផលពី ៣០-៣៣ថ្ងៃ
-សាបដកកូនយកមកស្ទូង ឬដាំ ប្រមូលផលពី ៣៦-៤០ថ្ងៃ វាអាស្រ័យទៅនឹងការថែទាំ។ កសិករយើងទាំងអស់គួរតែដាំស្ពៃខៀវឲ្យបានច្រើន ព្រោះដំណាំនេះ ជាដំណាំមានតម្រូវការខ្ពស់ក្នុងទីផ្សារ ៕