ស្រាវជ្រាវដោយ ឈឹម សេរីភួន ៖ ព្រះមហាក្សត្រស៊ីសុវត្ថិ មុនីវង្ស ប្រសូត្រទី២៧ ខែធ្នូ ឆ្នាំ១៨៧៥ នៅរាជធានីភ្នំពេញ ព្រះបិតាព្រះនាមស៊ីសុវត្ថិ ព្រះមាតាព្រះនាមអ្នកម្នាងវ៉ាន់ ជាត្រកូលប្រជារាស្រ្ត ក្រោយមក មានព្រះគោរម្យងារជាព្រះវររាជិនី។ ក្នុងចំណោមបុត្រា បុត្រីរបស់ព្រះមហាក្សត្រស៊ីសុវត្ថិជាច្រើន ព្រះស៊ីសុវត្ថិ មុនីវង្ស ជាបុត្រទី៦ និងបុត្រាទី២ ក្នុងចំណោមបុត្រាទាំងអស់។

ព្រះមហាក្សត្រ ព្រះបាទស៊ីសុវត្ថិ មុនីវង្ស


កាលនៅជាយុវវ័យ ព្រះបាទស៊ីសុវត្ថិ មុនីវង្ស បានទៅសិក្សានៅសាលាកងទ័ពសាំង ម៉េហ្សង់(Saint Maixent) ប្រទេសបារាំង។ ក្រោយបញ្ចប់ការសិក្សានៅទីនោះរយៈពេល២ឆ្នាំ ព្រះអង្គបានទទួលឋានន្តរស័ក្កិជាអនុសេនីយ៍ត្រី (សក្តិ១) នៅក្នុងជួរកងទ័ពបារាំង ហើយត្រូវបញ្ជូនទៅនៅទីក្រុងប្រីវ (Brive)និងបន្ទាប់មកទៀត ទៅនៅទីក្រុងប៉ារីស។
នៅក្នុងឆ្នាំ១៩០៩ ព្រះអង្គត្រូវបារាំងបញ្ជូនឲ្យត្រឡប់មកមាតុប្រទេសវិញ និងបានឡើងឋានន្តរសក្កិជាអនុសេនីយ៍ទោ (សក្តិ២) នៅក្នុងឆ្នាំ១៩១០ ជាអនុសេនីយ៍ឯក (សក្តិ៣) នៅឆ្នាំ១៩១៦ និងជាមេបញ្ជាការវរសេនាតូច ក្នុងឆ្នាំ១៩២២ ដែលជាឆ្នាំកំណើតរបស់សម្ដេចព្រះនរោត្តម សីហនុ ជាព្រះនត្តា (ចៅ)។

ព្រះមហាក្សត្រ ព្រះបាទស៊ីសុវត្ថិ មុនីវង្ស


នៅក្នុងសង្គ្រាមលោកលើកទី១ ព្រះអង្គបានបំពេញកាតព្វកិច្ចយោធាយ៉ាងសកម្ម ហើយទទួលបានមេដាយកិត្តិយសនិងមានគោរម្យងារជាសម្ដេចព្រះកែវ ជហ្វា។ បន្ទាប់មកព្រះអង្គបានទទួលតំណែងជាអគ្គលេខានៃក្រុមប្រឹក្សារដ្ឋមន្ត្រី និងជាអធិបតីនៃក្រុមសង្គហព្រះរាជវង្សានុវង្ស។
ព្រះអង្គបានឡើងសោយរាជសម្បត្តិបន្តពីព្រះបិតា ស៊ីសុវត្ថិ នៅឆ្នាំ១៩២៧ នៅក្នុងព្រះជន្ម ៥២វង្សា។

ពិធីដង្ហែព្រះបរមសពព្រះមហាក្សត្រ ព្រះបាទស៊ីសុវត្ថិ មុនីវង្ស


ក្រោយពីព្រះអង្គសោយទិវង្គត នៅលើកំពូលភ្នំបូកគោនោះ ព្រះរាជវង្សានុវង្សទាំងអស់ នាំគ្នាក្រាបបង្គំព្រះបាតព្រះបរមសព។ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ មុនីរ៉េត ជាបុត្រច្បង និងជារាជទាយាទដែលត្រូវឡើងស្នងរាជ្យបន្ត និងម្ចាស់ក្សត្រីស៊ីសុវត្ថិ កុសុមៈ នារីរ័ត្ន ជាបុត្រីសំណព្វ ទ្រង់ព្រះកន្សែងជាប់ និងមមាញឹកក្នុងការចាត់ចែងដឹកព្រះបរមសព មកទីក្រុងភ្នំពេញ ទាំងយប់។
តើទំនៀមទម្លាប់ពីបុរាណមក ប្រសិនបើព្រះមហាក្សត្រ មិនបានសោយទិវង្គតនៅលើទីលានសមរភូមិប្រយុទ្ធជាមួយនឹងខ្មាំងសត្រូវទេ ព្រះអង្គត្រូវតែសោយរាជ្យទីវង្គតនៅក្នុងប្រសាទទេវាវិនិច្ឆ័យ ក្នុងព្រះបរមរាជវាំង។ តែពេលនេះព្រះមហាក្សត្របានសោយទិវង្គត នៅក្នុងព្រះរាជដំណាក់នៅលើកំពូលភ្នំបូកគោ ទៅហើយ។
ក្រោយពីគ្រងព្រះពស្ត្រថ្វាយព្រះបរមសពរួច គេបានលើកព្រះសពដាក់ចូលទៅក្នុងបាំងក្រោយរបស់រថយន្តស៊ីត្រូអែន ដែលជាព្រះរាជទីនាំងផ្ទាល់របស់ព្រះអង្គ ហើយព្រះអង្គម្ចាស់នរោត្តម សុរាម្រិត និងម្ចាស់ក្សត្រីស៊ីសុវត្ថិ កុសុមៈ ព្រមទាំងយុវអង្គម្ចាស់នរោត្តម សីហនុ បើករថយន្តមួយជាប់ពីក្រោយព្រះទីនាំងដឹកព្រះបរមសពនោះ។ ចំណែករថយន្តព្រះអង្គម្ចាស់ស៊ីសុវត្ថិ មុនីពង្ស ជាបុត្រាមួយអង្គដែរនោះ នៅក្រោយគេបង្អស់។

ព្រះមហាក្សត្រ ព្រះបាទស៊ីសុវត្ថិ មុនីវង្ស


វីធីដឹកព្រះបរមសព បានគោរពតាមច្បាប់នៃព្រះរាជពិធីការយ៉ាងត្រឹមត្រូវ។ វេលាម៉ោង១ រំលងអធ្រាត្រ ក្បួនដង្ហែបានចូលមកដល់រាជធានីភ្នំពេញ ក្នុងសភាពស្ងាត់ជ្រងំ ដោយប្រជារាស្ត្រមិនបានដឹងថាព្រះមហាក្សត្រខ្លួនបានសោយទីវង្គតឡើយ។ រហូតដល់ថ្ងៃបន្ទាប់ ទើបដំណឹងដ៏ក្រៀមក្រំនេះចាប់ផ្ដើមផ្សព្វផ្សាយទូទាំងប្រទេស។
ពិធីតម្កល់ព្រះបរមសព្វត្រូវធ្វើឡើងរយៈពេល៣ខែ ដោយមានព្រះសង្ឃចំនួន៦៤អង្គ ត្រូវនឹងព្រះជន្ម ៦៤វស្សារបស់ព្រះអង្គ និមន្តមកសូត្រធម៌ ដើម្បីឧទ្ទិសកុសលដល់ព្រះវិញ្ញាណក្ខន្ធ ជារៀងរាល់ថ្ងៃ។

បុត្រាព្រះមហាក្សត្រ ព្រះនាម ព្រះអង្គម្ចាស់ស៊ីសុវិត្ថ មុនីរ៉េត


ព្រះមេរុកម្ពស់៧ជាន់មានកំពូលស្រួច ដោយមានក្បូរក្បាច់រចនាធ្វើពីឈើពិសេសម្យ៉ាង យកមកពីប្រទេសឥណ្ឌា ត្រូវបានសាងសង់ឡើងដើម្បីជាព្រះកិត្តិយសដល់ព្រះបរមសព។
ទន្ទឹមនឹងភាពមមាញឹកនៃការប្រារព្ធពិធីបុណ្យព្រះបរមសពដ៏អធឹកអធមនោះ ដំណឹងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ត្រូវបានលេចឮពាសពេញរាជធានី។

ព្រះនត្ដា (ចៅ) ព្រះមហាក្សត្រ ព្រះនាម នរោត្តម សីហនុ


ទាំងក្នុងមជ្ឈដ្ឋានប្រជារាស្រ្តខ្មែរនិងបរទេសនោះ គឺពុំមែនព្រះអង្គម្ចាស់ស៊ីសុវិត្ថ មុនីរ៉េត ទេ ផ្ទុយទៅវិញ គឺយុវព្រះអង្គម្ចាស់ជាសិស្សវិទ្យាល័យសាស្សឺលូ ឡូបាម្នាក់ ដែលមានព្រះជន្មត្រឹមតែ១៩វស្សាប៉ុណ្ណោះ ត្រូវបានក្រុមប្រឹក្សារាជបល្ល័ង ជ្រើសតាំងឲ្យឡើងសោយរាជ្យបន្ត ពីព្រះបរមសពព្រះមុនីវង្ស។ ព្រះមហាក្សត្រថ្មីនោះ គឺគ្មាននរណាក្រៅពីព្រះនត្តា (ចៅ) របស់ព្រះបរមសព ដែលព្រះអង្គធ្លាប់ហៅព្រះនាមពីវ័យកុមារ ថា ថុល ឯព្រះអយ្យិកោខាងព្រះបិតា គឺព្រះអង្គម្ចាស់ព្រះសុធារស តែងហៅព្រះនាមថា ម៉ាប់ នោះឡើយ។
ការពិតទៅ ការជ្រើសរើសព្រះមហាក្សត្រថ្មីនេះ គឺធ្វើឡើងតាមការចង្អុលបង្ហាញរបស់អគ្គទេសាភិបាលបារាំងប្រចាំឥណ្ឌូចិន ដែលមានអំណាចជាងក្រុមប្រឹក្សាព្រះរាជបល្ល័ងទៅទៀតនោះតែប៉ុណ្ណោះ៕

ព្រះមហាក្សត្រ ព្រះបាទស៊ីសុវត្ថិ មុនីវង្ស