ខេត្តកណ្តាល ៖ កាលពីវេលាម៉ោង២ និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយ បានកើតឡើងនៅចំណុចភូមិលេខ១(ក)សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ មានជនមិនស្គាល់មុខ បានផ្លោះរបងចូលក្នុងបរិវេណផ្ទះពលរដ្ឋម្នាក់ បានធ្វើសកម្មភាពដុតបំផ្លាញរថយន្ដ និងម៉ូតូ ហើយទុកសំបុត្រគំរាមថានឹងសម្លាប់ជនរងគ្រោះជាម្ចាស់ផ្ទះទៀត។


សមត្ថកិច្ចខេត្តកណ្តាល បានឲ្យដឹងថា ជនរងគ្រោះជាម្ចាស់រថយន្ត និងម៉ូតូ ទី១-ឈ្មោះអេង លួត ភេទប្រុស អាយុ៤៦ឆ្នាំ ទីលំនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរយោធា ។ ទី២-ឈ្មោះហេង គួងសេង ភេទប្រុស អាយុ២៤ឆ្នាំ ទីលំនៅ ភូមិ-សង្កាត់កើត មុខរបរនិស្សិតពេទ្យ ។ ទី៣-ឈ្មោះជីប អៀងម៉េង ភេទប្រុស អាយុ៥៨ឆ្នាំ ទីលំនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ រត់រ៉ឺម៉ក ។ ចំណែកជនសង្ស័យមិនស្គាល់អត្តសញ្ញាណ (គេចខ្លួន) ។

ប្រភពបន្តថា នៅកន្លែងកើតហេតុ សមត្ថកិច្ចបានរកឃើញក្រដាសសៀវភៅ១សន្លឹកជារបស់ជនសង្ស័យ ដែលសរសេរពាក្យគំរាមគំហែងជេរប្រមាថទៅលើជនរងគ្រោះឈ្មោះ ហេង គួងសេង ដែលមានខ្លឹមសារថា «ដល់ពេញអាពូជចុយម្រាយហែង សងអោយអញវិញហើយ អាសេង អ្វីដែលហែងបានធ្វើមកលើអញ អញមិនដែលមានថ្ងៃបំភ្លេចបានទេ អាមនុស្សសន្តានថោកទាបដូចហែងនេះ គង់តែអាយុខ្លីទេ ចាំអញជួយប្រដៅអាឆ្កែអែង ជំនួសមីម៉ែឪល្ងីល្ងើទាំងពីរក្បាល ជំនួស»។ និងក្រដាស១ទៀត មានរូបអាខោនfacebook របស់ឈ្មោះហេង គួងសេង ។ ចំណែកសម្ភារដែលខូចខាត មានរថយន្តចំនួន១គ្រឿង ម៉ាកកាមរីប៉ាឡែន ពណ៌ស ស៊េរីឆ្នាំ២០០២ ស្លាកលេខ ភ្នំពេញ1AE-6555 (របស់ឈ្មោះអេង លួត) ។ និងម៉ូតូសណ្ដោងរ៉ឺម៉ក ១គ្រឿង ម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ(របស់ឈ្មោះជីប អៀងម៉េង)។


សមត្ថកិច្ចដដែលបន្តថា កាលពីវេលាកើតហេតុខាងលើ មានជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពផ្លោះរបងចូលក្នុងបរិវេណខាងមុខផ្ទះរបស់ជនរងគ្រោះឈ្មោះ ហេង គួងសេង នៅចំណុចកើតហេតុ រួចបានធ្វើសកម្មភាពដុតម៉ូតូរបស់ឈ្មោះជីប អៀងម៉េង បណ្តាលឲ្យឆេះខ្ទេចនិងរាលដាលឆេះដល់រថយន្តផ្នែកខាងឆ្វេងរបស់ឈ្មោះ អេង លួត បណ្ដាលឲ្យខូចខាត រួចហើយ បានបន្សល់ទុកនូវសំបុត្រគំរាមអនាមិកចំនួន ២សន្លឹក នៅលើខាងមុខរថយន្ដដែលឆេះ ដោយសរសេរគំរាមកំហែងទៅលើឈ្មោះ ហេង គួងសេង ទៀតផង បន្ទាប់មកជនសង្ស័យបានរត់គេចខ្លួនបាត់។


តាមការបំភ្លឺរបស់ម្ចាស់ផ្ទះដែលជាជនរងគ្រោះទី២ បានប្រាប់ថាគាត់មិនដែលមានគំនុំឬទំនាស់ជាមួយនណាម្នាក់ឡើយ តែមានអាខោនfacebook មួយឈ្មោះ Ny Chana បានផុសជាសារធារណៈចោទគាត់ថា បានខ្លួនប្រាណគេ ហើយចង់ដោះដៃ និងគំរាមថានឹងសម្លាប់គាត់ទៀតផង តែគាត់បានប្រកែកថាមិនបានប្រព្រឹត្តទៅលើនរណាម្នាក់ឡើយ និងម៉្យាងទៀតគាត់ក៏ធ្លាប់ដាក់ពាក្យដល់ក្រសួងមហាផ្ទៃផ្នែកព័ត៌មានវិទ្យាឲ្យជួយស្រាវជ្រាវតាមរយៈfacebook នេះផងដែរ ។

សមត្ថកិច្ច បញ្ជាក់ថា ពេលនេះ កម្លាំងសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់កំណត់មុខសញ្ញាជនសង្ស័យ ដើម្បីចាប់ខ្លួននាំមកផ្តន្ទាទោសតាមច្បាប់៕