រាជធានី​ភ្នំពេញ ៖ ក្រសួង​អប់រំ នឹង​ប្រកាស​ចេញ​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុ​ប​) សម្រាប់​មណ្ឌល​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល នៅ​ម៉ោង​៣​រសៀល ថ្ងៃ​ទី​០៩ ខែកញ្ញា ឆ្នាំ​២០១៩​នេះ ដោយឡែក​តាម​បណ្តា​ខេត្ត​ដទៃ​ទៀត នឹង​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែកញ្ញា​ស្អែក​នេះ ។

នៅ​ព្រឹក​ថ្ងៃ​ទី​០៩ កញ្ញា​នេះ ក្រសួង​អប់រំ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុ​ប​) សម័យ​ប្រឡង​១៩ សីហា ឆ្នាំ​២០១៩ មាន​បេក្ខជន​ប្រឡង​ជាប់ មាន​ចំនួន​៧៩,០៥២ នាក់ ស្មើនឹង​៦៨.៦២​ភាគរយ ក្នុង​នោះ​សិស្ស​ជាប់​និទ្ទេស A ចំនួន​៤៤៣ នាក់​, ជាប់​និទ្ទេស B ចំនួន​២,៤៣០ នាក់​, ជាប់​និទ្ទេស C ចំនួន​៥,៨៤៧ នាក់​, ជាប់​និទ្ទេស D ចំនួន ១៤,១០០ នាក់ និង​និទ្ទេស E ចំនួន​៥៦,២៣២ នាក់ ។

គួរ​បញ្ជក់​ថា ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​កាលពី​ថ្ងៃ​ទី​១៩ សីហា ២០១៩ កន្លង​មក មាន​បេក្ខជន​សរុប​ចំនួន ១១៧,០៤៣​នាក់ ក្នុង​នោះ​មាន​ស្រី ៦០,៤២៧​នាក់ និង​មាន​មណ្ឌល​ប្រឡង​ចំនួន ២០២ មណ្ឌល នៅ​ទូ​ទាំង​ប្រទេស ៕