ទា គឺជាសត្វចិញ្ចឹមក្នុងស្រុកមួយប្រភេទ ដែលប្រជាកសិករយើងនិយមចិញ្ចឹម និងបរិភោគ ​ ទាត្រូវបានគេចិញ្ចឹមវាទុកសម្រាប់លក់ដូរបំពេញតម្រូវក្នុងទីផ្សារបច្ចុប្បន្ន។ ការចិញ្ចឹមទាមានច្រើនទម្រង់ប្រភេទខុសគ្នា អ្នកខ្លះចិញ្ចឹមវាយកសាច់ ឯខ្លះទៀតចិញ្ចឹមសម្រាប់យកពង។

ក្នុងថ្ងៃនេះដែរ ក្រុមការងាររបស់យើងនឹងណែនាំពីរបៀបចិញ្ចឹមទាយកពង និងរបៀបផ្សំចំណីទាដោយខ្លួនឯង ដូចខាងក្រោម៖

១/.ជាដំបូងគួរត្រូវជ្រើសរើសពូជទា ៖ អ្នកចិញ្ចឹមគួរជ្រើសរើសកូនទាដែលមានឆ្អឹងរឹងមំា ហើយដងខ្លួនកូនទានោះមានរាងចតុកោណស្មើ។ តែប្រសិនបើលោកអ្នកចង់យកមេទាមកចិញ្ចឹម គួរជ្រើសរើស ទាណាដែលមានឆ្អឹងនៅគុម្ពកន្ទុយ រន្ធគូថត្រូវឃ្លាតឆ្ងាយពីគ្នា ចំណែកឯ ទាបា វិញត្រូវរើសយកទាដែលមានឆ្អឹងនៅជិតៗគ្នា ។

២/.បន្ទាប់មកជាការសង់ទ្រុងទា ៖ ការសង់ទ្រុងទាត្រូវធ្វើឡើងនៅតាមបណ្តោយថ្ងៃ ។ បណ្តោយទ្រុងគួរមានទំហំ១០ម៉ែត្រ និងទទឹង ៤ម៉ែត្រ ក្នុងចំណោមទា២៥០ ទៅ ៥០០ក្បាល។ ការធ្វើទ្រុងទាដែលមានទំហំបែបនេះ គឺជាការចិញ្ចឹមតាមលក្ខណៈគ្រួសារ។ ជុំវិញទ្រុងដែលសង់គួរតែយកស្បៃនីឡុងព័ទ្ធជុំវិញ ឬក៏អាចយកសំណាញ់ដែកព័ទ្ធតែម្ដងជាការប្រសើរ ដើម្បីការពារសត្វផ្សេងៗមកយាយីជីវិតសត្វទាលោកអ្នក ឬអាចឈានដល់ការចំលងមេរោគទៅទាលោកអ្នក។

រីឯដំបូលទ្រុងទាវិញ លោកអ្នកគួរតែប្រក់ស្លឹកធ្វើពីស្បូវ ជៀសវាងយកដែកមកប្រក់ ព្រោះវាអាចឡើងកំដៅនៅពេលរដូវក្តៅមកដល់។ កម្ពស់រោងទាដែលល្អគួរ ១.៥ម៉ែត្រ ទៅ២ម៉ែត្រ។ នៅក្នុងទ្រុងទាត្រូវក្រាលអង្កាមរស់ ឬមិនបាច់ក៏បានដែរ បើក្រាលវាចំណេញការធ្វើជីអង្កាមរស់ ដើម្បីយកទៅដាក់ស្រែ។

៣/.ជំហានបន្ទាប់គឺ ការថែទាំកូនទា ៖ កូនទាដែលញាស់បាន ១សប្តាហ៍ហើយ ត្រូវយកមេ E X M (ឈ្មោះថ្នាំពេទ្យការពារជំងឺសម្រាប់ទា) បញ្ច្រកកូនទាក្នុង១ក្បាល ១សេសេ។ ប៉ុន្តែគួរប្រុងប្រយ័ត្ន បើអាកាសធាតុប្រែប្រួលត្រជាក់ខ្លាំង លោកអ្នកជាម្ចាស់ទា ត្រូវយកក្អមមកចងព្យួរ ដុតធ្យូងដើម្បីរក្សាសីតុណ្ហភាព បើសិនជាស្ថិតនៅក្នុងរដូវប្រាំងវិញ លើផ្ទៃដែលកូនទារស់នៅ

មិនចាំបាច់ក្រាលអង្កាមទេ ។ យកមេថ្នាំ E X M ១លីត្រ លាយជាមួយទឹកស្អាត ១០០០០លីត្រ អោយកូនទាផឹកជារៀងរាល់ថ្ងៃ (ទឹកស្អាត ១០លីត្រ លាយមេ E X M ១សេសេ)។ ចូរចងចាំថា ទឹកដែលលាយឲ្យកូនទាផឹកនេះមិន ត្រូវទុកឲ្យលើសពី ២៤ម៉ោងទេ បើទាផឹកមិនអស់ត្រូវជះចោល ហើយយើងចាប់ផ្ដើមលាយថ្មីឲ្យទាផឹកទៀត គឺកុំឲ្យដាច់ឲ្យសោះ ការធ្វើបែបនេះ ងាយស្រួលព្យាបាលជំងឺ និងមិនអាចឲ្យកូនទាផ្សេងឆ្លងជំងឺបាន។

គួរណាស់ ឧស្សាហ៍ ព្យាយាមសង្កេតមើលដំណើរសកម្មភាពទាទាំងឡាយនោះ បើឃើញថាទាណាមានការប្រែប្រួល ត្រូវចាប់មកបញ្ច្រកមេ E X M ចាប់ពី ១-៣សេសេ ចំពោះទា ១ក្បាល ហើយទុកឲ្យនៅដាច់ដោយឡែកពីហ្វូងទាដទៃ ជៀសវាងការឆ្លងរីករាលដាល។ បើសិនជាសះស្បើយហើយត្រូវបញ្ចូលក្នុងហ្វូងវិញតែបើសិនជានៅមានបញ្ហាទៀតសូមយកទៅព្យាបាលនៅពេទ្យសត្វ។

នៅជុំវិញបរិវេណ ដែលទាតែងតែរស់នៅ គួរតែបាញ់ E X M បំផ្លាញបាក់តេរីអាក្រក់ ក្នុង១សប្តាហ៍ ១ទៅ២ដង ទោះជាត្រូវកូនទា ទាធំក៏មិនអីដែរ។ ការធ្វើបែបនេះបរិស្ថានរស់នៅរបស់ទាល្អ ទាជៀសផុតពីជំងឺផ្សេងៗ។

៤/.នៅពេលទាមានជំងឺ ៖ នៅពេលទាឈឺ គឺទានឹងទន់ជើង គេហៅថា ទាប៉ាប។ ត្រូវតែបញ្ច្រក E X M ១ក្បាល ៣សេសេ ក្នុង១ថ្ងៃ៣ដង បើមិនបាត់ទេនោះ ត្រូវបញ្ច្រកមេ អ៊ី អ៊ិក្ស អិម ១-២សេសេ។ ប៉ុន្តែប្រសិនបើនៅតែមិនទាន់មានប្រសិទ្ធិភាពទេ គួរតែយកសត្វទាទៅព្យាបាលនៅពេទ្យជំនាញ។ ជំងឺមួយទៀតដែលអ្នកចិញ្ចឹមទាច្រើនជួបប្រទះគឺជំងឺទាភ្នែកប្រហម។ ជំងឺនេះវិធីល្អដែលត្រូវសង្គ្រោះ គួរប្រើម្សៅសំរិទ្ធលាយជាមួយមេ អ៊ី អ៊ិក្ស អិម ជាមួយចំណីអាហារអោយទាស៊ី។

ការឲ្យចំណីទា: ដើម្បីឲ្យទាឆាប់ធំធាត់អ្នកចិញ្ចឹមទាគួរតែត្រៀមចំណីទុកសម្រាប់ឱ្យទាស៊ីជារៀងរាល់ថ្ងៃកុំឲ្យដាច់៖ 

-គួរកិនស្រូវ ហើយយកកន្ទក់ និងអង្កររួមគ្នា រូបមន្តផ្សំចំណីបង្គាប់ ថាយើងត្រូវមានកន្ទក់ និង ចុងអង្ករតែអត្រាកន្ទក់នោះត្រូវមានច្រើនជាងចុងអង្ករ ដូច្នេះដើម្បីឲ្យត្រឹមត្រូវតាមរូបមន្តផ្សំ គួរមានចុងអង្ករផ្សេង កន្ទក់ផ្សេងយកមកផ្សំគ្នា ដើម្បីធ្វើដូច្នេះបាន ត្រូវមានម៉ាស៊ីនកិនស្រូវតូចមួយ

កិនឲ្យចេញជាអង្ករដោយលៃធ្វើយ៉ាងណាឲ្យវាខ្ទេចបែកជាបីបួនកំណាត់ ឬលើសនេះ តែនៅមើលឃើញកម្ទេចអង្ករផ្នែកដែលនៅសល់ យកវាមកលាយនៅជាមួយស្រូវ រួចបញ្ចូលក្នុងម៉ាស៊ីនវៃវាឲ្យម៉ដ្ឋល្អ ដោយប្រើតម្រង ( កញ្ច្រែង ) មានរន្ធតូចៗ ដើម្បីឲ្យវាកើតជាកន្ទក់លេខមួយ ដោយការធ្វើរបៀបនេះយើងមិនសូវខាតច្រើនទេ ព្រោះគ្មានអ្វីត្រូវបោះចោលឡើយ។

-បន្ថែមពីលើស្រូវ កសិករអាចយកពោតកិនបំបែកវាឲ្យនៅសល់ត្រឹមទំហំប៉ុនជើងធូប ឬធំជាងនេះ ដើម្បីកុំឲ្យមានការប្រឈមហានិភ័យខ្ពស់ គួរត្រាំពោតនោះក្នុងទឹកល្បាយអ៊ីអ៊ឹម ឲ្យបានចំនួន១ម៉ោងសិន (សម្រាប់ប្រើក្នុង១ថ្ងៃ) ដើម្បីកុំឲ្យវាហុយប៉ើងអស់ពេលកិន។ ចូរចាំថា បើកិនគឺកិនសម្រាប់តែមួយថ្ងៃៗ បានហើយកុំទុកដល់ថ្ងៃស្អែកបើយើងចង់ទុកវាដល់ស្អែកត្រូវដាក់ហាលវាឲ្យស្ងួតល្អជាមុនសិនការពារបាក់តេរី។

ម្សៅពោតក្រហម កន្ទក់ និងចុងអង្ករ ជាប្រភពចំណីដ៏សំខាន់សម្រាប់ផ្តល់ប្រូតេអ៊ីនទា។ តែទាំងបីមុខខាងលើនេះ វាមិនគ្រប់គ្រាន់សម្រាប់សត្វទាទាំងទ្រុងៗឡើយ។ ចាំបាច់ត្រូវមានវត្ថុបំប៉នបន្ថែមផ្សេងទៀត ដើម្បីជួយឲ្យការលូតលាស់របស់សត្វត្រឹមត្រូវតាមអាយុកាលរបស់វា។

-ត្រីល្អិតក៏ជាប្រភេទអាហារបំប៉នដ៏សំខាន់របស់ទាផងដែរ។ បើជាត្រីប្រហុកត្រូវយកមកហាលថ្ងៃ សម្រាប់លាយជាមួយចំណី។ ត្រីក៏ជាប្រភេទអាហារប្រូតេអ៊ីនរបស់ទាដែរ ត្រូវលាយជាមួយចំណីក៏បានដែរ។ ល្អបំផុតគឺ លាយម្សៅត្រី១៥ទៅ២០ភាគរយក្នុងចំណី១០០គីឡូក្រាម។

-ខ្យង ងាវ លៀស ក៏ជាអាហារជំនួយរបស់សត្វទាដែរ វាផ្តល់កាល់ស្យូមបង្កើនការលូតឲ្យសំបកពងក្រាស់ ទាសំបូរពង ទាអាចពងញឹកញាប់។

-មួយមុខចុងក្រោយ អ្នកចិញ្ចឹមទាអាចលាយអំបិលក្នុងអត្រា២៥០ក្រាមក្នុងចំណីសត្វ១០០kg។ តែក៏អាចយកបន្លែធ្វើជាចំណីបានដែរ គឺអាចយកត្រកួន ឬស្មៅធម្មជាតិកិនឲ្យម៉ដ្ឋលាយជាមួយចំណី។ ហេតុផលដែលគួរដូរឲ្យទាស៊ីបន្លែខ្លះ គឺទាក៏ដូចមនុស្សដែរត្រូវការបន្លែខ្លះដើម្បីសម្រួលដល់ប្រពន្ធ័ រំលាយអាហារ។ ទាអាចស៊ីបន្លែ ២ទៅ៣ដង ក្នុងមួយសប្តាហ៍ ជាការល្អ​ ៕