ខេត្តព្រះសីហនុ ៖ បុរសជាប្ដីចុងម្នាក់ រករឿងវាយប្រពន្ធមិនបាន បែរប្រើហឹង្សាវាយទាត់ធាក់ទៅលើកូនចុងអាយុ៣ឆ្នាំ ស្ទើរស្លាប់ស្ទើររស់ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីម៉ោង៤ទៀបភ្លឺ ថ្ងៃទី០៨ ខែកញ្ញា ឆ្នំា២០១៩ នៅភូមិបត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់។


កូនចុងរងគ្រោះ ឈ្មោះ ពៅ ដំ ភេទប្រុស អាយុ៣ឆ្នាំ ។ ចំណែកជនសង្ស័យឈ្មោះ អ៊ូម ពៅ ភេទ ប្រុស អាយុ៤៦ឆ្នាំ មុខរបរមិនពិតប្រាកដ បានប្រើអំបោស ជារំពាត់ ប្រើដៃនិងជើងវាយទាត់ធាក់ទៅលើកូនចុងរងគ្រោះ បណ្តាលឲ្យរងរបួសពេញដងខ្លួន។


តាមប្រភពពីស្ត្រីដែលជាម្តាយក្មេងតូចបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យជាឪពុកចុង និងប្ដីចុងនេះ ផឹកស្រាស្រវឹង បានមករករឿងវាយគាត់ជាប្រពន្ធមិនបាន ទើបវាយទាត់ធាក់ទៅលើកូនអាយុ៣ឆ្នាំ ស្ទើរស្លាប់ស្ទើររស់បែបនេះតែម្តង។


ក្រោយពេលកើតហេតុ ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនីតិវិធី៕