ខេត្តមណ្ឌលគិរី ៖ ប្តីប្រពន្ធ២នាក់ ត្រូវស្រ្តីម្នាក់ រស់នៅផ្ទះក្បែរគ្នាយកកាំភ្លើងបាញ់សម្លាប់គ្មានញញើតដៃ បណ្តាលឲ្យប្តីប្រពន្ធខាងលើស្លាប់ទាំង២នាក់យ៉ាងអាណោចអាធ័ម ក្នុងថ្លុកឈាម ហើយឃាតករបានរត់គេចខ្លួនបាត់ស្រមោល។
ករណីមនុស្សឃាតដែលផ្តើមឡើងពីទំនាស់ដីធ្លីនេះ បានកើតឡើង កាលពីវេលាម៉ោង៩ និង៣០នាទី ថ្ងៃទី០៧ ខែកញ្ញា ២០១៩ នៅចំណុចថ្មដារស្ថិតនៅភូមិរវាក់ ឃុំរយ៉ស្រុកកោះញែក ។

ជនរងគ្រោះដែលត្រូវឃាតករបាញ់សម្លាប់នេះ ឈ្មោះ រ៉ា ហៅ ម៉ៅ ភេទប្រុស អាយុ37ឆ្នាំ ជនជាតិខ្មែរ មុខរបកសិករ ស្នាក់នៅបណ្ដោះអាសន្ន នៅចំណុចភូមិឃុំកើតហេតុខាងលើ (ត្រូវជាប្ដី) ត្រូវបានជនសង្ស័យបាញ់ចំនួន១ គ្រាប់ត្រូវចំ ក្រោមដោះខាងឆ្វេង ធ្លាយចេញមកក្រោមក្លៀកខាងស្ដាំបណ្ដាលអោយស្លាប់នៅហ្នឹងកន្លែង ។

ជនរងគ្រោះជាប្រពន្ធ ឈ្មោះអាន អុល ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ត្រូវជនសង្ស័យបាញ់ចំនួន២គ្រាប់ ។ គ្រាប់ទី1 ត្រូវចំ ចូលពីលើចង្កេះ ឆ្វេងផ្នែកខាងក្រោយ ចេញមកក្រោមដោះក្បែរចុងដង្ហើមផ្នែកខាងឆ្វេង និងគ្រាប់ទី2 ត្រូវចំគល់ដោះខាងឆ្វេងផ្នែកខាងក្រោម ចេញមកខាងលើចុងដោះខាងឆ្វេង បណ្ដាលឲ្យស្លាប់នៅតាមផ្លូវនៅពេលដឹកយកមកមន្ទីរពេទ្យ។


ចំណែកខ្មាន់កាំភ្លើងជាឃាតករមាន ឈ្មោះ យាយអាន ភេទស្រី មុខរបរ កសិករស្នាក់នៅកន្លែងកើតហេតុខាងលើ (កំពុងគេចខ្លួន) មូលហេតុ បណ្តាលមកពីទំនាស់រឿងដីធ្លី ។
បច្ចុប្បន្ន កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងអធិការដ្ឋាននគរស្រុកកោះញែក កម្លាំងអាវុធហត្ថស្រុកកំពង់ចុះធ្វើការស្រាវជ្រាវតាមចាប់ខ្លួនឃាតករនាំមកផ្តន្ទាទោសតាមផ្លូវច្បាប់ ។ រីឯសពជនរងគ្រោះទាំង២នាក់ សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី៕