ខេត្តកណ្តាល៖ សាឡង់ដឹកខ្សាច់១គ្រឿង បានបើកបរលើផ្ទៃខ្វះការប្រុងប្រយ័ត្នទៅបុកសសរស្ពានព្រែកតាមាក់ (សសរទី៣) បណ្តាលឲ្យកៀបជាប់នៅនឹងសសរស្ពានតែម្តង បង្កឲ្យមានការភ្ញាក់ផ្អើល នារសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩។


ក្រោយកើតហេតុ លោកម៉ៅ ភិរុណ អភិបាលខេត្ត , លោក អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល បានចុះទៅដល់កន្លែងកើតហេតុភ្លាម។ លោកស្នងការ បានបញ្ជាក់ប្រាប់អ្នកកាសែតនៅទីនោះថា នៅពេលនេះ លោកអភិបាលខេត្តកណ្តាល អភិបាលរង រួមសហការជាមួយមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្រ្តីជំនាញ បាននិងកំពុងរកមធ្យោបាយទាញក្បាល សាឡង់នេះចេញពីសសរស្ពាន។ ចំណែកសាឡង់ដឹកខ្សាច់ផ្សេងទៀត ឆ្លងកាត់ក្រោមស្ពានជាបណ្តោះអាសន្ន រង់ចាំការទាញសាឡង់ដែល បុកនេះចេញសិន ចៀសវាងគ្រោះថ្នាក់ជាយថាហេតុបន្តទៀត។


សូមបញ្ជាក់ថា ស្ពាន ព្រែកតាមាក់មានប្រវែង សរុប១០៦០ម៉ែត្រ និងទទឹងប្រវែង ១៣.៥ ម៉ែត្រ ជាមួយនឹងល្បឿនអតិបរមា ៦០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ការសាងសង់ស្ពាននេះ បានចំណាយថវិកាប្រមាណ៤៣.៥លានដុល្លារ ក្រោមជំនួយប្រាក់កម្ចីរបស់ប្រទេសចិន និងបានដាក់ឲ្យប្រើប្រាស់នៅឆ្នាំ២០១០។
ពលរដ្ឋនៅទីនោះ បានលើកឡើងយ៉ាងហួចចិត្តថា ផ្ទៃទឹកធំហ្វឹងល្វើយ ហើយសសរស្ពាន ក៏មានគម្លាតឆ្ងាយពីគ្នាដែរ មិនគួរណា សាឡង់ដឹកខ្សាច់នេះ បើកបុកសសរស្ពានទៅវិញ ហើយពួកគាត់ រង់ចាំមើលថា អាជ្ញាធរខេត្តមានចំណាត់ការយ៉ាងណា ចំពោះក្រុមហ៊ុនសាឡង់ដឹកខ្សាច់ បុកសសរស្ពាននេះ៕