ខេត្តកណ្ដាល ៖ រថយន្តបែនដឹកដីមួយគ្រឿង ព្យាយាមបើកបរជែងរថយន្តមួយគ្រឿងទៀត បានជ្រុលចង្កូតទៅបុកជាមួយម៉ូតូមួយគ្រឿងពេញទំហឹងចំហៀងខាងឆ្វេង បណ្តាលឲ្យអ្នកបើកបរម៉ូតូ ស្លាប់ភ្លាមនៅកន្លែងកើតហេតុ។


ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ២៣ និង២៤ ចំណុចភូមិដីឥដ្ឋកោះផុស៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ។
ជនរងគ្រោះឈ្មោះ ង៉ែត ឆៃ ភេទប្រុស អាយុ៣២ឆ្នាំ (ស្លាប់) ជនជាតិខ្មែរ មានទីលំនៅ ភូមិតារាបដូនស ឃុំគគីរ ស្រុកកៀនស្វាយ ។

មុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូ១គ្រឿងម៉ាក SUZUKI ViVa ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1P-9626 ពីអ្នកលឿង ទៅភ្នំពេញ តាមផ្លូបណ្ដោយវជាតិលេខ១ ។ លុះមកដល់កន្លែងកើតហេតុ ក៏មានរថយន្ត០១គ្រឿង ប្រភេទរថយន្តបែនដឹកដី ប្រភេទ៥តោន ពណ៍ស មិនចាំស្លាកលេខ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បើកបរក្នុងទិសដៅផ្ទុយគ្នា និងកំពុងវ៉ាជែងរថយន្តមួយគ្រឿងទៀត បានជ្រុលចង្កូតទៅបុកម៉ូតូចំពេញទំហឹងចំហៀងខាងឆ្វេង បណ្តាលឲ្យជនរងគ្រោះស្លាប់ភ្លាមនៅកន្លែងកើតហេតុ ។ ចំណែករថយន្តបង្ក បានបើករត់គេចបាត់ពីកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ បានចុះទៅវាស់វែង និងបានប្រគល់សពជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ។ ចំណែកម៉ូតូកម្លាំង ជំនាញចរាចរសណ្តាប់ធ្នាប់ស្រុកកៀនស្វាយ យកមករក្សាទុកជាភស្តតាងនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីស្រាវជ្រាវរកម្ចាស់រថយន្តបង្ក ឲ្យមកទទួលខុសត្រូវ ៕