ប្រទេសរុស្ស៊ី៖ កាលពីពេលថ្មីៗនេះ សារព័ត៌មានដេលីមែល បានចុះផ្សាយពីស្ត្រីម្នាក់ ឈ្មោះ Yulia Khabitov អាយុ២៨ឆ្នាំ ជនជាតិរុស្ស៊ី ត្រូវបានប៉ូលិសចាប់ខ្លួនពីបទឃាតកម្ម ក្រោយពីរូបនាងបានច្របាច់.កកូនប្រុសរបស់ខ្លួនសម្លាប់ចោល រួចយកសាកសពទៅកប់ចោល ហើយបានបង្វែរឿងថា កូនប្រុសរបស់ខ្លួនបាត់ពីផ្ទះដោយពុំដឹងមូលហេតុ ។

ហេតុការណ៍ដ៏កក្រើកនេះ បានកើតឡើងនៅក្នុងភូមិមួយកន្លែងឈ្មោះ Ismailova ភាគខាងកើតប្រទេសរុស្ស៊ី ជនល្មើសជាម្តាយមានកូន២នាក់ (ស្រីអាយុ៥ឆ្នាំ និងកូនប្រុសអាយុ១ឆ្នាំ២ខែ) ។ នាងបានបែកបាក់ជាមួយប្តី ដោយនាងចិញ្ចឹមកូនតែម្នាក់ឯងប៉ុណ្ណោះ ។ ហើយបើតាមប្រាប់ពីប៉ូលិស បានឲ្យដឹងថា ស្ត្រីជាម្តាយបានមកប្តឹងប៉ូលិស ព្រោះតែបាត់កូនប្រុសរបស់ខ្លួន មិនដឹងទៅទីណា ។

ក្រោយពីនាងបានប្តឹងពីកាត់បាត់កូនប្រុសនោះ បានធ្វើឲ្យប្រជាជនក្នុងភូមិនាង មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះតែក្មេងប្រុសរងគ្រោះ មានមុខមាត់ស្អាតគួរឲ្យស្រលាញ់ខ្លាំងណាស់ ធ្វើឲ្យប៉ូលិសនិងអ្នកភូមិជាង១០០នាក់ បាននាំគ្នាចេញតាមរកក្មេងប្រុសនេះ ។

រឿងរ៉ាវកន្លងផុតទៅបាន២ថ្ងៃ ប៉ូលិសបានស្វែងរកក្មេងប្រុសឃើញ តែគួរឲ្យសោកស្តាយ ដោយសារតែក្មេងប្រុសនោះក្លាយជាសាកសពទៅហើយ ដោយស្ថិតនៅក្នុងរណ្តៅតូចមួយ ហើយប៉ូលិសបាននាំយកសាកសពទៅធ្វើការវិភាគនៅមន្ទីរពេទ្យ ដើម្បីស្វែងរកមូលហេតុនៃការស្លាប់ ។

ក្រោយមកប៉ូលិស បានសង្ស័យថា ម្តាយរបស់ក្មេងប្រុស មានជាប់ពាក់ព័ន្ធនិងរឿងរ៉ាវទាំងនេះ ព្រោះតែនាងបានសម្តែងកាយវិការគួរឲ្យសង្ស័យខ្លាំង ពេលដែលប៉ូលិសសួរនាំ នាងបានឆ្លើយខុសគ្នាពីពាក្យបណ្តឹងដែលនាងបានប្តឹងទៅប៉ូលិស មុនពេលក្មេងប្រុសបាត់ខ្លួន ។

ទីបំផុតម្តាយឃោរឃៅ បានព្រមសារភាពប្រាប់ប៉ូលិសថា នាងបានសម្លាប់កូនរបស់ខ្លួនពិតប្រាកដមែន ព្រោះតែកូនប្រុសរបស់នាង បានស្រែកយំទារទឹកដោះគោ ហើយនាងបានច្របាច់.កកូនប្រុស ដើម្បីឲ្យស្លាប់ដើម្បីកុំឲ្យស្រែកឃ្លានតទៅទៀត ហើយក្រោយពីសម្លាប់កូនរួច នាងបានប្រាប់វាថា “ចាប់ពីថ្ងៃនេះទៅ កូនលែងបានស្រែកឃ្លានទឹកដោះគោទៀតហើយ” ។

ប៉ូលិសបានធ្វើការនាំខ្លួនម្តាយជាឃាតកខាងលើ ទៅចង្អុលបង្ហាញកន្លែងដែលធ្វើសកម្មភាព និងកន្លែងដែលនាងកប់សពរបស់កូន ហើយនាងបានសារភាពទៀតថា នាងពុំមានប្រាក់ដើម្បីទិញទឹកដោះគោឲ្យកូនឡើយ នាងពិតជាសោកស្តាយណាស់ចំពោះទង្វើរបស់នាង ។ ប៉ូលិសបាននាំខ្លួននាង Yulia ទៅឃុំខ្លួនពីបទធ្វើឃាតកម្មលើកូនដោយចេតនា ដែលមានស្ថានទំងន់ទោសជាប់គុក ចាប់ពី៨ រហូតដល់២០ឆ្នាំ ៕