ស្រាវជ្រាវដោយ ៖ ឈឹម សេរីភួន ក្រោយពីបាត់បង់ទឹកដី ខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តកំពង់ធំ នោះមក ព្រះមហាក្សត្រស៊ីសុវត្ថិ មុនីវង្ស ដែលជាអតីតជានាយទាហានក្នុងជួរកងទ័ពបារាំង នៅសាំង ម៉េហ្សង់ (Saint Maixant)និងជាឧត្តមសេនីយ៍ នៃកងពលតូចបម្រុងរបស់បារាំងដែរនោះ មានការឈឺចាប់ហួសប្រមាណ។ ព្រះអង្គមិនយល់ទាល់តែសោះថា ហេតុអ្វីបានជាបារាំងដែលវាយពួកឈ្លានពានថៃ ឱ្យបរាជ័យហើយនោះ បែរជាទៅចុះហត្តលេខាចុះចាញ់ប្រទេសថៃ នៅឯក្រុងតូក្យូ ធ្វើឲ្យបាត់បង់ទឹកដីដ៏ពិសិដ្ឋមិនអាចកាត់ថ្លៃបានរបស់បុព្វបុរសព្រះអង្គដូច្នេះទៅវិញ? ការបាត់បង់ទឹកដីនេះ ហាក់ដូចជាគេបន្លះសាច់របស់ព្រះអង្គទាំងដុំៗដែរ។

ព្រះមហាក្សត្រ ស៊ីសុវត្ថិ មុនីវង្ស គង់លើព្រះស្នែង

ដោយសារតែបញ្ហាឈឺចាប់រឿងបាត់បង់ទឹកដីនេះ ព្រះអង្គបានយាងចេញពីទីក្រុងភ្នំពេញ ទៅសម្ងំកើតទុក្ខតែអង្គឯងនៅឯដំណាក់នៅលើកំពូលភ្នំបូកគោ ក្នុងខេត្តកំពត។
ទ្វារព្រះរាជដំណាក់ត្រូវបិទជិត ទោះបីជាមន្ត្រីជាន់ខ្ពស់បារាំងណាក៏ដោយ ក៏ព្រះអង្គមិនបើកទ្វារឲ្យចូលដែរ។

ព្រះមហាក្សត្រ ស៊ីសុវត្ថិ មុនីវង្ស គង់លើព្រះទីនាំងដំរី

ពិសេសជាងនេះទៅទៀត សូម្បីតែពួកស្នំឯកទាំងឡាយដែលធ្លាប់ជាទីគាប់ព្រះទ័យ ក៏ព្រះអង្គមិនព្រមឲ្យចូលជួប ហើយព្រះអង្គសោយក្រយាកាន់តែតិចទៅៗ មិនយូរប៉ុន្មានព្រះអង្គបានធ្លាក់ព្រះកាយ ប្រឈួនកាន់តែធ្ងន់ធ្ងរទៅៗ ជាលំដាប់។
ចុងសប្តាហ៍ទី៣ នៃខែមេសា ឆ្នាំ១៩៤១ យុវព្រះអង្គម្ចាស់នរោត្ដម សីហនុ ដែលកំពុងសិក្សានៅវិទ្យាល័យសាសឺ្សលូ ឡូបា ទីក្រុងព្រៃនគរ ត្រូវឈប់វិស្សមកាល នៃពិធីបុណ្យរំលឹកដល់ការចាប់បដិសន្ធិ របស់ព្រះយេស៊ូគ្រិស្ត នោះ ព្រះអង្គមានឱកាសបានយាងមកលេងមាតុប្រទេស ជួបជុំព្រះរាជវង្ស។ ពេលព្រះអង្គយាងមកដល់ ឃើញមាតាបិតា មានព្រះភ័ក្រ្តស្រពាប់ស្រពោន ដូចប្រជារាស្ត្រខ្មែរគ្រប់ៗគ្នាដែរ ដោយសារតែការបាត់បង់ទឹកដីដែលមានតម្លៃមិនអាចកាត់ថ្លៃបាន។

ព្រះមហាក្សត្រ ស៊ីសុវត្ថិ មុនីវង្ស ជាមួយមន្រ្តីបារាំងជាន់ខ្ពស់
ព្រះមហាក្សត្រ ស៊ីសុវត្ថិ មុនីវង្ស ជាមួយមន្រ្តីបារាំងជាន់ខ្ពស់


ព្រះអង្គម្ចាស់នរោត្ដម សុរាម្រឹត ជាបិតា និងម្ចាស់ក្សត្រីស៊ីសុវត្ថិ កុសុមៈ ជាមាតា រង់ចាំឲ្យតែឃើញព្រះអង្គយាង មកដល់ដំណាក់ភ្លាម នឹងអាលចេញដំណើរទៅសួរទុក្ខព្រះមហាក្សត្រមុនីវង្ស ។បន្ទាប់ពីយាងតាមរថយន្តអស់រយៈពេលជាច្រើនម៉ោងមក ក្រុមព្រះញាតិវង្សទាំងអស់បានដល់ ព្រះរាជដំណាក់នៅលើកំពូលភ្នំបូកគោ ខណៈដែលព្រះមហាក្សត្រមុនីវង្ស មានអាការៈកាន់តែធ្ងន់ធ្ងរ និងអស់សង្ឃឹមទៅហើយ។

ព្រះមហាក្សត្រ ស៊ីសុវត្ថិ មុនីវង្ស


ក្នុងចំណោមព្រះរាជវង្សានុវង្សជាច្រើនអង្គ ដែលបានយាងទៅដល់ទីនោះ មានតែព្រះអង្គម្ចាស់នរោត្ដម សុរាម្រឹត ជាបុត្រសុណិសា(កូន ប្រសារ) ម្ចាស់ក្សត្រីយ៍ស៊ីសុវត្ថិ កុសុមៈ ជាបុត្រីបង្កើត ព្រះអង្គម្ចាស់ស៊ីសុវត្ថិ មុនីពង្ស ជាបុត្រាង្កើត ព្រះអង្គម្ចាស់ស៊ីសុវត្ថិ មុនីរ៉េត ជាបុត្រាបង្កើត និងយុវក្សត្រនរោត្តម សីហនុ ជាព្រះនត្តា (ចៅ) ប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតអោយចូលទៅជិតព្រះអង្គ ។

ព្រះមហាក្សត្រ ស៊ីសុវត្ថិ មុនីវង្ស កាលនៅជាកងទ័ពបារាំង

ប៉ុន្មានមកពីម៉ោងក្រោយមក ក្នុងថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩៤១ ព្រះមហាក្សត្រស៊ីសុវត្ថិ មុនីវង្ស ក៏បានសោយទីវង្គតគួរឲ្យសោកស្ដាយបំផុត ៕

សម្តេចនរោត្តម សីហនុ កាលនៅវ័យកុមារ ជាមួយព្រះមាតា និង ព្រះបិតា