ភ្នំពេញ​ ៖ បុរសអាងអំណាចម្នាក់ គ្រាន់តែរឿងគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបុកម៉ូតូសោះ បែរជាដកកាំភ្លើង វាយភាគីម្ខាងទៀត បណ្ដាលឲ្យរយះក្បាល ហូរឈាម។


ហេតុការណ៍នេះបានកើតឡើង កាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩ នេះ នៅតាមបណ្ដោយផ្លូវព្រះនរោត្តម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
នារីជាសង្សារបុរសរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ នាង និងសង្សារជាជនរងគ្រោះ ទើបតែចេញពីផឹកស៊ី និងកំពុងតែជិះម៉ូតូមួយគ្រឿងម៉ាក HONDA PCX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1GQ-2449 ត្រឡប់ទៅផ្ទះវិញ ក្នុងស្ថានភាពស្រវឹងបន្តិចបន្តួច ។

លុះមកដល់ចំណុចមុខស្ថានទូតគុយវ៉ែត បានជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងម៉ាក HONDA DREAM ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1FR-1386 បើកបរដោយបុរសម្នាក់ បណ្ដាលឲ្យដួលទាំងអស់គ្នា ។ ភ្លាមៗនោះ ស្រាប់តែបុរសដែលជាម្ចាស់ម៉ូតូ HONDA DREAMនោះ បានងើបមកវាយសង្សារនាង ជាច្រើនដៃ និងបានដកកាំភ្លើងខ្លី វាយចំក្បាលបណ្ដាលឲ្យរងរបួសហូរឈាម។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្រ្គោះបន្ទាន់ ដឹកយកទៅមន្ទីរពេទ្យ។ ចំណែកជនបង្កត្រូវសមត្ថកិច្ចមូលដ្ឋាន នាំខ្លួនទៅអធិការដ្ឋានខណ្ឌចំការមន ដើម្បីធ្វើការសាកសួរ ៕