ខេត្តកំពង់ឆ្នាំង៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់មួយ ម៉ូតូនិងម៉ូតូបើកបរខ្វះការប្រុងប្រយ័ត្ន បុកគ្នាពេញមួយទំហឹង បណ្ដាលឲ្យមនុស្សប្រុសស្រី៤នាក់បានស្លាប់ និងម្នាក់ផ្សេងទៀតរងរបួស កាលពីវេលាម៉ោង២៣និង៣០នាទីយប់ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ លើកំណាត់លេខ៥ ចន្លោះគីឡូម៉ែត្រលេខ៥១ និង៥២ក្នុងភូមិសុបិន្ត ឃុំពានី ស្រុកកំពង់ត្រឡាច ។

សមត្ថកិច្ចប៉ូលិសចរាចរណ៍ បានឲដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយម៉ូតូម៉ាកនិច ពណ៌ស ពាក់ស្លាកលេខកំពង់ស្ពឺ ១G-៤៧១៥ បើកបរក្នុងទិសដៅត្បូងទៅជើង ក្នុងទិសដៅច្រាស់គ្នា បានបុកជាមួយម៉ូតូម៉ាក ZOOMER ពណ៌ស គ្មានពាក់ស្លាកលេខ អ្នកបើកបរឈ្មោះយូ មករា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិសាលាលេខ៥ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច និង អ្នករួមដំណើរ ២នាក់ទៀត ក្នុងនោះម្នាក់ឈ្មោះ សូ ស្រីពៅ ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ នៅភូមិត្រពាំងចំបក់ ឃុំលង្វែក ស្រុកកំពង់ត្រឡាច និង ម្នាក់ទៀតឈ្មោះ សូ ម៉ានាត ភេទស្រី អាយុ ១៧ឆ្នាំ នៅភូមិត្រពាំងចំបក់ ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ច បានបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្ដាលមកពីបើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន និង អ្នកបើកបរម៉ូតូពុំមានមួកសុវត្ថិភាព។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅវាស់វែង និងយកម៉ូតូទាំង២គ្រឿងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច រង់ចាំធ្វើការដោះស្រាយទៅតាមច្បាប់ ៕