ស្រាវជ្រាវដោយ ឈឹម សេរីភួន ៖ ខែកញ្ញាឆ្នាំ ១៩៤០ រដ្ឋាភិបាលវិបុល សង្គ្រាម បានចេញផ្សាយសៀវភៅមួយភូតកុហកសាធារណមតិអន្តរជាតិ ថា ទឹកដីខ្មែរ និងឡាវ ដែលបារាំងកំពុងតែត្រួតត្រានោះ គឺជាជារបស់ថៃ ហើយថាជនជាតិខ្មែរ និងជនជាតិឡាវ គឺជាពូជសាសន៍តែមួយ គឺថៃហ្នឹងឯង។

នាយករដ្ឋមន្រ្តីថៃ វិបុល សង្គ្រាម


ចាប់ពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៤០ មក ដោយស៊ូទ្រាំអត់ធ្មត់និងការបង្កជម្លោះតាមព្រំដែនរបស់ថៃ មិនបាន កងទ័ពបារាំងនិងខ្មែរ ក៏បានចាប់ផ្តើមវាយបកទៅលើកងទ័ពថៃ វិញ។ ក្នុងនោះមាននាយទាហានខ្មែរសំខាន់ៗចូលរួមដែរ ដូចជា សូ ខាំខូយ, ដួង សំអុល, ឆាយ ឡាយ, អ៊ុម កង និងហ៊ឹម សេស ជាដើម។ ពេលនោះកងកាំងភ្លើងធំ និងយន្តហោះថៃ ក៏ចាប់ផ្តើមបាញ់ផ្លោង និងទម្លាក់គ្រាប់បែកទៅលើទីប្រជុំជននានារបស់ប្រទេសឡាវ និងនៅតាមដងទន្លេមេគង្គ។

កងទ័ពថៃហាត់ក្បួនយុទ្ធសាស្រ្ត


ចំណែកយន្តហោះរបស់បារាំង ដែលមានមូលដ្ឋាននៅឥណ្ឌូចិន សុទ្ធសឹងមានសភាពចាស់ៗទៅហើយនោះ ក៍បានហោះទៅទម្លាក់គ្រាប់បែកនៅពេលយប់ៗ ទៅលើទីក្រុងនានារបស់ថៃវិញដែរ ដូចជានៅ ណងខាយ អ៊ូ ប៊ុន នគរភ្នំ និងនគរាជ ជាដើម។
លុះដល់ដើមខែមករា ឆ្នាំ១៩៤១ កងទ័ពថ្មើរជើងរបស់ថៃ ចាប់ផ្ដើមបើកការវាយលុកមកលើតំបន់ប៉ោយប៉ែត សិរីសោភ័ណ និងសំរោង ហើយយន្តហោះថៃ ក៏ហោះមកទម្លាក់គ្រប់បែកលើទីប្រជុំជន សិរីសោភ័ណ មង្គលបុរី ស្ទឹងត្រែង និងសៀមរាប បណ្តាលឱ្យបាត់បង់ជីវិតប្រជារាស្ត្រខ្មែរមួយចំនួន។

កងទ័ពបារាំង


ថ្ងៃទី១៦ ខែមករា ឆ្នាំ១៩៤១ កងទ័ពថ្មើរជើងបារាំង ក៏បានធ្វើការវាយបកទៅលើកងទ័ពថៃ ឲ្យដកថយវិញ ហើយការប្រយុទ្ធគ្នាជាទ្រង់ទ្រាយធំបានកើតមាននៅយាងដង្គំ ក្នុងខេត្តសៀមរាប ។ ពេលនោះកងទ័ពបារាំង ត្រូវកងទ័ពថៃ វាយដកថយឲ្យមកនៅត្រឹមសិរីសោភ័ណ វិញ។
ប៉ុន្តែនៅល្ងាចថ្ងៃទី១៦ ខែមករា នោះដែរ នៅសមរភូមិនៃឈូងសមុទ្រថៃ ក្បែរកោះតាង កងនាវាបារាំង និងកងនាវាថៃ ទាំងហ្វូងៗ មកបានបើកការប្រយុទ្ធគ្នាយ៉ាងស៊ីសាច់ហុតឈាម។

ពណ៍ផ្កាឈូក ជាទឹកដីដែលថៃដណ្តើមយកពីកម្ពុជា និង ឡាវ

គ្រាន់តែរយៈពេលប្រមាណ ២ម៉ោងប៉ុណ្ណោះ កងនាវាបារាំង បានបាញ់ឱ្យនាវាថៃ លិច និងប្រើការលែងកើត អស់ប្រហែល ៤០ភាគរយ ឯកងនាវាបារាំង ពុំត្រូវបានបាញ់លិចនៅក្នុងសមុទ្រមួយគ្រឿងនោះ ធ្វើឲ្យកងទ័ពថៃ ត្រូវបរាជ័យយ៉ាងអាម៉ាស់។
ក្នុងការធ្វើសង្គ្រាមឈ្លានពានប្រទេសខ្មែរ និងឡាវ នៅពេលនោះ ថៃ បានទទួលការគាំទ្រយ៉ាងពេញទំហឹងទាំងខាងការទូត និងយោធា ពីរដ្ឋាភិបាលជប៉ុន ហើយសហរដ្ឋអាមេរិក ក៏លម្អៀងទៅខាងថៃដែរ ទោះបីបារាំង ជាសម្ព័ន្ធមិត្តរបស់ខ្លួនក៏ដោយ។

នាវាចម្បាំងរបស់ថៃ


កាសែតអាមេរិកជាច្រើនបានសរសេរគាំទ្រ និងលើកទឹកចិត្ត ចំពោះការឈ្លានពានប្លន់យកទឹកដីរបស់រាជរដ្ឋាភិបាលថៃ មកលើទឹកដីខ្មែរ។ ឯប្រទេសអង់គ្លេស ឈរនៅជាអព្យាក្រឹត។ ក្រោយពីកងទ័ពជើងទឹកថៃត្រូវបរាជ័យយ៉ាងធ្ងន់ធ្ងរមក នៅថ្ងៃទី២២ ខែមេសា ឆ្នាំ១៩៤១ រដ្ឋាភិបាលជប៉ុន នៅក្នុងក្រុងតូក្យូ បានដាក់ឱសានវាទបង្ខំឲ្យបារាំងឈប់ធ្វើសង្គ្រាមជាមួយថៃ និងព្រមទទួលយកជប៉ុន ធ្វើជាអាជ្ញាកណ្តាល ដើម្បីដោះស្រាយជម្លោះនេះ។

កងរថក្រោះរបស់ថៃ


ពេលនោះ បារាំងមិនទាន់បន្តឆ្លើយតបយ៉ាងណាផង ស្រាប់តែមានកងទ័ពនាវាចម្បាំងរបស់ជប៉ុន មួយកងធំ បានចូលទៅដល់មុខកាប់សាំងហ្សាក់ (តំបន់សមុទ្រនៅវៀតណាមខាងត្បូង)ដើម្បីគំរាមបារាំង។ ដោយសារការគំរាមនេះ បារាំងក៏បង្ខំចិត្តឈប់ធ្វើសង្គ្រាមជាមួយថៃតទៅទៀត នៅថ្ងៃទី២៨ ខែមករា ឆ្នាំ១៩៤១។

កងយន្តហោះរបស់ថៃ


នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ១៩៤១ រដ្ឋាភិបាលជប៉ុន រៀបចំឱ្យមានកិច្ចចរចាបារាំង-ថៃនៅទីក្រុងតូក្យូ ក្រោមអធិបតីភាពរបស់រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន ម៉ាតស៊ូយូកា។
ក្នុងពេលចរចារនោះ ដោយមានការគាំទ្រពីរដ្ឋាភិបាលជប៉ុន ផង ភាគីថៃ បានទាមទារឲ្យភាគីបារាំង ប្រគល់ទឹកដីខ្មែរនិងឡាវ ទៅឱ្យខ្លួនគ្រប់គ្រង ដូចកាលសម័យមុនឆ្នាំ ១៩០៧ វិញ។

មេទ័ពថៃ សម័យដណ្តើមយកទឹកដីខ្មែរ ឆ្នាំ១៩៤១

តែភាគីបារាំងនៅតែបន្តបដិសេធថា មិនអាចធ្វើបែបនេះបានទេ ប៉ុន្តែដោយសារមានការកៀបសង្កត់ពីរាជរដ្ឋាភិបាលក្រុងតូក្យូ ទៅលើរដ្ឋាភិបាលវីហ្ស៊ី របស់បារាំង នៅថ្ងៃទី១១ ខែមីនា ឆ្នាំ១៩៤១ ភាគីបារាំង ក៏ព្រមប្រគល់ទឹកដីខេត្តបាត់ដំបងទាំងមូល ខេត្តសៀមរាបមួយភាគធំ (លើកលែងតែស្រុកពួក តំបន់អង្គរ ស្រុកសូទ្រនិគម និងស្រុកជីក្រែង) ខេត្តកំពង់ធំ ភាគខាងជើង (ស្រុកជាំក្សាន្ត និងស្រុកឆែប សព្វថ្ងៃស្ថិតនៅក្នុងខេត្តព្រះវិហារ) និងទឹកដីខេត្តស្ទឹងត្រែង ប៉ែកខាងលិចទន្លេមេគង្គទាំងអស់ ដែលសរុបទាំងអស់ មានទំហំប្រមាណជា ៦០.០០០ គីឡូម៉ែត្រការ៉េ គឺស្មើនឹ ង១ភាគ៣ នៃផ្ទៃប្រទេស សព្វថ្ងៃ តាមការទាមទាររបស់ថៃ។ ទន្ទឹមគ្នានេះដែរ ប្រជារាស្រ្តខ្មែរប្រមាណកន្លះលាននាក់ ក៏ធ្លាក់ទៅក្រោមការគ្រប់គ្រងត្រួតត្រារបស់ រាជរដ្ឋាភិបាលថៃ ផងដែរ។ចំណែកប្រទេសឡាវ ក៏ត្រូវបាត់បង់ទឹកដីប្រមាណជា១០០០០គីឡូម៉ែត្រការ៉េដែរ ពោលគឺទឹកដីប៉ែកខាងជើង និងខាងត្បូងដែលនៅខាងលិចទន្លេមេគង្គទាំងមូលត្រូវថៃ ដណ្ដើមយកអស់។

ក្រោយប្រទេសកម្ពុជាត្រូវបាត់បង់ទឹកដី ១ភាគ៣ថែមទៀតមកនោះ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ១៩៤១ រដ្ឋាភិបាលក្រុងតូក្យូ រដ្ឋាភិបាលវីហ្ស៊ី របស់បារាំង និងរដ្ឋាភិបាលថៃ បានជួបគ្នាចុះហត្ថលេខាលើកតិកាសញ្ញាសន្តិភាពមួយដែលពេលនោះ តំណាងរដ្ឋាភិបាលបារាំង បានទទួលទឹកប្រាក់ចំនួន៦លានផ្ចាស្ត្រ៍ (Pchastres=លុយឥណ្ឌូចិន)ពីរដ្ឋាភិបាលជប៉ុន និងថៃទៅវិញ។តើទឹកប្រាក់ចំនួន ៦លានផ្ចាស្ត្រ៍ នេះជាកាដូ សម្រាប់រដ្ឋាភិបាលវីហ្ស៊ី ដែលយល់ព្រមចុះហត្ថលេខាប្រគល់ទឹកដីខ្មែរទំហំប្រមាណ ៦០.០០០គីឡូម៉ែត្រក្រឡា និងទឹកដីឡាវ ទំហំប្រមាណ ១០.០០០គីឡូម៉ែត្រក្រឡា ទៅឱ្យថៃនោះឬយ៉ាងណា? ៕

កងទ័ពថៃ