បរទេស ៖ បុរសជាសន្តិសុខម្នាក់ បានវាយសម្លាប់អ្នកគ្រប់គ្រងរបស់ខ្លួន បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម រួចអូសសពជនរងគ្រោះយកទុកក្នុងបន្ទប់ទី រួចចាក់សោចោល ព្រោះតែខឹងនឹងជនរងគ្រោះមិនបើកប្រាក់ខែឲ្យ។ ករណីឃាតកម្មនេះ បានកើតឡើងកាលពីវេលាម៉ោង៦ និង១០នាទីល្ងាច ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅក្នុងបន្ទប់អាផាមិនមួយកន្លែង ក្នុងទីក្រុង Petaling Jaya រដ្ឋSelangor ប្រទេសម៉ាឡេស៊ី។
ជនរងគ្រោះដែលសន្តិសុខវាយសម្លាប់នេះ មានឈ្មោះ Lee Poh Meng អាយុ៥៤ឆ្នាំ ជាអ្នកគ្រប់គ្រង។ ចំណែកជនដៃដល់ជាឃាតករ ឈ្មោះ Don ជាសន្តិសុខ យាមនៅក្រុមហ៊ុន ។
អាជ្ញាធមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុ ជនដៃដល់ឈ្មោះ Don បានខឹងសម្បានឹងអ្នកគ្រប់គ្រងរបស់ខ្លួន(ជនរងគ្រោះ) ដែលមិនបានបើកប្រាក់ខែឲ្យរូបគេ ទើបមានការឈ្លោះប្រកែក និងការប្រតាយប្រតប់គ្នា រហូតជនសង្ស័យកាន់ផ្ទុះកំហឹងវាយសម្លាប់ជនរងគ្រោះតែម្តង។


តាមរយៈវីដេអូឃ្លីបមានរយៈពេល៤៥វិនាទី ពីកាមេរ៉ាសុវត្ថិភាពក្នុងថ្ងៃកើតហេតុ ដែល ត្រូវបានគេបង្ហោះចែកចាយលើបណ្តាញសង្គម កាលពីថ្ងៃទី២ កញ្ញា បង្ហាញឲ្យឃើញពីសកម្មភាព រវាងបុគ្គលិកសន្តិសុខប្រុស២នាក់ ប៉ុន្តែក្នុងនោះមានតែសន្តិសុខម្នាក់ឈ្មោះ Don និងអ្នកគ្រប់គ្រងប្រុសម្នាក់ប៉ុណ្ណោះ ដែលបានឈ្លោះប្រកែកគ្នា រហូតឈានដល់ការប្រើហិង្សា ដោយយកមួកការពារសុវត្តិភាព ទៅវាយសំពងក្បាល និងលើរាងកាយអ្នកគ្រប់គ្រងរបស់ខ្លួន រួមនឹងសកម្មភាពវាយប្រតាយប្រតប់គ្នាផ្សេងៗទៀតផងដែរ រហូតជនរងគ្រោះស្លាប់បាត់បង់ជីវិតតែម្តង។ បន្ទាប់មក ជនសង្ស័យអូសសពជនរងគ្រោះ ទៅចាក់សោទុកនៅក្នុងបន្ទប់ទឹកបុគ្គលិកផង ហើយធ្វើជាមិនដឹងរឿងអ្វីសោះ។
អាជ្ញាធរបញ្ជាក់ថា ១ថ្ងៃក្រោយមក ទើបមានអ្នកប្រទះឃើញសពជនរងគ្រោះ នៅ ម៉ោង៣ និង១៨នាទីល្ងាច ស្ថិតក្នុងបន្ទប់ទឹក បង្កឲ្យមានការភ្ញាក់ផ្អើល និងរាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង។

ក្រោយកើតហេតុ មន្រ្តីប៉ូលិសជំនាញបានចុះទៅធ្វើកោសល្យវិច័យសពជនរងគ្រោះ និងធ្វើការស្រាវជ្រាវ ឈានដល់ចាប់ឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធចំនួន៣នាក់ ក្នុងនោះ មានសន្តិសុខ២នាក់ក្នុងវីដេអូ និងប្រធានសន្តិសុខម្នាក់ យកទៅសាកសួរ និងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕


សូមប្រិយមិត្តទស្សនាវីដេអូ សកម្មភាពដែលជនសង្ស័យវាយសម្លាប់ជនរងគ្រោះដូចខាងក្រោម៖