សម្រាប់សុភាពនារីគ្រប់រូវ សក់ជាកត្តាសំខាន់បំផុតដែលមិនអាចមើលរំលង។ ការជ្រុះសក់អាចបណ្ដាលមកពីកត្តាច្រើនយ៉ាងដូចជាកត្តាតំណពូជ, ការប្រើប្រាស់ផលិតផលខុស និងការថែទាំសក់មិនបានល្អជាដើម។ យើងសូមណែនាំវិធីព្យាបាលការជ្រុះសក់ និងតិចនិកល្អៗជាច្រើនដែលជួយទប់ស្កាត់ ឬបញ្ឈប់ការជ្រុះសក់យ៉ាងមានប្រសិទ្ធភាព។

១- ជៀសវាងការតុបតែងម៉ូតសក់ដែលធ្វើឲ្យសណ្ដកឫសសក់
ការចងក្របួចសក់ខ្លាំងពេក ដូចជាចងកៅស៊ូទៅក្រោយ, ការក្រងសក់ ឬការលេងម៉ូតប្លែកៗមួយចំនួនអាចធ្វើឲ្យសក់ឆាប់សណ្ដកឫស។

២- ជៀសវាងការគាបសក់ដោយប្រើកម្ដៅខ្លាំងពេក
ការប្រើកម្ដៅអគ្គិសនីខ្លាំងពេក ដើម្បីគាបសក់ឲ្យត្រង់ អាចប៉ះពាល់សុខភាពសក់ ព្រោះវាធ្វើឲ្យសក់ស្រួយ និងជាប់ជំពាក់។ បើបងប្អូនលាបថ្នាំពណ៌សក់ ឬចង់សម្ងួតសក់, គួរតែទុកឲ្យវាស្ងួតតាមសម្រួល និងគួរជៀសវាងការសម្ងួតសក់ដោយបាញ់ខ្យល់ក្ដៅ ព្រោះងាយនឹងធ្វើឲ្យសក់បែកចុង និងស្រួយ។

៣- ជៀសវាងការប្រើប្រាស់សារធាតុគីមី
សារធាតុគីមីមួយចំនួនដែលប្រើប្រាស់សម្រាប់ការកែច្នៃម៉ូតសក់ ក៏អាចប៉ះពាល់សរសៃសក់ផងដែរ។ សាប៊ូកក់សក់/អប់សក់ ក្រែមបន្ទន់សក់ ឬថ្នាំប្ដូរពណ៌សក់សុទ្ធតែអាចបំផ្លាញសុខភាពសក់របស់បងប្អូន។ បើអ្នកកំពុងស្ថិតក្នុងដំណាក់កាលជ្រុះសក់ធ្ងន់ធ្ងរ, សូមរក្សាពណ៌សក់តាមពណ៌ធម្មជាតិ ប្រសើរជាងការលាបថ្នាំដើម្បីដូរពណ៌សក់។

៤- បរិភោគអាហារជួយបំប៉នសក់
អាហារដែលសម្បូរវីតាមីន និងសារធាតុរ៉ែធម្មជាតិដូចជាដែក ស័ង្កសី និងវីតាមីនបេឌូ(B12) សុទ្ធតែអាចជួយកែខៃសក់ដែលខូច ឲ្យមានសុខភាពល្អឡើងវិញ ឬយ៉ាងហោចណាស់ជួយកាត់បន្ថយការជ្រុះសក់។ សូមព្យាយាមបរិភោគអាហារបៃតង, គ្រាប់ធញ្ញជាតិ, សណ្ដែក, ត្រី និងសាច់ដែលមានខ្លាញ់តិចបំផុត ដើម្បីជួយបន្ថែមសារធាតុបំប៉នសម្រាប់សក់។

៥- ប្រើប្រាស់ផលិតផលថែបំប៉នសក់
ដោយសារបញ្ហាសក់ស្ដើង និងសក់ជ្រុះ ជាកង្វល់ដ៏ធំសម្រាប់បងប្អូនស្ត្រី, ក្រុមហ៊ុនផលិតគ្រឿងសម្អាងខិតខំស្រាវជ្រាវ និងផលិតសាប៊ូ ឬក្រែមថែរក្សាសក់ដែលមានប្រសិទ្ធភាពខ្ពស់។ សាប៊ូកក់សក់ខ្លះមានជាតិប្រេង និងរ៉ែថែរក្សាសក់, ជួយបណ្ដុះសក់, កម្ចាត់បាក់តេរីដែលបំផ្លាញសក់ និងជួយសម្រួលចលនាឈាមរត់នៅស្បែកក្បាល។

៦- កុំភ្លេចម៉ាស្សាស្បែកក្បាល
វិធីងាយស្រួលបំផុតដើម្បីម៉ាស្សាស្បែកក្បាលទប់ទល់នឹងការជ្រុះសក់ គឺនៅពេលងូតទឹក និងកក់សក់។ អ្នកជំនាញអះអាងថាការម៉ាស្សាស្បែកក្បាលថ្នមៗជួយធ្វើឲ្យឈាមរត់បានស្រួលទៅដល់លលាដ៍ក្បាល អាចជួយកាត់បន្ថយស្ត្រែស និងជួយឲ្យសក់ដុះលូតលាស់បានល្អ ៕