ស្រាវជ្រាវដោយ ឈឹម សេរីភួន ៖ ដើមឆ្នាំ១៩៣៩ សង្គ្រាមលើកទី២ ចាប់ផ្ដើមផ្ទុះឡើង ។ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៣៩ កងទ័ពណាហ្ស៊ី ហ៊ីត្លែរ របស់អាល្លឺម៉ង់ ចាប់ផ្តើមវាយលុកទៅលើប្រទេសប៉ូឡូញ ដោយយកលេសថាកងទ័ពប៉ូឡូញ ជាអ្នកឈ្លានពានមកលើព្រំដែនអាល្លឺម៉ង់ខាងលិច មុន។ ក្រោយវាយដណ្តើមយកប្រទេសប៉ូឡូញ បានហើយ កងទ័ពណាហ្ស៊ី ហ៊ីត្លែរ បានបន្តបើកការវាយលុកចូលទៅប្រទេសបារាំង បែលហ្ស៊ិក ហុល្លង់ និងវាយលុកទៅដល់សហភាពសូវៀត នៅក្នុងឆ្នាំ១៩៤១។

ពេលនោះ សហរដ្ឋអាមេរិក សហភាពសូវៀត អង់គ្លេស និងបារាំង បានចងសម្ព័ន្ធភាពគ្នាដើម្បីទប់ទល់កងទ័ពណាហ្ស៊ី ហ៊ីត្លែរ ដែលកំពុងចងសម្ព័ន្ធភាពជាមួយប្រទេសអ៊ីតាលី និងជប៉ុន ដែរ។មុនពេលកងទ័ពណាហ្ស៊ី ហ៊ីត្លែរ ចាប់ផ្តើមវាយលុកចូលប្រទេសបារាំង នៅខែសីហា ឆ្នាំ១៩៣៩ រដ្ឋាភិបាលក្រុងប៉ារីស បានស្នើសុំឲ្យមានកតិកាសញ្ញាសន្តិភាព មិនឈ្លានពានគ្នាទៅវិញទៅមកជាមួយប្រទេសសៀម (ស្យាម) ដែលបានដូរឈ្មោះជាប្រទេសថៃ វិញនៅក្នុងឆ្នាំ១៩៣៩នោះដែរ។ ប៉ុន្តែភាគីថៃ បានដាក់លក្ខខណ្ឌឲ្យរដ្ឋាភិបាលក្រុងប៉ារីស ជាមុនថា ត្រូវសើរើកិច្ចព្រមព្រៀងបារាំង-សៀម ស្តីពីបញ្ហាព្រំដែនខ្មែរ ដែលបានព្រមព្រៀងគ្នាកាលពី ឆ្នាំ១៩០៧ នោះជាមុនសិន។ តែរដ្ឋាភិបាលក្រុងប៉ារីស មិនអាចទទួលយកលក្ខខណ្ឌនេះបាន ធ្វើឲ្យគម្រោងចុះហត្ថលេខាលើកតិកាសញ្ញាសន្តិភាពនោះ ក៏ត្រូវខកខានវិញ។

នៅពេលកងទ័ពណាហ្ស៊ី ហ៊ីត្លែរ និងសម្ព័ន្ធមិត្តមិនទាន់ទទួលជ័យជម្នះនៅអឺរ៉ុប ពិសេសមិនទាន់វាយបានប្រទេសបារាំង នៅឡើយនោះ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ១៩៤០ ថៃ ក៏សុខចិត្តចុះហត្ថលេខាលើកតិសញ្ញាសន្តិភាពជាមួយរដ្ឋាភិបាលក្រុងប៉ារីស ដោយគ្មានលក្ខខណ្ឌ បន្ទាប់មកទៀត ថៃក៏បានចុះហត្ថលេខាលើកតិកាសញ្ញាសន្តិភាពជាមួយអង់គ្លេស និងជប៉ុនផងដែរ ដើម្បីបង្ហាញពីជំហរអព្យាក្រឹតរបស់ខ្លួនថា មិនចូលបក្សសម្ព័ន្ធណាមួយឡើយ។
ប៉ុន្តែក្រោយពេលដឹងថា កងទ័ពណាហ្ស៊ី ហ៊ីត្លែរ វាយយកបានទីក្រុងប៉ារីស របស់បារាំង ភ្លាម នាយករដ្ឋមន្រ្តីបារាំង ប៉ូល រ៉ៃណូល (Paul Raynauld) សុំលាលែងពីតំណែង ហើយសេនាប្រមុខបារាំងឈ្មោះហ្វីលីព ប៉េតាំង( Phillipe Petain) ត្រូវពួកណាហ្ស៊ី ហ៊ីត្លែរ តែងតាំងឲ្យដឹកនាំរដ្ឋាភិបាលបារាំងថ្មីមួយ ដែលឲ្យឈ្មោះថា រដ្ឋាភិបាលក្រុងវីហ្ស៊ី ( Vichi )។ ពេលនោះ សេនាប្រមុខវិបុលសង្គ្រាម ជានាយករដ្ឋមន្ត្រីថៃ បានប្រកាសថា រដ្ឋាភិបាលថៃ នឹងមិនផ្តល់សច្ចាប័នលើកកតិការសញ្ញាសន្តិភាពរវាងសៀម និងបារាំង ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ១៩៤០ នោះទេ ដរាបណាបារាំងមិនព្រមសើរើកិច្ចព្រមព្រៀងបារាំង-សៀម ឆ្នាំ១៩០៧ ពីបញ្ហាព្រំដែនខ្មែរឡើងវិញ។

នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ១៩៤០ នាយករដ្ឋមន្រ្តីថៃ វិបុល សង្គ្រាម បានផ្ញើលិខិតជាផ្លូវការមួយទៅរដ្ឋាភិបាលក្រុងវីហ្ស៊ី( Vichi ) របស់បារាំង ធ្វើការទាមទារទឹកដីកម្ពុជា និងលាវ ដែលខ្លួនបានដណ្តើមកាន់កាប់កាលពីមុនឆ្នាំ១៩០៤នោះ មកជារបស់ខ្លួនវិញ។ ប៉ុន្តែ នៅថ្ងៃទី១៨ ខែកញ្ញា រដ្ឋាភិបាលក្រុងវីហ្ស៊ី( Vichi ) បានច្រានចោលការទាមទារមិនសមហេតុផលនេះ។
នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ១៩៤០ នាយករដ្ឋមន្ត្រីថៃ វិបុលសង្គ្រាម បានធ្វើការទាមទារម្តងទៀត តែរដ្ឋាភិបាលក្រុងវីហ្ស៊ី( Vichi ) មិនទាន់បានឆ្លើយតបវិញផង ស្រាប់តែនៅថ្ងៃទី៣០ ខែកញ្ញា នាយករដ្ឋមន្ត្រីថៃ បានធ្វើការទាមទារជាថ្មីម្តងទៀត។

រហូតដល់ថ្ងៃទី១៤ ខែតុលា ទើបរដ្ឋាភិបាលក្រុងវីហ្ស៊ី ( Vichi ) ប្រកាសបដិសេធដាច់អហង្ការចំពោះការទាមទារដ៏គឃ្លើននោះ វិបុល សង្គ្រាម ក៏បានបញ្ជាឲ្យកងទ័ពថៃ ធ្វើសកម្មភាពវាយប្រហារប៉េះរប៉ោះនៅតាមបណ្តោយព្រំដែនខ្មែរ និងឡាវ ដើម្បីបង្កជម្លោះ។ នៅក្នុងខែវិច្ឆិកា ឆ្នាំ១៩៤០ ប្រជារាស្រ្តខ្មែរនៅទីក្រុងភ្នំពេញ និងនៅទីរួមខេត្តបាត់ដំបង នាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងការទាមទារយកទឹកដីខ្មែរទៅវិញនោះយ៉ាងគក្រឹកគគ្រេង៕
