រាជធានីភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ចេញ​សារាចរ ដោយ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ណែនាំ​ដល់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ​ដែនដី​ទាំងអស់ ត្រូវ​ចាត់វិធានការ​ចាំបាច់​នានា ត្រៀម​ទប់ទល់​នឹង​គ្រោះ​ទឹកជំនន់ កាត់​បន្ថយ​ឲ្យ​បានជា​អតិបរមា​នូវ​ការ​លំបាក និង​ការ​ប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ និង​អាយុជីវិត​របស់​ប្រជាពលរដ្ឋ ។

ក្នុង​សារាចរ​ណែនាំ​ចុះ​ថ្ងៃ​ទី​០៤ ខែកញ្ញា ឆ្នាំ​២០១៩ ស្តី​ពី​ការ​ត្រៀម​វិធានការ​ទប់ទល់​នឹង​គ្រោះ​ទឹកជំនន់ សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើក​ឡើង​ថា យោង​តាម​ការ​ពិនិត្យ សង្កេត​តាមដាន​ជាប់​ជា​ប្រចាំ​លើ​ស្ថានភាព​អាកាសធាតុ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​បង្ហាញ​ថា ដោយសារ​ឥទ្ធិពល​របស់​ប្រព័ន្ធ​សម្ពាធ​ទាប គួប​ផ្សំ​នឹង​ឥទ្ធិពល​របស់​ព្យុះ​ទី​១៤ ឈ្មោះ កា​ហ្សី​គី និង​ឥទ្ធិពល​នៃ​ខ្យល់មូសុង​និរតី​ខ្លាំង បាន​បង្ក​ឲ្យ​មានការ​ធ្លាក់​ភ្លៀង​យ៉ាង​គំហុក នៅ​ក្នុង​ខេត្ត​មួយ​ចំនួន​របស់​ព្រះរាជាណាចក្រ​កម្ពុជា និង​នៅ​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​របស់​ទន្លេមេគង្គ ក្នុង​ប្រទេស​វៀតណាម ប្រទេស​ថៃ និង​ប្រទេស​ឡាវ​។ ការ​ធ្លាក់​ភ្លៀង​យ៉ាង​គំហុក​នេះ នឹង​ជំរុញ​ឲ្យ​ទឹកទន្លេ​មេគង្គ​ហក់​ឡើង​ខ្ពស់ លឿន និង​ឈាន​ទៅ​ដល់​កម្រិត​មួយ ដែល​បង្ក​ឲ្យ​មានការ​លិចលង់​នៅ​ខេត្ត​មួយ​ចំនួន ដែល​ស្ថិត​នៅ​អម​សងខាង​ទន្លេមេគង្គ​ផ្នែក​ខាងលើ ។

សូម​ជម្រាប​ថា គិត​ត្រឹម​ម៉ោង ៧​ព្រឹក ព្រលឹម​ថ្ងៃ​ទី​០៤ ខែកញ្ញា ឆ្នាំ​២០១៩ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រកាស​ថា ទឹកទន្លេ​មេគង្គ នៅ​ខេត្តស្ទឹងត្រែង បាន​ឡើង​លើស​កម្រិត​កម្ពស់​ប្រុង​ប្រយ័ត្ន​ហើយ ។ ក្នុង​នោះ ថ្ងៃ​ទី​០៨-០៩-១០ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម ទឹកទន្លេ​មេគង្គ នឹង​អាច​កើនឡើង​ដល់​កម្ពស់​លើក​កម្រិត​ប្រកាស​អាសន្ន​។ រីឯ​នៅ​ទន្លេបាសាក់ ចតុមុខ ភ្នំពេញ កម្ពស់​ទឹកនឹង​អាច​កើនឡើង​ដល់​កម្ពស់​ជិត​ដល់​កម្ពស់​ប្រកាស​ឲ្យ​ប្រុង​ប្រយ័ត្ន​។ ដោយឡែក ចំពោះ​កម្ពស់​ទឹកទន្លេ​មេគង្គ​ក្រោម ទន្លេបាសាក់ ទន្លេសាប និង​ទឹក​ក្នុង​បឹង​ទន្លេសាប ក៏​ហក់​ឡើង​ទន្ទឹង​គ្នា​ផង​ដែរ​។ ទន្ទឹម​នោះ ទឹក​នៅ​តាម​បណ្តា​ស្ទឹង​មួយ​ចំនួន ក៏​បាន និង​កំពុង​កើន​ឡើងជា​បន្តបន្ទាប់​ផង​ដែរ ៕