ខេត្តកំពង់ធំ៖ អតីតមន្ត្រី និងសកម្មជននៃអតីតគណបក្សសង្គ្រោះជាតិ ចំនួនបីនាក់ ត្រូវបានសមត្ថកិច្ចប៉ូលិសខេត្តកំពង់ធំ ចាប់ខ្លួន កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៩ ពាក់ព័ន្ធការជេរប្រមាថថ្នាក់ដឹកនាំ ញុះញុងអោយមានការរើសអើង ធ្វើអោយប៉ះពាល់ស្ថិរភាពសន្តិសុខសង្គម។
អតីតមន្ត្រី និងសកម្មជននៃអតីតគណបក្សសង្គ្រោះជាតិ ទាំង៣នាក់ដែលសមត្ថកិច្ចចាប់ខ្លួននោះ ១.ឈ្មោះស៊ុន ប៊ុនថុន អតីតសមាជិកក្រុមប្រឹក្សាឃុំបារាយណ៍។ ២.ឈ្មោះ នូ ភឿន សកម្មជននៅឃុំបារាយណ៍ និង៣.ឈ្មោះ រស់ គឹមសៀង អតីតប្រធានយុវជននៃអតីតគណបក្សសង្គ្រោះជាតិ ខេត្តកំពង់ធំ។


អតីតមន្ត្រី និងសកម្មជននៃអតីតគណបក្សសង្គ្រោះជាតិ ទាំងបីនាក់នេះ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូង ខេត្តកំពង់ធំ កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ ហើយត្រូវបានតុលាការ បញ្ជូនខ្លួនទៅឃុំ ក្នុងពន្ធនាគារខេត្តកំពង់ធំ នាវេលាម៉ោង ៦និង៣០នាទី ល្ងាចថ្ងៃទី២កញ្ញា នោះតែម្ដង ។


ថ្មីៗនេះ អតីតមន្ត្រី និងសកម្មជននៃអតីតគណបក្សសង្គ្រោះជាតិ ទាំង៣នាក់ បានបង្ហោះសារ ជេរប្រមាថសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងរដ្ឋាភិបាល រួមទាំងញុះញុង ឲ្យមានការរើសអើង ធ្វើឲ្យប៉ះពាល់ ស្ថិរភាពសន្តិសុខសង្គម៕