ខេត្តកំពង់ស្ពឺ ៖ បុរស២នាក់បានទិញស្រាចំនួន៥លីត្រមកផឹកប្រកួតគ្នា រកអ្នកខ្លាំង លុះអស់ស្រាស្រវឹងជោកជាំ ក៏នាំគ្នាប្រះខ្លួនដេកក្បែរគ្នា ស្រាប់តែពេលនោះ មានបុរសម្នាក់បានធ្លាយក្រពះក្អួតធ្លាក់ឈាមទាំងដុំៗ រហូតដល់ដាច់ខ្យល់ស្លាប់មួយរំពេចយ៉ាងអាណោចអាធ័ម។
ករណីបុរស២នាក់ភ្នាល់គ្នាផឹកស្រារហូតធ្លាយក្រពះស្លាប់ម្នាក់នេះ បាន បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២ និង១២នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ នៅចំណុចលើគ្រែមុខផ្ទះរបស់ ឈ្មោះមៀច សារ៉ន ភេទប្រុស អាយុ៥២ឆ្នាំ នៅចំណុចភូមិផ្សារសាមគ្គី សង្កាត់កណ្តោលដុំ ក្រុងច្បារមន។
បុរសដែលផឹកស្រារហូតធ្លាយក្រពះក្អួតឈាមស្លាប់នេះ មានឈ្មោះជា ជីហួច ហៅខួច អាយុ៣៦ឆ្នាំ មុខរបរកម្មករសំណង់ មានលំនៅ ក្នុងភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះតែងតែផឹកស្រាជាប់ជាប្រចាំ រហូតដុះមេ។នៅមុនពេលកើតហេតុ ជនរងគ្រោះបានធ្វើដំណើរមកលេងកូនរបស់ខ្លួន នៅចំណុចភូមិឃុំកើតហេតុខាងលើ លុះដល់ម៉ោង៦ព្រលប់ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ ជនរងគ្រោះ និងឈ្មោះមួន សុភាស់ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិផ្សារសាមគ្គី សង្កាត់កណ្តោលដុំ ក្រុងច្បារមន ទិញស្រាចំនួន៥លីត្រមកផឹកតែ២នាក់ ដើម្បីរកអ្នកខ្លាំង រហូតដល់វេលាម៉ោង២និង១២នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ ទើបផឹកស្រាអស់ ហើយពួកគេបានប្រះខ្លួនដេកនៅក្បែរគ្នា។
ប្រភពបន្តថា លុះដល់វេលាកើតហេតុ ស្រាប់តែជនរងគ្រោះឈ្មោះជា ជីហួច មានអាការក្អួតធ្លាក់ឈាមដុំៗជាតាមមាត់ រហូតដាច់ខ្យល់ស្លាប់មួយរំពេច បង្កការភ្ញាក់ផ្អើល និងរាយការណ៍ប្រាប់សមត្ថកិច្ច។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញ បានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព ដោយមានសមាសភាពគ្រូពេទ្យកោសល្យវិច្ឆ័យ និងកម្លាំងជំនាញបច្ចេកទេសផងដែរ រួចបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារធ្លាយក្រពះក្អួតឈាម បណ្តាលមកពីផឹកស្រាច្រើនហួសច្រើនពេក។ បន្ទាប់សមត្ថកិច្ច បានធ្វើកំណត់ហេតុ ប្រគល់សពជនរងគ្រោះជូនក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕