ភ្នំពេញ៖ នៅតំបន់មួយចំនួន ក្នុងខណ្ឌពោធិ៍សែនជ័យ ដាច់ចរន្តអគ្គិសនី ដោយសារមានរថយន្ត បើកបុកបង្គោលខ្សែភ្លើង នេះបើតាមការឲ្យដឹងពី អគ្គិសនីកម្ពុជា នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ១០៖៤៥នាទីព្រឹក។

ដោយអគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ន ពីអនុស្ថានីយទី៨ (GS8-F15 និងF18) ដើម្បីឲ្យក្រុមការងារបច្ចេកទេស ធ្វើការផ្លាស់ប្ដូរបង្គោលខ្សែបណ្ដាញតង់ស្យុងមធ្យម(MV) ដោយសារមានរថយន្តបើកបុកបណ្ដាលឲ្យបាក់ចំនួន០១ដើម កាលពីយប់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១៨៖៤៧នាទីល្ងាច ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនី នៅតំបន់មួយចំនួនស្ថិតនៅ ភូមិស្រែជំរៅ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

អគ្គិសនី កម្ពុជា បានបញ្ជាក់ថា អតិថិជន នឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅមុនវេលាម៉ោង ១៣៖៣០នាទីរសៀល។

អគ្គិសនីកម្ពុជា សូមអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួល ក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕