ព្រៃវែង៖ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែងបានរៀបចំវគ្គបំប៉នប្រធានក្រុមអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាស្ដីពីអនាម័យទឹកស្អាត និងការលើកកម្ពស់អនាម័យក្នុងគ្រាអាសន្ន ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម ឧកញ្ញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា លោកបណ្ឌិត វ៉ា សុភ័ក្រ ប្រធានការិយាល័យ ជំងឺឆ្លង និងមិនឆ្លង ទីស្នាក់ការកណ្ដាលនៃកាកបាទក្រហមកម្ពុជា និង សិក្ខាកាមចូលរួមចំនួន ៣២ នាក់ ដែល ធ្វើនៅព្រឹកថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ២០១៩។

លោកបណ្ឌិត វ៉ា សុភ័ក្រ ប្រធានការិយាល័យជំងឺឆ្លង និងមិនឆ្លងទីស្នាក់ការកណ្ដាលនៃកាកបាទក្រហមកម្ពុជាបាន កោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះក្រុមការងារស្ម័គ្រចិត្តដែលលះបង់កម្លាំងកាយ កម្លាំងចិត្ត កម្លាំងស្មារតី ដើម្បីចូលរួមចំណែកការងារមនុស្សធម៌ដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋ ដែលគាត់ជួបទុក្ខលំបាកនៅតាមទីជនបទ។ ហើយចំពោះខេត្តព្រៃវែង ដែលជាខេត្តមួយ ជាប់ដងទន្លេមេគង្គដូច្នេះនៅរដូវវស្សា ទឹកទន្លេ បានលិចភូមិឋានរបស់គាត់ ដែលធ្វើឲ្យខ្វះខាតទឹកស្អាត សម្រាប់ទទួលទាន និងប្រើប្រាស់ប្រចាំថ្ងៃនេះ។ ហើយថ្ងៃនេះ កាកបាទក្រហមកម្ពុជាបានបើកវគ្គបំប៉នស្ដីពីអនាម័យទឹកស្អាត និងការលើកកម្ពស់អនាម័យក្នុងគ្រាអាសន្ន ក្នុងគោលបំណងពង្រឹងសមត្ថភាពមន្ត្រីនិងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាដើម្បីឆ្លើយតបនៅពេលមានគ្រោះមហន្តរាយ និងត្រៀមលក្ខណៈក្នុងការផ្ដល់សេវាផ្នែកអនាម័យទឹកស្អាតក្នុងគ្រាអាសន្ន ជូនដល់បងប្អូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។

ឯកឧត្តម ឧកញ្ញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា ក៏ថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះស្នាក់ការកណ្ដាលនៃកាកបាទក្រហមកម្ពុជា ដែលបានយក សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែងជាខេត្តគោលដៅសម្រាប់គម្រោងអនាម័យទឹកស្អាតក្នុងគ្រាអាសន្ន ក្នុងការបង្រៀនបំប៉នដល់មន្ត្រីអនុសាខា អ្នកស្ម័គ្រចិត្ត ដែលជាជនបង្គោល ដើម្បី ឲ្យយល់ដឹងកាន់តែច្បាស់ក្នុងការជួយសង្គ្រោះ និងយល់ដឹងអំពី អនាម័យទឹកស្អាតនេះ។

ឯកឧត្តម ឧកញ៉ា ក៏សូមផ្ដាំផ្ញើដល់សិក្ខាកាមដែលជាជនបង្គោលតាមស្រុកគោលដៅនីមួយៗ ចូលរួមអប់រំផ្សព្វផ្សាយបន្តនៅសារគន្លឹះសំខាន់ៗ ក្នុងមេរៀនដែលបានសិក្សារួច ទៅដល់សហគមន៍របស់ខ្លួន ជាពិសេសពេលមានគ្រោះមហន្តរាយផ្សេងៗ ដែលតម្រូវឲ្យមានការចូលរួមជាកម្លាំងស្ម័គ្រចិត្តជួយដល់សហគមន៍រងគ្រោះដោយទឹកជំនន់ គ្រោះរាំងស្ងួត និងតំបន់មានបញ្ហាខ្វះខាតទឹកស្អាតប្រើប្រាស់ជាដើម។

សូមបញ្ជាក់ផងដែថា៖ វគ្គបំប៉នស្តីពី “អនាម័យទឹកស្អាត និងការលើកកម្ពស់អនាម័យក្នុងគ្រាអាសន្ន” ជូនដល់មន្ត្រីសាខា អនុសាខាក្រុង ប្រធានក្រុមអ្នកស្ម័គ្រចិត្ត និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមសរុប ២៨ នាក់ ស្រី ៧នាក់ មកពីស្រុកចំនួន ៦ស្រុក គឺស្រុកពាមរក៍ ពាមជរ កំពង់ត្របែក ពោធិ៍រៀង ពារាំង និងស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ក្រោមការឧបត្ថម្ភថវិកាពីកាកបាទក្រហមជប៉ុន តាមរយៈ សហព័ន្ធអន្តរជាតិ កាកបាទក្រហម អឌ្ឍចន្ទក្រហម ដែលមានរយៈពេល ៣ថ្ងៃ (ពីថ្ងៃទី ០៣-០៥ ខែកញ្ញា ឆ្នាំ២០១៩) នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង។