ខេត្តកណ្តាល៖ បុរសជើងខ្លាំងម្នាក់គ្រាន់តែខឹងប្រពន្ធមិនព្រមទៅទិញថ្នាំឈឺធ្មេញឲ្យលេប ក៏ស្ទុះទៅទាញបន្ទះក្តារកុងផ្លាកកេវាយឲ្យដេកដួលទៅលើដី នៅតែមិនអស់ចិត្ត ក៍ស្ទុះទៅទាត់ធាក់បន្ថែមរហូតសន្លប់ស្តូកស្តឹង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ និង៣០នាទីព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ ត្រង់ចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ។

មន្ត្រីនគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះអ៊ុន សុភី ភេទស្រី ជនជាតិខ្មែរ អាយុ៣២ឆ្នាំ មុខរបរលក់ដំឡូង ។ ចំណែកឯជនសង្ស័យជាប្ដីឈ្មោះសឿង ផាន់ន្នី ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដំឡូង ។ ទាំង២នាក់ស្នាក់នៅបន្ទប់ជួលក្នុងភូមិ.សង្កាត់កើតហេតុខាងលើ ។


ប្រភពដដែលបានបន្តថា មុនពេលកើតហេតុ ជនសង្ស័យជាប្តីបាននិយាយប្រាប់ប្រពន្ធថាខ្លួនឈឺធ្មេញ និងបានដេញឲ្យប្រពន្ធទៅទិញថ្នាំឲ្យលេប តែស្ត្រីជាប្រពន្ធមិនព្រមទៅ រហូតធ្វើឲ្យជនសង្ស័យផ្ទុះកំហិង ស្ទុះទាញបន្ទះក្តារកុងផ្លាកកេវាយទៅលើស្ត្រីរងគ្រោះបណ្តាលឲ្យដេកដួលទៅលើដី តែជនសង្ស័យនៅមិនអស់ចិត្ត បានស្ទុះទៅទាត់ធាក់បន្ថែមរហូតស្ត្រីរងគ្រោះសន្លប់ស្តូកស្តឹងនៅហ្នឹងកន្លែងកើតហេតុតែម្តង។

ក្រោយពេលកើតហេតុ រងគ្រោះត្រូវបានសាច់ញាតិបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ។ រីឯជនដៃដល់ជាប្តីត្រូវបានសមត្ថកិច្ចនគរបាលក្រុងតាខ្មៅ ឃាត់ខ្លួនវាយខ្នោះយកមកសាកសួរ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕