កំពង់ឆ្នាំង ៖ សាច់​កណ្តុរ​ដែល​ពី​មុន​មក​គេ​ខ្ពើម បែរជា​ឥឡូវនេះ ត្រូវ​បាន​គេ​ដឹក​យក​មក​លក់​ស្ទើរតែ​រាល់ថ្ងៃ ជាង​នេះ​សាច់​កណ្តុរ​ត្រូវ​បាន​ក្លាយជា​ទំនិញ​ពិសេស​មួយ ដែល​លក់ដាច់​ណាស់ ដើម្បី​យក​ទៅ​ធ្វើ​ម្ហូប​ប្រចាំ​ថ្ងៃ ឬ​ធ្វើ​ជា​គ្រឿងក្លែម ជា​អាហារ​កំពុង​ពេញ​និយម​ហើយ​អ្នក​ដែល​ខ្ពើម​ក៏​លែង​ខ្ពើម​ដែរ ព្រោះ​ក្លាយជា​សាច់​មាន​ទីផ្សារ ។

ជាក់ស្តែង ស្ត្រី​អ្នក​ទទួល​ទិញ​សាច់​កណ្តុរ​នៅ​កំពង់ទឹក​ផ្សារ​ក្រោម បាន​ប្រាប់​អោយ​ដឹង​ថា ជា​រៀង​រាល់​ព្រឹក គាត់​តែងតែ​មក​ចាំ​ថ្លឹង​ប្រមូល​ទិញ​សាច់​កណ្តុរ ដែល​អ្នក​ភូមិ​នៅ​តាម​ដង​ទន្លេ ដឹក​យក​មក​លក់​ឲ្យ ។ ហើយ​ការ​ប្រមូល​ទិញ​សាច់​កណ្តុរ​នេះ មាន​តែ​ម៉ូយ​ម្នាក់​ប៉ុណ្ណោះ ក្នុង​មួយ​ព្រឹក ដែល​យក​មក​លក់​ឲ្យ​ប្រមាណ​ពី​៧០​គីឡូ ទៅ​១០០​គីឡូក្រាម ។

ស្ត្រី​អ្នក​ប្រមូល​ទិញ​សាច់​កណ្តុរ​ដដែល បាន​បន្ត​ទៀត​ថា សាច់​កណ្តុរ​ស្រស់​នេះ គាត់​ទិញ​ពី​ម៉ូយ​ដឹក​យក​មក​លក់ ក្នុង​មួយ​គីឡូ​តម្លៃ ៦,០០០ ទៅ​៧,០០០​រៀល នៅ​ពេល​គាត់​យក​ទៅ​បោះ​ឲ្យ​ម៉ូយ​បន្ត​លក់​តាម​ផ្សារ និង​កន្លែង​លក់​ផ្សេង​ៗ​ទៀត ក្នុង​តម្លៃ​១០,០០០​រៀល ក្នុង​១​គីឡូក្រាម គ្មាន​«​អេ​»​ទេ ឲ្យ​តែ​មាន​លក់​គឺ​គ្មាន​សល់ ។

ប្រជាពលរដ្ឋ​ដែល​ជា​អ្នករក​ចាក់​សត្វ​កណ្តុរ បានឱ្យ​ដឹង​ថា កណ្តុរ​ដែល​គាត់​ចាក់​យក​មក​លក់​វា​ជា​សត្វ​កណ្តុរ​ត្រូវ​ទឹក​លិច​ព្រៃ ។ នៅ​ពេល​ចេញ​ចាក់​ម្តង​ៗ មាន​គ្នីគ្នា​ពី​៤​ទៅ​៦​ទូក​ពេល​ខ្លះ​សម្បូរ ម្នាក់​ៗ​បាន​១០​ទៅ​២០​គីឡូ​ដែរ នេះ​ជា​មុខរបរ​រួម​ផ្សំ​ពី​ការ​នេសាទ​ត្រី​ទេ ព្រោះ​អ្នកខ្លះ​ទំនេរ​ពី​ការ​ធ្វើស្រែ​ចម្ការ ដើរ​រក​ចាប់​កណ្តុរ ធ្វើ​ឱ្យ​ជីវភាព​ពួក​គាត់​បាន​ធូ​ស្រាល​មួយ​កម្រិត នា​រដូវ​ទឹកទន្លេ​ឡើង ។

សាច់សត្វ​កណ្តុរ​ត្រូវ​គេ​មើលឃើញ​ថា មាន​ដាក់​លក់​នៅ​តាម​ទីផ្សារ ហើយក​ជា​មុខម្ហូប​មួយ ដែល​កំពុង​ពេញ​និយម សម្រាប់​ប្រជាពលរដ្ឋ នៅ​តាម​មូលដ្ឋាន​ផ្សេង​ៗ មិន​ថា អ្នក​នៅ​ក្ន​ង​ខេត្តកំពង់ឆ្នាំង​នោះ​ទេ នៅ​តាម​កន្លែង​ផ្សេង​ៗ​ក្នុង​ប្រទេស​ផង​ដែរ ។

សាច់​កណ្តុរ​ត្រូវ​បាន​អ្នកស្រុក​ភាគច្រើន​ក្នុងភូមិ​ហូប​ស្ទើរ​គ្រប់​រដូវ​ទៅ​ហើយ ប៉ុន្តែ​រដូវ​ដែល​សាច់ កណ្តុរ​ឆ្ងាញ់​គឺ​នៅ​រដូវវស្សា ឬ​អាច​និយាយ​បាន​ថា​រដូវ​ទឹក​ចូល​ព្រែក ។ រដូវ​នេះ​កណ្តុរ​មាន​សាច់ ឬ​ខ្លាញ់​ច្រើន​ធាត់​មូល​នៅ​ពេល​យក​សាច់​វា​អាំង ឬ​ចៀន​ក្រៀម​មាន​ក្លិន​ឈ្ងុយ​មើលទៅ​គួរ​ឲ្យ​ចង់​ហូប ។

សាច់​កណ្តុរ​ភាគច្រើន​ត្រូវ​បាន​ប្រជាជន​ចូល​ចិត្ត​ហូប ដោយសារ​ជា​អាហារ​នេះ​មិន​ប៉ះពាល់​ដល់​សុខភាព​នោះ​ទេ ព្រោះ​ជា​សត្វ​ស៊ី​ស្មៅ ឫស​ឈើ ស្រូវ ផ្លែ​ឈើ​ព្រៃ ដំណាំ​កសិក​ផល​មួយ​ចំនួន​ជា​អាហារ គឺជា​សត្វ​ស្អាត លើកលែងតែ បើ​វា​រស់នៅ​តាម​ភូមិដ្ឋាន គេ​មិន​យក​ធ្វើ​ម្ហូប​ទេ​… អា​ហ្នុ​ង​បាន​គេ​ខ្ពើម ៕