ភ្នំពេញ ៖ កាលពីល្ងាច ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ តារាសម្តែងល្បីឈ្មោះហ្វីលីពីន២ដួង គឺកញ្ញា Kathryn Benardo និងលោក Alden Richards គឺជាតួឯកនៅក្នុងរឿង Hello,Love,Goodbye បានធ្វើដំណើរមកប្រទេសកម្ពុជា ធ្វើជាតារាកិត្តិយសក្នុងចាក់បញ្ចាំរឿងរបស់អ្នកទាំង២ នៅឯរោងកុន Legend Cinema ផ្សារទំនើបស៊ីធីម៉ល បង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់មហាជនជាច្រើន។

កញ្ញា Kathryn បានប្រាប់ថា នៅក្នុងការថតរឿងនោះ(Hello,Love,Goodbye ) វាពិតជាពិបាកខ្លាំងណាស់ ដោយអ្នកដឹកនាំរឿង តម្រូវឲ្យនាងធ្វើការងារសព្វបែបយ៉ាង មិនថាការងារផ្ទះ និងការងារជាច្រើនទៀតដូចជា ជូតកញ្ចាក់ រត់តុ ធ្វើម្ហូប ដុសបង្គន់ ខណៈដែលការងារទាំងនេះ នាងពុំធ្លាប់ធ្វើពីមុនមក ម្យ៉ាងទៀតពេលទៅថតនៅលើទឹកដីហុងកុងនោះ នាងមិនស្រណុកចិត្តទាល់តែសោះ ព្រោះគ្រែដែលនាងគេងនោះ ដែលមិនមែនជាគ្រែរបស់ខ្លួន អាចនិយាយបានថា វាមិនដូចជាផ្ទះខ្លួនឯង ទើបធ្វើឲ្យពិបាកគេងបន្តិច។

នាង Kathryn បញ្ជាក់ថាកម្ពុជា ជាប្រទេសទី៤ហើយ ដែលពួកគេទាំងពីរបានធ្វើដំណើរមកដល់ បន្ទាប់ពីពួកគេបានទៅ សាន់ហ្វ្រាន់ស៊ីស្កូ ប្រទេសឌូបៃ និងសាំងហ្គាពួរ ។ នាងនឹងបន្តការស្នាក់នៅ១ថ្ងៃទៀត ដើម្បីធ្វើដំណើរកំសាន្តនៅក្នុងប្រទេសកម្ពុជា ហើយបើមានឱកាសនាងនឹងមកលេងប្រទេសកម្ពុជាម្ដងទៀត ជាមួយមិត្តប្រុសរបស់នាង គឺលោកDaniel។

ចំណែក លោកAlden បានបង្ហាញពីអារម្មណ៍រំភើបថា លោកពិតជាមោទនភាពខ្លាំងណាស់ដែលបានថតរឿងនេះ ដែលតំណាងឲ្យប្រជាជនហ្វីលីពីនម្នាក់ ដែលចេញទៅរស់នៅប្រទេសផ្សេង ហើយលោកសង្ឃឹមថា រឿងនេះ និងមានការគាំទ្រកាន់តែខ្លាំងឡើង។ តែយ៉ាងណា លោកមានការសោកស្តាយណាស់ ដែលត្រូវចាកចេញពីប្រទេសកម្ពុជា ក្នុងថ្ងៃនេះ ព្រោះលោកមានការរវល់ថត TV show នៅឯប្រទេសហ្វីលីពីន។

ជាចុងបញ្ចប់នៃកម្មវិធី ពួកគេទាំងពីរនាក់ពិតជាអរគុណខ្លាំងណាស់ដល់អ្នកគាំទ្រគ្រប់គ្នា ដែលបានគាំទ្រកន្លងមក ហើយពួកគេបានធ្វើការថតរូបជាមួយហ្វេនដើម្បីទុកជាអនុស្សាវរីយ។

សូមបញ្ជាក់ថា រឿង Hello,Love,Goodbye គឺជាខ្សែភាពយន្តបែបមនោសញ្ចតនា រ៉ូមែនទិក បង្ហាញពីខ្សែជីវិតតស៊ូរបស់តួឯកស្រី ឈ្មោះJoy ដែកបានចាកចេញពីប្រទេសកំណើត មកស្វែងធ្វើការនៅក្នុងទីក្រុងហុងកុង ដើម្បីយកលុយផ្គត់ផ្គង់គ្រួសាររបស់នាងនៅហ្វីលីពីន ដែលជួបនឹងការខ្វះខាត ។ ចំណែក តួឯកប្រុសមានឈ្មោះ Ethan ធ្វើជាអ្នកក្រឡុកស្រានៅបារមួយកន្លែង និងជាតួមនុស្សរឹងរូសផងដែរ។ នៅថ្ងៃមួយ ពួកគេទាំង២បានជួបគ្នា ដោយចៃដន្យ ហើយបានរាប់អានគ្នាជាមិត្តភក្តី។ លុះក្រោយមកមិត្តភាពរបស់តួឯកទាំងបានប្រែក្លាយជាចំណងស្នេហាយ៉ាងផ្អែមល្ហែម និងស្រលាញ់គ្នាកាន់តែខ្លាំងស្ទើរបាត់មុខមិនបាន៕