ខេត្តកណ្តាល៖ យុវជនម្នាក់បើកម៉ូតូបោះពួយយ៉ាងលឿន ហើយខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុកគូទរថយន្តកុងតឺន័រយ៉ាងពេញទំហឹង បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២១និង២៥នាទី ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូម៉ែត្រ៣៣-៣៤ ចំណុចភូមិព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ។

ប្រភពពីកន្លែងបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម សេ125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1U-8743 បើកបរដោយឈ្មោះ កូវ បញ្ញា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល បានបើកបរក្នុងទិសដៅពីអ្នកលឿងទៅភ្នំពេញ បោះពួយយ៉ាងលឿនដូចហោះ។ លុះមកដល់ចំណុចកើតហេតុ ខ្វះការប្រុងប្រ័យត្ន បានបុកពីក្រោយរថយន្ដកុងតឺន័រ ម៉ាក FREIGHTLINER ពណ៌ខ្មៅ ប្រភេទសណ្តោង ពាកស្លាកលេខ ភ្នំពេញ 3D-3049 សណ្តោងសឺមីរ៉ីម៉ក ពាក់ស្លាកលេខ ព្រះសីហនុ 4A-1823 យ៉ាងពេញទំហឹង បណ្ដាលឲ្យយុវជនខាងលើ ស្លាប់នៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម។ ចំណែកអ្នកបើកបររថយន្ដរត់គេចខ្លួនបាត់។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញ ចុះធ្វើការវាស់វែង និងបានប្រគល់សពឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំពោះវត្ថុតាងត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីរង់ចាំធ្វើការដោះស្រាយជាមួយក្រុមគ្រួសារជនរងគ្រោះតាមផ្លូវច្បាប់នៅពេលក្រោយ៕