ស្រាយជ្រាវដោយ ឈឹម សេរីភួន ៖ នៅក្នុងឆ្នាំ១៩១៥ ព្រះមហាក្សត្រស៊ីសុវត្ថិ បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ធ្វើពីធីបួងសួងឲ្យកងទ័ពបារាំង កំពុងធ្វើសង្រ្គាមលោកលើកទី១ ដែលចាប់ផ្តើមកើតមានឡើងនៅឆ្នាំ១៩១៤ នោះ សូមឲ្យមានជ័យជន្នះខ្មាំងសត្រូវ។ ពេលនោះដែរ បារាំងបានកេណ្ឌប្រជាជនវៀតណាម ឡាវ និងខ្មែរ នៅឥណ្ឌូចិន ដែលស្ថិតនៅក្រោមនឹមអាណានិគមរបស់ខ្លួន ឲ្យចូលបម្រើក្នុងជួរកងទ័ពបារាំង និងបានបញ្ជូនពួកគេឲ្យទៅជាច្បាំង នៅប្រទេសបារាំង ។

ព្រះមហាក្សត្រស៊ីសុវត្ថិ

ព្រះមហាក្សត្រស៊ីសុវត្ថិ ប្រសូត នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ១៨៤០ ។ ក្រោយការសោយទិវង្គតរបស់ព្រះមហាក្សត្រ ព្រះបាទនរោត្តម ជាព្រះជេដ្ឋាមក នៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ១៩០៤ ក្រុមប្រឹក្សារាជសម្បត្តិបានជួបប្រជុំ ជ្រើសតាំងព្រះអនុជស៊ីសុវត្ថិ ដែលពេលនោះមានងារជាសម្តេចឧបរាជ ជាព្រះមហាក្សត្រថ្មីបន្តទៀត ។ ព្រះមហាក្សត្រស៊ីសុវត្ថិ សោយទិវង្គត់ ថ្ងៃទី០៩ ខែសីហា ឆ្នាំ១៩២៧ ក្នុងព្រះជន្ម៨៧ វស្សា។
ក្រោយពីព្រះមហាក្សត្រស៊ីសុវត្ថិ សោយទិវង្គត់ ព្រះរាជបុត្រទី៦ និងជាព្រះរាជបុត្រាទី២របស់ព្រះអង្គ ជាមួយអ្នកម្នាង វ៉ាន់ គឺព្រះបាទស៊ីសុវត្ថិ មុនីវង្ស ឲ្យឡើងសោយរាជ្យបន្ត។
ព្រះមហាក្សត្រស៊ីសុវត្ថិ មុនីវង្ស ទ្រង់ព្រះសម្ភពនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ១៨៧៥ ក្នុងរាជាធានីភ្នំពេញ ។

ព្រះមហាក្សត្រស៊ីសុវត្ថិ

ព្រះអង្គបានយាងអមព្រះរាជដំណើរព្រះបាទស៊ីសុវត្ថិ ជាបិតាទៅកាន់ប្រទសបារាំង ។ នៅពេលនោះ ព្រះអង្គបានចូលសិក្សានៅក្នុងសាលាយោធា សាំង-មេសង់(Saint-Maixent)។ ព្រះអង្គបានសិក្សានៅទីនោះរយៈពេល២ឆ្នាំ និងបានឋាន្តរសក្តិជាអនុសេនីយ៍ត្រី នៅក្នុងជួរកងអាសាបរទេសរបស់បារាំង (French Foreign Legion)។ ឆ្នាំ១៩០៩ ព្រះអង្គបានយាងត្រឡប់មកកម្ពុជាវិញ។ ព្រះអង្គត្រូវបានតម្លើងឋាន្តរសក្តិជាអនុសេនីយ៍ទោ (Lieutenant) ក្នុង១៩១០ , Caអនុសេនីយ៍ឯក (Captain) ក្នុង១៩១៦, ជាមេបញ្ជាការកងវរសេនាតូច (Chief of Battalion) ក្នុង១៩២២ ។ ក្នុងអំឡុងសង្គ្រាមលោកលើកទី១ ព្រះអង្គបានបំពេញតួនាទីជានាយទាហានស្ម័គ្រចិត្តយ៉ាងសកម្ម រហូតព្រះអង្គបានទទួលមេដាយពី Cross of Commander of the Foreign Legion និងមានព្រះគោរម្យងារជាសម្តេចព្រះកែវហ្វា។ បន្ទាប់មកព្រះអង្គបានទទួលព្រះតំណែងជា”អគ្គលេខាធិការនៃគណៈរដ្ឋមន្រ្តី” និងជា”អធិបតីនៃក្រុមសង្គហព្រះរាជវង្សានុវង្ស”។

ព្រះមហាក្សត្រស៊ីសុវត្ថិ មុនីវង្ស

ព្រះបាទមុនីវង្ស មានស្រីស្នំប្រមាណ៦០នាក់ ក្នុងនោះមានយ៉ាងតិច៦នាក់ អង្គបានទទួលស្គាល់ជាផ្លូវការក្រោយពីមានបុត្រជាមួយព្រះអង្គ ហើយនៅក្នុងចំណោមស្រីស្នំទាំងនោះ ស្រ្តីស្នំម្នាក់ឈ្មោះ “មាឃ” ជាសមាជិកនៃក្រុមរបាំព្រះរាជទ្រព្យ និងត្រូវជាបងជីដូនមួយរបស់”សាឡុត ស” ដែលក្រោយដូរឈ្មោះជាប៉ុល ពត ដែរនោះ បានទទួលងារជា”ឃុនព្រះម្នាងបុប្ផានរល័ក្ខ មាឃ”។ ក្រោយមក តាមរយៈ”ឃុនព្រះម្នាងបុប្ផានរល័ក្ខ មាឃ”នេះ បងស្រីបង្កើតរបស់”សាឡុត ស ហៅ ប៉ុល ពត”ម្នាក់ ឈ្មោះ សាឡុត រឿង ក៍បានក្លាយជាស្នំម្នាក់ក្នុងចំណោមស្រីស្នំទាំង៦០នាក់របស់មហាក្សត្រស៊ីសុវត្ថិ មុនីវង្ស ដែរ។

ព្រះមហាក្សត្រស៊ីសុវត្ថិ មុនីវង្ស

ព្រះមហាក្សត្រស៊ីសុវត្ថិ មុនីវង្ស សោយទិវង្គត់នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩៤១ ក្នុងព្រះជន្ម៦៥វស្សា នៅលើកំពូលភ្នំបូកគោ។ ក្រោយពីព្រះអង្គសោយទិវង្គត់ទៅ បារាំងបានជ្រើសតាំងសម្ដេចព្រះនរោត្តម សីហនុ ឲ្យឡើងសោយរាជ្យបន្ត នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ១៩៤១។

សម្ដេចព្រះនរោត្តម សីហនុ ក្នុងពិធីឡើងសោយរាជ្យ

នៅក្នុងឆ្នាំ១៩៣៤ ឬ១៩៣៥ “សាឡុត ស ហៅ ប៉ុល ពត” បានមកសិក្សានៅទីក្រុងភ្នំពេញ ដោយរស់នៅក្រោមការគ្រប់គ្រងរបស់អ្នកម្នាងមាឃនេះ រហូតដល់គ.ស.១៩៤២។
ក្រោយពេលបញ្ចប់សង្គ្រាមលោកលើកទី១ ឆ្នាំ១៩១៨ បារាំងក៏បានបញ្ជូនទាហានជាជនជាតិវៀតណាម ឡាវ និងខ្មែរ នៅឥណ្ឌូចិន ឲ្យត្រឡប់មកមាតុប្រទេសវិញរៀងៗខ្លួន នៅក្នុងនោះក៏មានអ្នកបកប្រែភាសាបារាំង-ខ្មែរ ឈ្មោះប៉ាច ឈឺន ម្នាក់ដែ រធ្វើជាអ្នកបញ្ជូនសារ ។ ក្រោយបញ្ចប់អាជីពជាទាហានបារាំង ពេលត្រឡប់មកដល់មាតុប្រទេសវិញ ប៉ាច ឈឺន បានចូលធ្វើការនៅយានដ្ឋានមួយដែលមានឈ្មោះថា “Ctiroen et Peugeot” នៅទីក្រុងភ្នំពេញ ។

លោក ប៉ាច ឈឺន

លោកប៉ាច ឈឺន កើតនៅឆ្នាំ១៨៩៦ ភរិយារបស់លោកឈ្មោះ ឌុក អ៊ុក ជាបងស្រីបង្កើតរបស់លោកសាស្រ្តចារ្យ ឌុក រ៉ាស៊ី។
ចំណែកអតីតទាហានបារាំង ម្នាក់ទៀតឈ្មោះ ឃឹម ទិត ធ្លាប់ទៅធ្វើសង្គ្រាមនៅប្រទេសបារាំង ជាមួយគ្នាដែរ បានចូលបម្រើការងារជាមន្ត្រីបារាំង ហើយបានឡើងបុណ្យសក្តិជាបន្តបន្ទាប់។
ជាមួយគ្នានោះដែរ ក៏មានខ្មែរនៅកូសាំងស៊ីន ម្នាក់ទៀតឈ្មោះ សឹង ង៉ុកថាញ់ កើតនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ១៩០៨ បានសិក្សានៅសាលាបថមសិក្សានៅក្នុងស្រុកកំណើត និងបន្តការសិក្សានៅទីក្រុងព្រៃនគរ រួចហើយក៏បានទៅសិក្សានៅសាលាមធ្យមសិក្សា នៅទីក្រុងម៉ុងប៉ឺលីយ៉េ ប្រទេសបារាំង បន្តទៀត និងបានចូលសិក្សាមហាវិទ្យាល័យច្បាប់ នៅទីក្រុងបារីស បានមួយឆ្នាំ ក៏ត្រឡប់មកកូសាំងស៊ីនវិញ។

លោក ឃឹម ទិត

នៅក្នុងឆ្នាំ ១៩៣៣ សឹង ង៉ុកថាញ់ បានចូលបម្រើការងារជាស្មៀន នៅបណ្ណាល័យជាតិក្រុងភ្នំពេញ មួយរយៈពេលខ្លីមក គាត់បានផ្លាស់ទៅបម្រើការងារជាចៅក្រម នៅសាលាដំបូងខេត្តពោធិ៍សាត់ វិញ ។ បន្ទាប់មកទៀត គាត់បានបម្រើការងារជាព្រះរាជអាជ្ញាសាលាដំបូងក្រុងភ្នំពេញ និងបន្ទាប់មកទៀត ជានាយករងពុទ្ធសាសនបណ្ឌិត្យ។
នៅក្នុងឆ្នាំ១៩៣៦ សឹង ង៉ុកថាញ់ ប៉ាច ឈឺន និងស៊ឹម វ៉ា បានបង្កើតកាសែតជាភាសាខ្មែរជាលើកដំបូងបង្អស់នៅក្នុងប្រទេសកម្ពុជា ឈ្មោះកាសែតនគរវត្ត ។

លោក ស៊ឹម វ៉ា


កាសែតនគរវត្ត បានចុះផ្សាយពីសកម្មភាពនានារបស់ឥស្សរជនខ្មែរ ផ្សព្វផ្សាយឡើងវិញពីខ្លឹមសារទាំងស្រុងស្តីពីបទប្បញ្ញត្តិច្បាប់ និងព្រះរាជក្រិតផ្សេងៗ។ប៉ុ ន្តែ នៅក្នុងអត្ថបទវិចារណកថារបស់ខ្លួន កាសែតនេះបានសរសេរបំផុសប្ររាស្រ្តខ្មែរ ឲ្យមានការភ្ញាក់រលឹកក្នុងការរកស៊ីធ្វើស្រែចម្ការ ពិសេសចេះប្រកបមុខរបររកស៊ីជួញដូរ ដូចពួកអាណិកជនចិន និង វៀតណាម ព្រមទាំងបំផុសឲ្យមានគំនិតជាតិនិយម និងទាមទារឲ្យមានសមភាពគ្នារវាងជនជាតិខ្មែរ និងបារាំង ផងដែរ។

លោក សឹង ង៉ុកថាញ់


នៅក្នុងឆ្នាំ១៩៣៦ ចំនួនប្រជាជនសរុបនៅក្នុងទីក្រុងភ្នំពេញ មានប្រមាណ១០០.០០០នាក់ប៉ុណ្ណោះ ហើយជាងពាក់កណ្តាលនៃចំនួននេះ សុទ្ធតែជាពូកអន្តោប្រវេសន៍ចិន និងវៀតណាម។ ពួកនេះជាអ្នកគ្រប់គ្រងលើសកម្មភាពពាណិជ្ចកម្មតូចធំទាំងអស់ ។ ចំណែកជនជាតិខ្មែរ ប្រមាណ៤៥០០០នាក់ទៀត ភាគច្រើនរស់នៅប្រមូលផ្តុំគ្នានៅជុំវិញព្រះបរមរាជវាំង។
ផ្ទះសម្បែងរបស់ជនជាតិខ្មែរសង់ពីឈើឬ ឫស្សី ខ្ពស់ផុតពីដី ក្នុងទីធ្លាដែលមានដើមចេកដើមស្វាយដុះព័ទ្ធជុំវិញជាលក្ខណៈដូចផ្ទះសម្បែងខ្មែរនៅតាមតំបន់ជនបទដែរ ហើយភាគច្រើនប្រកបមុខរបរជាមន្ត្រីរាជការ ជាអ្នកជួលប្រវាស់ដី និងជាអ្នកសាងផ្នួសក្នុងព្រះពុទ្ធសាសនា ដោយទុកមុខរបររកស៊ីជួញដូរឲ្យពួកអន្តោប្រវេសន៍ចិន វៀតណាម ទាំងស្រុងទៅវិញ។
ជនជាតិវៀតណាម ត្រូវបានអាជ្ញាធរបារាំងលើកទឹកចិត្តឲ្យធ្វើអន្តោប្រវេសន៍ចូលមករស់នៅក្នុងទឹកដីខ្មែរកាន់តែច្រើនឡើងៗ ដោយសារ បារាំងយល់ឃើញថា ពួកនេះមានភាពស្វាហាប់ និងមានចំណេះដឹងខាងភាសាបារាំង ជាងជនជាតិខ្មែរ ព្រមទាំងបានផ្ដល់បុណ្យស័ក្តិមុខដំណែងដល់ជនជាតិវៀតណាមនេះជាច្រើន នៅក្នុងកិច្ចការរដ្ឋបាលរបស់បារាំង ទៀតផង៕