យុវជន២នាក់ជិះម៉ូតូសង់សេរីចាស់ អត់មានភ្លើងបំភ្លឺផ្លូវ ត្រូវបានរថយន្តលុចស៊ីសបុកបណ្តាលឲ្យស្លាប់ទាំង២នាក់ កប់ក្នុងភក់យ៉ាងអាណោចអាធ័ម បង្កអោយមានការភ្ញាក់ផ្អើលកាលពី វេលាម៉ោង ១២ នឹង ៤០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ទល់មុខ សាលាកងរាជអាវុធហត្ថកំបូល ស្ថិតនៅភូមិត្រពាំងគល់សង្កាត់កន្ទោកខណ្ឌកំបូល ។ 

រថយន្តបង្កម៉ាកឡិចស៊ីសRX 300 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AR-4230 បើកក្នុងទិសដៅពីលិចទៅកើត ។ ចំណែកម៉ូតូជនរងគ្រោះ ម៉ាក សង់សេរីចាស់ ពណ៌ក្រហម អត់មាន ស្លាកលេខ ជិះគ្នា២នាក់ ក្នុងទិសដៅពីកើតទៅលិច ស្លាប់ទាំង២នាក់ អត់ទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។ 

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាននិយាយប្រាប់ថា គេឃើញជនរងគ្រោះជិះម៉ូតូសង់សេរីចាស់ ជិះគ្នា២នាក់ ក្នុងទិសដៅពីកើតទៅលិច ម៉ូតូអត់ភ្លើងបំភ្លឺ តែបើកពិលជំនួស នៅពេលមេឃភ្លៀងរលឹមស្រិចផង ជនរងគ្រោះជិះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែឃើញរថយន្តបង្កម៉ាកលុចស៊ីសRX300 បើកបរក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន បានរ៉េចង្កូតទៅផ្នែកខាងឆ្វេងដៃ បណ្តាលឲ្យបុកម៉ូតូជនរងគ្រោះ ចំពីមុខនឹងចំកង់ផ្នែកខាងឆ្វេង បណ្តាលអោយខ្ទាតជនរងគ្រោះ ចូលទឹកនឹងភក់នៅចិញ្ចើមផ្លូវស្លាប់ទាំង២នាក់ភ្លាមៗនៅកន្លែងកើតហេតុភ្លាមៗផងដែរ ។ 

ប្រភពព័ត៌មានបានបន្តទៀតថា ខណៈពេលរថយន្តបង្កបុកម៉ូតូជនរងគ្រោះភ្លាមៗនោះរថយន្តបង្កបានជ្រុលទៅបោកនឹងបង្គោលភ្លើងបំភ្លឺផ្លូវចំពាក់កណ្ដាលរថយន្ត បណ្តាលឲ្យកំពិតរថយន្តផ្នែកខាងស្តាំនិងបាក់អំពូលភ្លើងធ្លាក់រងការខូចខាតចំណែកតៃកុងរថយន្តបង្កខាងលើវិញបានចុះពីលើរថយន្តគេចខ្លួនបាត់ ។ 

ក្រោយពេលកើតហេតុកំលាំងនគរបាលប៉ុស្តិ៍បានមកអន្តរាគមន៍ទាក់ទងទៅជំនាញចរាចរណ៍ភ្លាមៗផងដែរ ដើម្បីស្ទូចយករថយន្តព្រមទាំងម៉ូតូជនរងគ្រោះយកទៅរងចាំការដោះស្រាយថ្ងៃក្រោយ ចំណែកសពត្រូវសមត្ថកិច្ចយកទៅតំកល់នៅវត្តទឹកថ្លារង់ចាំសាច់ ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕